ព័ត៍មានទាន់​ហេតុការណ៏
Search

តំណាង​របស់​លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ថា ដើម្បី​ធានា​គុណភាព​អប់រំ ​ការអប់រំ​ត្រូវ​ផ្សាភ្ជាប់​ជាមួយ​មាតាបិតា​សិស្ស

​កណ្តាល ៖ លោក ប្រាក់ កុសល ប្រធាន​នាយកដ្ឋាន​អប់រំ​កុមារ​តូច តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងថា ដើម្បីឱ្យ​ការបណ្តុះបណ្តាល​អប់រំ​កុមារ​មានគុណ​ភាពល្អ សាលា​នីមួយៗ​ត្រូវ​យកចិត្តទុកដាក់​ផ្សាភ្ជាប់​ជាមួយនឹង​ការបណ្តុះបណ្តាល​អប់រំ​មាតាបិតា អាណាព្យាបាល​សិស្ស​ផងដែរ​។​​

​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែង​បែបនេះ​ នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ឆ្នាំ​សិក្សា​កម្រិត​ថ្នាក់​មតេយ្យ​មូលដ្ឋាន ២០១៨-២០១៩ ដល់​សិស្សានុសិស្ស​ចំនួន​៩៦​នាក់ និង​សម្ពោធ​អគារសិក្សា នា​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា​នេះ​ នៅ​មជ្ឈមណ្ឌល​សហគមន៍​អាយ​លី​ដ ដែល​មាន​ទីតាំង​ក្នុង​បរិវេណ​វត្ត ឱង្កា​រាម ភូមិ​ក្រាំង​យ៉ូ​វ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។​

លោក ប្រាក់ កុសល បាន​បញ្ជាក់ថា គ្រូ​មតេយ្យ​អប់រំ និង​មាតាបិតា​សិស្ស​ត្រូវ​អង្គុយ​ជាមួយគ្នា​។ មានន័យថា​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ឬមួយ​ខែម្តង យើង​ត្រូវ​អញ្ជើញ​មាតាបិតា​សិស្ស​មក​ជជែក​គ្នា​ម្តង ដើម្បី​អប់រំ​មាតាបិតា អាណាព្យាបាល​សិស្ស​លើ​ប្រធានបទ​ណាមួយ ទាក់ទង​ចំណេះដឹង​អាហារូបត្ថម្ភ និង​អនាម័យ​ជាដើម​។ ធ្វើ​យ៉ាងនេះ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សាមគ្គីភាព​ជាមួយគ្នា​រវាង​មាតាបិតា​សិស្ស និង​គ្រូ​ផង ក៏ដូចជា​ជួយ​លើកកម្ពស់​ការយល់ដឹង​ដល់​ពួកគាត់​ទាក់ទង​អំពី​របៀប​ថែទាំ​អប់រំ​កូនចៅ​នៅក្នុង​គ្រួសារ​ឱ្យបាន​ល្អ​ផងដែរ​។

លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​គម្រោង​អប់រំ​កុមារ​តូច ដែល​សម្របសម្រួល​ដោយ​ក្រុមការងារ​របស់​អង្គការ អេ​ដ អេ អាក់​ស្យុ​ង និង​សាលា​អាយ​លី​ដ​អន្តរជាតិ ក្នុង​ការជួយ​រៀបចំ​និង​ដំណើរការ​សាលា​មតេយ្យ​សហគមន៍​នៅ​តំបន់​ក្រាំង​យ៉ូ​វ​នេះ​បានល្អ ដែល​រហូតមក​ដល់ពេលនេះ​មាន​សាលា​សហគមន៍​ចំនួន ៨​សាលា​សហគមន៍ និង​មាន​ក្មួយៗ​កុមារ​តូច​ចំនួន ៩៦​នាក់ បានទទួល​វិញ្ញាបនបត្រ​បញ្ចប់​ឆ្នាំ​សិក្សា​២០១៨-២០១៩ ដើម្បី​ត្រៀម​ចូលរៀន​ថ្នាក់​១ នៃ​សាលាបឋមសិក្សា​បន្ត សម្រាប់​ឆ្នាំ​២០១៩-២០២០​ខាងមុខ​។ សង្ឃឹមថា​ក្រោម​ការខិតខំ​របស់​សាលា​អេ​លី​ដ​អន្តរជាតិ នៃ​សហគ្រាស​សង្គម អេ​លី​ដ ដើម្បី​អង្គការ​អេ​ដ អេ អាក​ស្យុ​ង នឹង​ធ្វើឲ្យ​ទំនាក់ទំនង​សាមគ្គីភាព​រវាង​សិស្ស​និង​មាតាបិតា​សិស្ស​នៅ​សហគមន៍​ទីក្រុង ជាមួយ​សិស្ស​និង​មាតាបិតា​សិស្ស​នៅ​សហគមន៍​ជនបទ​កាន់តែ​ខិត​នៅ​ជិតគ្នា​។​

​​អ្នកស្រី នាម និ​ច ឡក​ឆ្លី​ន នាយិកា​សាលា​អាយ​លី​ដ​អន្តរជាតិ​ថ្លែងថា នៅ​កម្ពុ​ជាមាន​កុមារ​ជាង ៧០% ដែល​មិនទាន់​បានទទួល​ការអប់រំ​បានល្អ​ប្រសើរ​។ ទាំងនេះ​បណ្តាលមកពី​មាន​បញ្ហា​ខ្លះៗ ដូចជា បញ្ហា​អនាម័យ បញ្ហា​ទឹកស្អាត បញ្ហា​ស្នាក់នៅ ក៏​ដូច​បញ្ហា​សាលារៀន​ជាដើម​។ ដូច្នេះហើយ​បានជា​ក្រុមការងារ​នៃ​អង្គការ​អេ​ដ អេ អាក​ស្យុ​ង សហគ្រាស​សង្គម​អាយ​លី​ដ​ដើម្បី​ការអប់រំ មាន​សាលា​អាយ​លី​ដ មាន​មជ្ឈមណ្ឌល​អា​លី​ដ រួមសហការ​គ្នា​ដើម្បី​ធ្វើការ​អប់រំ​កុមារ​តូចៗ​កាន់តែ​ល្អ ​និង​ប្រសើរ​ជាង​មុន​។ ថ្ងៃនេះ​យើង​មាន​កុមារ​តូច ៩៦​នាក់ បានទទួល​វិញ្ញាបនបត្រ​បញ្ចប់​ឆ្នាំ​សិក្សា​មតេយ្យ​២០១៨-២០១៩ ឈានចូល​បឋមសិក្សា​ប​ន្ត​។ នេះ​ជា​សិទ្ធិ​កុមារ​ទាំងអស់​ដែល​ត្រូវ​ទទួល យើង​ទទួលបាន​ការអប់រំ​ទាំងអស់គ្នា ហើយ​ការអប់រំ​សំដៅ​លើ​អនាគត​របស់​កុមារ ដូច​នៅ​ពេលដែល​កុមារ​ទទួល​បញ្ចប់​ការសិក្សា​នាពេលនេះ គាត់​នឹង​ទទួល​បាន​ការអប់រំ​នា​ពេល​អនាគត​បន្តទៅទៀត​។

អ្នកស្រី​បន្ថែមថា នេះ​ជា​លើកដំបូង​ហើយ​សម្រាប់​កុមារ​ជនបទ​ក្រាំង​យ៉ូ​វ បានបញ្ចប់​មតេយ្យ​សិក្សា​ចូលទៅ​បឋមសិក្សា ហើយ​ឆ្នាំក្រោយៗ​ពួកគាត់​នឹង​ទទួល​ការសិក្សា​ជា​បន្ត​ទៅមុខទៀត គឺ​ទទួល​ការអប់រំ​ដោយមាន​ការរៀនសូត្រ មានការ​សប្បាយរីករាយ​ចូលរួម​ក្នុង​ការលេង​ជាមួយនឹង​កម្មវិធី​រប​ស់​សាលា​អាយ​លី​ដ​អន្តរជាតិ​៕

ដោយ ៖ សុង​យោ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114