ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​សមត្ថកិច្ច​ចម្រុះ ​ចុះ​បង្ក្រាប​ និង​រឹបអូស​ឈើ​ប្រណីត​ ដែល​ឈ្មួញ​ទុច្ចរិត​យក​មក​លាក់​ទុក

រតនគិរី ​៖​ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ កម្លាំង​ស្នាក់ការ​សន្តិសុខ​៧៨២​សរុប​ចំនួន​១១​នាក់ ​ដែល​​ដឹកនាំ​កម្លាំង​ដោយ​លោក​អនុសេនីយ៍ឯក សេង កុសល មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក ដោយ​មាន​ការចូលរួម​ពី​លោក រ​ចំ ហ្វា អភិបាលរង​ស្រុក សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​១​នាក់​និង​កម្លាំង​អធិការនគរបាល​ស្រុក​ចំនួន​៤​នាក់ បាន​ចុះ​រឹបអូស​គំនរ​ឈើ​ ដែល​ក្រុម​ឈ្មួញ​ទុច្ចរិត​បាន​ដឹកជញ្ជូន​យក​មក​ទម្លាក់​ទុកចោល។

ការ​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ឈើ​ខាង​លើ​នេះ ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​ត្រង់ចំណុច​និយាម​កា​( ០៧៥៧១៩៤-១៥១៩៩៩៧) ស្ថិតនៅក្នុង​ភូមិសាស្ត្រ ភូមិ​សោម​គល់ ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី រីឯ​ម្ចាស់​ឈើ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ។

សមត្ថកិច្ច​ ដែល​ចុះ​បង្ក្រាប ​បាន​ឲ្យ​ដឹង​ថា ក្នុង​នោះ​ដែរ​មាន​ឈើ​ប្រភេទ​លេខ​២ ផ្ដៀក​ចំនួន​១០​កំណាត់ និង​ឈើ​ប្រភេទ​លេខ​១ ផ្ចឹក ចំនួន​៦​កំណាត់ ហើយ​សមត្ថកិច្ច​មិន​ទាន់​បាន​ធ្វើការ​វាស់វែង​នៅឡើយ​ទេ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​អូ​រយ៉ា​ដាវ​ បាន​បង្ហើប​ឲ្យ​ដឹងថា ការ​ជំនួញ​ឈើ​ប្រណីត​មួយ​នេះ មិនមែន​ប្រជាពលរដ្ឋ​ធ្វើទៅបាន​នោះទេ​? គឺមាន​តែ​សមត្ថកិច្ច​មួយចំនួន​តូច​នៅក្នុង​នេះ ដែល​បាន​រក​ស៊ី​ដឹកឈើ​នេះ បើ​ប្រជាពលរដ្ឋ​មិនមាន​ខ្សែស្រឡាយ​អ្នកធំ​ និង​អ្នកមានអំណាច​នៅ​ពីក្រោយ​ខ្នង​មិនអាច​ធ្វើទៅ​រួម​បាន​នោះឡើយ។

ក្រោយ​ការចុះ​បង្ក្រាប​ និង​រឹបអូស​វត្ថុតាង​ឈើ​ខាងលើនេះ ​សមត្ថកិច្ច​បាន​ដឹកជញ្ជូន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ ដើម្បី​រង់ចាំ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មក​ទទួល យក​ចាត់​ការបន្ត​ទៅតាម​នីតិវិធី​ច្បាប់៕

ដោយ ៖ វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114