ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​ខេត្ត​រតនគិរី​ ដុត​កម្ទេច​រថយន្ត​បា​កុង​មួយ​គ្រឿង​ក្នុង​ស្រុក​កូន​មុំ

រតនគិរី ​៖​​ ​រថយន្ត​បា​កុង​១​គ្រឿង​លាក់​នៅ​ក្បែរ​ក្រុមហ៊ុន​S.K​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រទះ​ឃើញ​ ចុះ​ឡោមព័ទ្ធ​ដុត​កម្ទេច​ចោល​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០១៩។

សមាសភាព​ក្នុង​ប្រតិបត្តិ​ការ​ដុត​រថយន្ត​បា​កុង នោះ រួមមាន ៖ កម្លាំង​អាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក កម្លាំង​សឹក​រង​ស្រុក កម្លាំង​បរិស្ថាន និង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក ក្រោម​ការសម្របសម្រួល​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ផងដែរ​។​

មជ្ឈដ្ឋាន​ទូទៅ បាន​លើកឡើងថា ពាក់ព័ន្ធ​នឹង​រថយន្ត​បា​កុង​ខាងលើនេះ កន្លងមក​គេ​សង្កេតឃើញ​រថយន្ត​បា​កុង​មួយគ្រឿង​នេះ ជា​មធ្យោបាយ​បម្រើ​ផលប្រយោជន៍​ឲ្យ​ក្រុមហ៊ុន​S.K(​ឥណ្ឌា​)​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ហ៊ុ​ប ដែល​លួច​កាប់​នៅក្រៅ​តំបន់​ផ្សេងៗ​ក្នុងព្រៃ​សហគមន៍​ក្រៅ​បរិវេណ​ដែល​ក្រុមហ៊ុន​មួយ​នេះ​គ្រប់គ្រង ហើយ​ដឹក​ចូលមកក្នុង​ក្រុមហ៊ុន​ស្តុក​ទុក​ដើម្បី​អារច្រៀក​នៅក្នុង​ក្រុមហ៊ុន​ក្រសោប​(PC)​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ផ្លូវ​៥/៦ និង​វ៉េ​អង​ជាដើម​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន។

សកម្មភាព​នេះ គេ​សង្កេតឃើញ​ជា​យូរ​ឆ្នាំ​មកហើយ ដោយ​ពុំមាន​ស្ថាប័ន​សមត្ថកិច្ច​ជំនាញ​ផ្នែក​ណាមួយ​ហ៊ាន​បើកភ្នែក​មើល​សោះឡើយ។

តាម​ប្រភពពី​មហាជន​ដែល​ដើរ​ឆ្លងកាត់​ក្នុង​ក្រុមហ៊ុន​S.K(​ឥណ្ឌា​)​មួយ​នេះ បាន​បង្ហើប​ខ្សឹប​ឲ្យ​ដឹង​ថា នៅក្នុង​ក្រុមហ៊ុន​នេះ មាន​គំនរ​ឈើ​ចាស់​សល់​ពី​យូរ​ណាស់​មកហើយ រាប់រយ​កំណាត់​សឹងតែ​ចង់​ពុកផុយ​ហុយ​ទ្រលោម​អស់ហើយ គ្រាន់​ដាក់តាំង​ជា​រូបភាព​ទុកជា​និម្មិត​សញ្ញា​ដើម្បី​បំភ័ន្ត​ភ្នែក​មហាជន​មើលឃើញថា ខ្លួន​អារច្រៀក​ឈើ​ចាស់ៗ ចង់​បញ្ជាក់ថា ខ្លួន​អារច្រៀក​ឈើ​នោះ​ដប់ឆ្នាំ​ទៀត​ក៏​មិនចេះ​អស់​ទេ​។ តែ​ធាតុពិត​គេ​អារច្រៀក​ឈើ​ថ្មី​សុទ្ធសាធ​ដែល​លួច​ចូល​កាប់​ពី​តំបន់​ផ្សេងៗ​ក្រៅពី​ក្រុមហ៊ុន និង​ស៊ុមគ្រលុំ​ជាមួយ​ជំនាញ​មេព្រៃ​ស្រុក​កូន​មុំ​ឲ្យ​ចុះ​ត្រួតពិនិត្យ​ម្ដងម្កាល​នៅលើ​ក្រុមហ៊ុន​S.K​មួយ​នេះ​។​

ប៉ុន្តែ​មកដល់​បច្ចុប្បន្ននេះ​ដោយសារ គណៈកម្មាធិការ​ថ្នាក់ជាតិ ​បាន​ប្រើ​វិធានការ​ក្តៅ​គកុក​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ទូទាំង​២៥​គ្រប់​ខេត្ត​ក្រុង​ឲ្យ​ទប់ស្កាត់​និង​បង្ក្រាប​ដុត​កម្ទេច​ចោល​នូវ​មធ្យោបាយ​ដឹក​បទល្មើស​ដោយ​ខុសច្បាប់​ដូច​រថយន្ត​បា​កុង​នេះ​ជាដើម ទើប​នៅតាម​បណ្តា​ក្រុមហ៊ុន​នីមួយៗ​មានការ​ភ័យខ្លាច​ជម្លៀស​រថយន្ត​បា​កុង​១​នេះ​ចេញ​ឲ្យ​ផុត​ពី​ក្រុមហ៊ុន​ទុក​លាក់​សិន​។​

ពាក់ព័ន្ធ​នឹង​ករណីនេះ លោក រស់​វណ្ណា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា​នេះ​ថា ក្រុមហ៊ុន​S.K គេ​មានច្បាប់​ត្រឹមត្រូវ ដោយមាន​មេការ​ឈ្មោះ​សម្បត្តិ ជា​អ្នកទទួលខុសត្រូវ មើល​ការងារ​ក្នុង​ក្រុមហ៊ុន​S.K​។ បញ្ហា​រថយន្ត​បា​កុង​ដែល​ត្រូវ​ដុតចោល​នេះ​លោក​ក៏​មិន​ច្បាស់​ដែរ​ថា វា​ចេញ​មកពីណា​ទេ​? មក​លាក់​ក្បែរ​ក្រុមហ៊ុន លោក​អនុវត្តតាម​បទបញ្ជា​ពី​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា មតិ​មហាជន តែង​ទទូច​ស្នើសុំ​ទៅ​គណ​:​បញ្ជាការ​ថ្នាក់ជាតិ​មេត្តា​ចុះ​ត្រួតពិនិត្យ​ពី​សកម្មភាព​ប្រព្រឹត្តិ​បទល្មើស​របស់​ក្រុមហ៊ុន​S.K(​ឥណ្ឌា​)​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី តើ​បើ​ក្រុមហ៊ុន​មានច្បាប់​ត្រឹមត្រូវ​នោះ ចុះ​ហេតុអ្វី​ពុំ​ឃើញ​អនុវត្ត​ទៅតាម​ច្បាប់ បែរ​ជាមាន​រថយន្ត​បា​កុង និង​រថយន្ត​យី​ឌុប​វ៉េ​អង រត់ចេញ​រត់​ចូលក្នុង​ក្រុមហ៊ុន​នេះ​៕

ដោយ ៖ វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114