ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​ដឹកនាំ​ក្រុមការងារ​ ​ចុះ​ទៅ​ពិនិត្យ​តាមដាន​ការងារ​បង្កបង្កើនផល និង​ស្ថានភាព​គ្រោះ​រាំងស្ងួត​នៅ​ខេត្ត​សៀមរាប

​សៀមរាប ​៖ ​ចូល​ដល់​ថ្ងៃ​ទី​២​ហើយ​ នៃ​ដំណើរ​ចុះ​មក​បំពេញបេសកកម្ម​របស់​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ត្រូវ​ដឹកនាំ​ក្រុមការងារ​កាន់​ខេត្ត​នៅ​ជាប់​បឹង​ទន្លេសាប​មាន​ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ ដើម្បី​ពិនិត្យ​តាមដាន​ការងារ​បង្កបង្កើនផល និង​ស្ថានភាព​គ្រោះ​រាំងស្ងួត។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ​៤​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី និង​សហការី​ បាន​ចុះ​មក​ពិនិត្យ មើល​ស្ថានភាព​គ្រោះ​រាំងស្ងួត​នៅ​ភូមិ​វាល ឃុំ​ដា​រុន ស្រុក​សូត្រ​និគម ខេត្ត​សៀមរាប។

តាម​របាយការណ៍​រប​ស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា គិត​មក​ត្រឹម​ថ្ងៃទី​១៩ ខែកក្កដា ការងារ​ដក​ស្ទូង​ទូទាំង​ខេត្ត​សម្រេច​បាន​ជាង ១៤១​ពាន់​ហិកតា ស្នើ​នឹង​៧៥,៧៧% នៃ​ផែនការ​ជាង ១៨៦​ពាន់​ហិកតា​។ ដោយសារ​អាកាសធាតុ​ក្តៅ​ហួតហែង​បានអូសបន្លាយ​ពេល​យូរ​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណាំ​ស្រូវ​ក្នុងស្រុក​ក្រឡាញ់ ស្រុក​ស្រីស្នំ ស្រុក​ពួក និង​ស្រុក​សូត្រ​និគម សរុប​ជិត ៥​ពាន់ ហិកតា​។ ដោយឡែក ស្រុក​សូត្រ​និគម​មាន​ផ្ទៃដី​ជាង​១៧០​ហិកតា​ កំពុង​ប្រឈម​បញ្ហា​ខ្វះ​ទឹក ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ មុន​តំបន់​នេះ​ មាន​ភ្លៀង​ធ្លាក់​តិច​តូច បណ្តាល​ឲ្យ​សន្ទូង​អាច​រស់​ឡើងវិញ​បាន​ខ្លះ ហើយ​សង្ឃឹមថា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់។

នៅ​ពេល​ចុះ​ពិនិត្យ​ស្ថានភាព​បង្កបង្កើនផល​របស់​ប្រជាកសិករ​នោះ ​ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ត្រៀម​ពូជ​ទុក​បម្រុង​សម្រាប់​ចែកជូន​កសិករ ជាពិសេស​នៅ​តំបន់​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។ មន្ទីរ​ត្រូវ​ចុះមក​តាមដាន​នៅ​គ្រប់​តំបន់ រង​ផលប៉ះពាល់​ដើម្បី​រិះ​រកម​ធ្យោបាយ​ដោះស្រាយ​បញ្ហា​ជូន​កសិករ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ដូចជា​ជួយ ឧបត្ថម្ភ​ជា​ប្រេង​សម្រាប់​បូមទឹក ក្នុងករណី​មាន​ប្រភពទឹក និង​គ្រាប់ពូជ​ក្នុងករណី​ត្រូវការ​ស្តារឡើងវិញ៕

ដោយ ៖ ​ ឌួង​វិ​រៈ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114