ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ចិន​១៨​នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ​VOIP ត្រូវ​បញ្ជូន​ទៅកាន់​អគ្គស្នងការ​ជាតិ​ចាត់ការ​បន្ត

កំពង់ស្ពឺ ៖​ ជនជាតិ​ចិន​១៨​នាក់​ ដែល​សំងំ​លាក់ខ្លួន​ក្នុង​ទីតាំង​ចំការ​ស្វាយ​មួយកន្លែង ធ្វើ​សកម្មភាព​ចាប់ជំរិត​តាម​ប្រព័ន្ធ​VOIP ត្រូវបាន​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ប្រតិបត្តិការ​បង្ក្រាបបាន​បញ្ជូន​ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ​ដើម្បី​ចាត់ការ​បន្ត​។​

មន្ត្រី​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ បាន​ឱ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ​ ជនជាតិ​ចិន​ទាំង​១៨​នាក់ ​​ក្រោយ​ការ​បង្ក្រាប​របស់​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ដឹកនាំ​ដោយ​លោក ខៃ ស​ម្ជ​ស្ស ព្រះរាជអាជ្ញា​រង អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​លោក​ឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង​ខេត្ត​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី។

សូម​រំឭកថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ​​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ កន្លងមកនេះ​កម្លាំង​នគរបាល​បាន​ចូល​ឆែកឆេរ​ទីតាំង​ដីចំការ​ស្វាយ​ឃ្លាំង​ប្រក់​ស័ង្កសី​ទំហំ ៤០​ម៉ែត្រ​​គុណ ១០០​ម៉ែត្រ​ស្ថិតនៅ​ភូមិ​ចា ឃុំ​ស្វាយចចឹប ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ រកឃើញ​មនុ​ជនជាតិ ចិន​១៨​នាក់ សញ្ជាតិ តៃវ៉ាន់ ១២​នាក់ និង​សម្ភារៈ​ឧបករណ៍​បច្ចេកទេស​គ្រឿង​បំពាក់​Wifi កាមេរ៉ា​សុវត្ថិភាព​, ម៉ាស៊ីន​កុំព្យូទ័រ ០៦​គ្រឿង​, ម៉ាស៊ីន​ភ្ជាប់​ដុំ​Wifi ០៤​គ្រឿង​, ទូរស័ព្ទ​ចល័ត​ដាក់​​លើ​តុ​ខ្សែ ៣៣​គ្រឿង​, ទូរស័ព្ទដៃ​ប្រភេទ​ចម្រុះ ៣៣​គ្រឿង​, អាយ​ផេ​ត ៤​គ្រឿង​, ម៉ាស៊ីន​សឺ​វឺ មួយ​ឈុត អង់​តែ​ន​ទាញ​សេវា​ទូរស័ព្ទ​, ឡាំង​ក្រដាស​បិទ​ស្នោ​​ការពារ​សំឡេង​រំខាន​ដាក់​លើ​តុ ចំនួន​២០ , ម៉ាស៊ីនភ្លើង​កម្លាំង 150LS ០២​គ្រឿង​រួមទាំង ឯកសារ​ភស្តុតាង​ភាសា​ចិន មាន​រូបថត​ជនជាតិ​ចិន​, ឯកសារ​ផ្ទេរ​ប្រាក់​តាម​ធនាគារ​, ឯកសារ​ភស្ដុតាង​រួមផ្សំ​មួយចំនួន​ជា​ច្រើន​ទៀត។

ដោយមាន​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​ក្រឡាហោម សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួល​ផែន​សន្ដិសុខ និង​មាន​កិច្ចសហការ​ពី​នគរបាល​ចិន ជនជាតិ​ចិន​ទាំង​១៨​នាក់ បាន​សម្រេច​បញ្ជូន​ខ្លួន​រួមជាមួយ​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​ឆបោក​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា VOIP ទៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ​ដើម្បី​ដំណើរការចាត់ការ​តាម​នីតិវិធី​បន្ដ​ជាមួយ​ភាគី​នគរបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា​ ដីចំការ​ស្វាយ​ដែល​ក្រុម​ជនជាតិ​ស្នាក់នៅ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ជា​កម្ម​សិទ្ធិ​របស់លោក ហេ ជីវ​អេង ជា​មេធាវី បាន​ជួល​ទៅ​អោយឈ្មោះ រ័ត្ន ពិ​ន្ទ ជា​តំណាង​ឈរឈ្មោះ​អោយ​បុគ្គល​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​ក្នុងតម្លៃ ២២០០០​ដុល្លារ​អាមេរិក​។

បច្ចុប្បន្ន​ជំនាញ​ខេត្ត​ស្នើ​សុំ​កិច្ច​ចង្អុល​ការ​ក្នុង​ការដឹកនាំ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​នឹង​ករណី​ដែល​ផ្ដល់​ទីតាំង​អោយ​ជនជាតិ​ប្រ​ព្រឹ​ត្ដ​បទល្មើស​​​នៅ​ចំណុច​ខាង​​លើ ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន​៕​

ដោយ ៖ រដ្ឋ​ឋានៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114