ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​ថ្ងៃ​សៅរ៍ ​៖ អាស៊ី​អឺរ៉ុប និង អគ្គិសនី​កម្ពុជា ដណ្តើម​បាន​៣​ពិន្ទុ ខណៈ​បឹងកេត និង​អង្គ​រថា​យ​ហ្គឺ​រ ចែក​ពិន្ទុ​គ្នា

ការប្រកួត​លី​គ​កំពូល​កម្ពុជា សប្តាហ៍​ទី​១៦ នា​ថ្ងៃ​សៅរ៍ ទី​២០ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ បាន​បញ្ចប់​ទៅ​ចំនួន​៣​គូ ដោយ​ក្នុង​នោះ អាស៊ី​អឺរ៉ុប ឈ្នះ សូល​ទី​ឡូ​អង្គរ អគ្គិសនី​កម្ពុជា បំបាក់ យុវជន​សាលា​បាល់ទាត់​ជាតិ ស្រប​ពេលដែល បឹងកេត ស្មើគ្នា​ទល់នឹង​អង្គ​រថា​យ​ហ្គឺ​រ។

បឹងកេត ១-១ អង្គ​រថា​យ​ហ្គឺ​រ
នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​ន​អ៊ែរ​វ៉េ ឃើញ​ថា​បឹងកេត បាន​បើក​ការ​នាំ​មុខ ១-០ មុន​នៅ​នាទី ៣៦ ដោយ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ទាត់​បាល់​ពិន័យ ( Free-Kick ) បង្ក​ការ​ភ្ញាក់ផ្អើល​ដ​ល់​អ្នកគាំទ្រ​ដែល​ទស្សនា​ផ្ទាល់ ហើយ​លទ្ធផល​បន្ត​រហូត​ចប់​វគ្គ​ទី​១​។ ចូល​ដល់​វគ្គ​ទី​ពីរ អង្គ​រថា​យ​ហ្គឺ​រ ព្យាយាម​ដាក់​បន្ទុក​ទៅលើ​តំបន់​គ្រោះថ្នាក់​របស់​បឹងកេត​វិញ ដើម្បី​ទាមទារ​គ្រាប់​បាល់​តាម​ស្មើ​វិញ ហើយ​ទីបំផុត​រក​បាន​គ្រាប់​តាម​ស្មើ នៅ​នាទី ៨២ ដោយ​កីឡាករ តាំង សុភ័ក្ត្រ ។ លទ្ធផល​នេះ បាន​បង្ហាញថា​ ក្រុម​ទាំងពីរ ជួប​គ្នា​ពីរ​ជើង​ក្នុង​រដូវ​កាល​នេះ ដោយ​ស្មើគ្នា​ទាំងពីរ​ជើង។

​សូល​ទី​ឡូ​អង្គរ ០-១ អាស៊ី​អឺរ៉ុប
នៅ​កីឡដ្ឋាន​ស្វាយ​ធំ ខេត្ត​សៀមរាប មាន​គ្រាប់​បាល់​តែ ១​គ្រាប់​ប៉ុណ្ណោះ​កើតឡើង ពោល​គឺ អាស៊ី​អឺរ៉ុប យកឈ្នះ ក្រោយ​កីឡាករ​បរទេស Abdel Kader ស៊ុត​ចូល​នៅ​នាទី ៧៧ ។ ជ័យជម្នះ​នេះ នាំ​ឲ្យ​អាស៊ី​អឺរ៉ុប ឈ្នះ​សូល​ទី​ឡូ ទាំងពីរ​ជើង ខណៈ​បច្ចុប្បន្ន​ពិន្ទុ​របស់​ក្រុម​ទាំងពីរ​ប្រកៀក​ប្រកិត​គ្នា​ហើយ ។ លើសពី​នេះ វា​គឺជា​បរាជ័យ​ទី ៣​របស់ សូល​ទី​ឡូ ក្នុង​ជើង​ទី​២​នេះ ដែលជា​ផល​អវិជ្ជមាន​របស់​ពួកគេ។

យុវជន​សាលា​បាល់ទាត់​ជាតិ ១-៥ អគ្គិសនី​កម្ពុជា
អគ្គិសនី​កម្ពុជា ក្រោយពី​ចាញ់​បឹងកេត ៤-០ ក្នុង​សប្តាហ៍​ទី​១៥​កន្លងមក ឥលូវ​នេះ​ទទួល​បាន​ជ័យជម្នះ​វិញ​ហើយ ក្រោយពី​បំបាក់​យុវជន​សាលា​បាល់ទាត់​ជាតិ ៥ ទល់នឹង ១​។ ៥​គ្រាប់​របស់ អគ្គិសនី​កម្ពុជា សម្រេចបាន​ពី​ការ​សហការ​គ្នា​យ៉ាង​ល្អ របស់​កីឡាករ ឈឿង វិ​ស៊ី​នុ​, ម៉ៅ ប៊ុន ចន្ថា​, មួន ណា​រ៉ា​, ណុប ដេវីត និង ចន្ថា ចន្ទាកា ម្នាក់​១​គ្រាប់ ខណៈ​ដែល​១​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ រកបាន​ដោយ​កីឡាករ អ៊ា​ន ពិសី នៅ​នាទី ១៤។

នៅ​មិនទាន់​ចប់​នោះ​ទេ ​សម្រាប់​សប្តាហ៍​ទី១៦ ដោយ​នៅ​ថ្ងៃអាទិត្យ ទី​២១ ខែកក្កដា មាន​៤​គូ​ផ្សេងទៀត គឺ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ទទួល ណាហ្គា​វើ​ល​, ខេត្តកំពង់ចាម ជួប ក្រសួងការពារជាតិ​, ព្រះខ័ន​រាជ​ស្វាយរៀង ជួប​ប្រកួត​ជាមួយ គិរីវង់​សុខ​សែន​ជ័យ និង​គូ​ពិសេស វិសាខា ជួប ភ្នំពេញ​ក្រោ​ន៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114