ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​ខេត្ត​ក្រចេះ​ ឃុំខ្លួន​មេខ្យល់ ​ដែល​បញ្ជូន​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ចិន

ក្រចេះ ​៖ ​តុលាការ​ខេត្តក្រចេះ នៅ​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដាក់ពន្ធនាគារ​ដើម្បី​បើក​កា​រ​ស៊ើប​សួរ​ពាក់ព័ន្ធ​ករណី​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន។​

ជន​ត្រូវ​ចោទ​ឈ្មោះ ជឹម ចាន់ថា អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ពងទឹក ឃុំ​រកា​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។ ជនជាប់ចោទ​ត្រូវបាន​លោក កែវ សុជាតិ ព្រះរាជអាជ្ញា អយ្យការ អម​សាលាដំបូង​ខេត្តក្រចេះ​បញ្ជា​អោយ​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ ២០១៩ ដោយ​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តក្រចេះ ​ដោយមាន​ការសហការ​គ្នា រវាង​សមត្ថកិច្ច​ជំនាញ​ខេត្ត​ត្បូងឃ្មុំ បាន​បើក​ធ្វើការ​ស៊ើបអង្កេត ​និង ស្រាវជ្រាវ​ឈានទៅ​បង្ក្រាប​ករណី​ជួញដូរ​និង​នាំ​នារី​ខ្មែរ​ទៅ​លក់​ឲ្យ បុរស​ជនជាតិ​ចិន​នៅឯ​ប្រទេស​ចិន​ដោយ​ខុសច្បាប់។

តាម​ចម្លើយ​ជនជាប់ចោទ​ បាន​សារភាព​ថា​ កន្លងទៅ​ ពួកគេ​បាន​បញ្ជូន​នារី​ខ្មែរ​ច្រើន​នាក់​ ដែល​ស្ម័គ្រចិត្ត​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​ដើម្បី​ទៅ​រស់នៅ​ប្រទេស​ចិន ដោយ​ពួកគេ​បាន​ទទួល​កម្រៃ​ជើងសា​មួយចំនួន​ដែរ៕

ដោយ ៖ មករា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114