ព័ត៍មានទាន់​ហេតុការណ៏
Search

សំណាង​ណាស់​! អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា ១៥​នាក់​មានឱកាស​ទស្សនា​ការប្រកួត​រវាង Spur ជាមួយ Juventus នៅ​សិង្ហ​បុរី ដោយ​ឥតគិតថ្លៃ

អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា ដែល​មាន​សំណាង​១៥​នាក់ ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ​អាយ​អេ (​ខេ​ម​បូ​ឌា​) ដើម្បី​ទទួលយក​នូវ​ដំណើរ​កម្សាន្ត​ពិសេស​ទៅ​ទស្សនា​ការប្រកួត​បាល់ទាត់​រវាង​ក្លឹប​លី​គ​កំពូល​អង់គ្លេស Tottenham Hotspur (Spurs) ប្រកួត​ជាមួយនឹង​ក្លឹប​ជើងឯក​ប្រចាំ​ប្រទេស​អ៊ីតាលី Juventus នៅ​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩​។

​តាម​ការ​បញ្ជាក់ អ្នកគាំទ្រ​ទាំងនោះ បានចេញ​ដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០១៩ ដើម្បី​ទស្សនា​ការប្រកួត​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ នៃ​ពាន International Champions Cup​។ ការប្រកួត​បាល់ទាត់​ប្រចាំ​ឆ្នាំនេះ មានការ​ចូលរួម​ពី​ក្លឹប​ដែល​មាន​កិត្យានុភាព​បំផុត​លើ​ពិភពលោក ដែល​តែងតែ​ធ្វើឡើង​នៅក្នុង​ទ្វីបអឺរ៉ុប អាមេរិក​ខាងត្បូង ឬ​ទ្វីបអាស៊ី ដូច​នៅក្នុង​ឆ្នាំនេះ​ជាដើម​។

អ្នកគាំទ្រ​ម្នាក់​ដែល​រួម​ដំណើរ​ទៅកាន់​ទីនោះ បាន​លើក​ឡើង​ថា «​ខ្ញុំ​ត្រេកអរ​ណាស់​នៅ​ពេល​ដឹង​ថា ខ្ញុំ​បាន​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​សិង្ហ​បុរី​នេះ​។ វា​ជា​រឿង​កម្រ​ណាស់ ដែល​យើង​អាច​ទទួល​បាន​បទពិសោធន៍​ចូលរួម​ព្រឹត្តិការណ៍​បាល់ទាត់​លំដាប់​ពិភពលោក​ដូចនេះ​។ ដូច្នេះ ខ្ញុំ​សូម​អរគុណ​ដល់ អេ អាយ អេ ចំពោះ​ឱកាស​ដ៏​អស្ចារ្យ​នេះ​។​»

​គួរ​ដឹង​ដែរ​ថា អាច​មាន​ឱកាស​បែបនេះ​បាន​គឺ​ដោយសារតែ អេ អាយ អេ គឺជា​ដៃ​ផ្លូវការ​របស់​ក្លឹប Spurs ដែលជា​ក្លិប​បាល់ទាត់​ដ៏​ល្បីល្បាញ​មួយ​នៅ​ក្នុង​ក្របខណ្ឌ English Premier League​។ ភាគី​ទាំងពីរ​បានដាក់​មូលដ្ឋាន​គ្រូ​បង្វឹក​សម្រាប់​ការអភិវឌ្ឍ​បាល់ទាត់​អន្តរជាតិ​ចំនួន ៣​រូប​នៅ​អាស៊ី ដើម្បី​សហការ​ក្នុង​ការជួយ​កុមារ និង​យុវជន​ឲ្យ​អភិវឌ្ឍ​ជំនាញ​កីឡាបាល់ទាត់ ស្រប​ជាមួយនឹង​ការលើកកម្ពស់​បែបផែន​រស់នៅ​ដោយ​សកម្ម និង​ប្រកបដោយ​សុខភាព​កាន់តែ​ល្អ​។

​កម្មវិធី​នេះ គឺជា​កម្មវិធី​ថ្មី​ចុងក្រោយបង្អស់​ក្នុងចំណោម​គំនិត​ផ្ដួចផ្តើម​ជាច្រើន​ទាក់ទិន​នឹង​កីឡាបាល់ទាត់​ដែល អេ អាយ អេ ខេ​ម​បូ​ឌា និង Spurs បានរៀបចំ​កន្លងមក ហើយ​នឹង​រៀបចំ​បន្ថែម​ទៀត​ជា​បន្តបន្ទាប់​។ ជាក់​ស្តែក ថ្មីៗ​នេះ​ផង​ដែរ​ក៏​មាន​ផ្តល់​អាហារូបករណ៍​ដល់​កុមារ​កម្ពុជា​ចំនួន​២៤នាក់ ក្នុង​កម្មវិធី​អាហារូបករណ៍​បាល់ទាត់​កុមារ​លំដាប់​ពិភពលោក នៅ​ភូ​កេ​ត​ប្រទេស​ថៃ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩​។ កុមារ​ដែល​ទទួល​បាន​អាហារូបករណ៍​នេះ នឹង​ទទួល​ការបណ្តុះបណ្តាល​ដោយ​ក្រុម​គ្រូបង្វឹក Spurs លំដាប់ថ្នាក់​ពិភពលោក លើ​ជំនាញ​បាល់ទាត់ អាហារូបត្ថម្ភ និង​ផ្នត់គំនិត​ចាំបាច់​សម្រាប់​ភាពជោគជ័យ​ផងដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ពាន International Champions Cup ធ្វើឡើង​ស្ទើរតែ​គ្រប់​ទ្វីប​នៅ​ទូទាំង​ប្រទេស ខណៈ​នៅ​សិង្ហ​បុរី នេះ​វិញ​មាន​ក្រុម​ចំនួន ៤​ឡើង​មក​ប្រកួត​ផង​ដែរ រួមមាន Manchester United ជាមួយ Tottenham Hotspur របស់​លី​គ​កំពូល​អង់គ្លេស និង Juventus ជាមួយ Inter Milan របស់​លី​គ​កំពូល​អ៊ីតាលី ធ្វើការ​ប្រកួត​ចំនួន ២​ថ្ងៃ នៅ​ថ្ងៃទី​២០ និង​២១ ខែកក្កដា ឆ្នាំ​២០១៩៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114