ព័ត៍មានទាន់​ហេតុការណ៏
Search

តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន ចុះ​ពិនិត្យមើល និង​លើកទឹកចិត្ត​ដល់​ប្អូនៗ សិស្សានុសិស្ស​ថ្នាក់​ទី​១២ ដែល​កំពុង​រៀន​វគ្គ​បំប៉ន សម្រាប់​ត្រៀម​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​ពេល​ខាង​មុខ

ប៉ៃលិន ​៖ ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ​​មណ្ឌល​ខេត្ត​ប៉ៃលិន និង​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន និង​ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចុះ​ពិនិត្យមើល និង​លើកទឹកចិត្ត​ដល់​ប្អូនៗ សិស្សានុសិស្ស​ថ្នាក់​ទី​១២ ដែល​កំពុង​រៀន​វគ្គ​បំ​ប៉ន សម្រាប់​ត្រៀម​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​ខែសីហា ឆ្នាំ​២០១៩ ខាងមុខនេះ នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត និង​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ។

ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជាច្រើន​នាក់​។ លោកជំទាវ បាន ស្រីមុំ បាន​មានប្រសាសន៍​លើកឡើងថា ​៖ ក្នុង​ស្មារតី​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សេនាធិការ ក្នុងការ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​, សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​នូវ​វគ្គ​បំប៉ន ដោយ​ឥតគិតថ្លៃ ដល់​សិស្សានុសិស្ស​នៅ​ទូទាំងប្រទេស ដែលមាន​ការឧបត្ថម្ភ​គាំទ្រ​ពី​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

ជាមួយគ្នានេះ​លោកជំទាវ ក៏បាន​មានប្រសាសន៍​ថ្លែងអំណរគុណ ដល់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ដែល​បាន​សហការ សម្របសម្រួល ក្នុងការ​រៀបចំ​វគ្គ​បំប៉ន ដល់​សិស្សានុសិស្ស ឱ្យ​ទទួលបាន​ជោគជ័យ​ផងដែរ។ លោកជំទាវ​ប្រធាន មានប្រសាសន៍ បន្តថា​ ៖ ​កន្លងមក​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ក៏បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ គ្រប់​សកម្មភាព ទាំង​ធនធាន បទពិសោធន៍ និង​ផ្តល់ឱកាស​សម្រាប់​យុវជន យុវនារី​ទាំងអស់​នៅក្នុង​ខេត្ត បាន​ចូលរួម​បម្រើ​សង្គមជាតិ និង​ប្រជាជន​ពិតប្រាកដ​។ ម្យ៉ាងវិញទៀត​ឯកឧត្តម បានផ្តល់​អាហារូបករណ៍ ដល់​សិស្សានុសិស្ស ដែល​ខ្វះ​លទ្ធភាព បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ព្រមទាំង​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត ដល់​សិស្ស ដែល​ប្រឡង​ជាប់​ទទួលបាន​និទ្ទេស A, B, C ផងដែរ​។ លោកជំទាវ បាន ស្រីមុំ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន ក៏បាន​សំណូមពរ ដល់​ប្អូនៗ​សិស្ស​នុ​សិស្ស​ទាំងអស់ ត្រូវខិតខំ​សិក្សា​រៀនសូត្រ ស្តាប់​ការបង្ហាត់បង្រៀន របស់លោក​គ្រូ អ្នកគ្រូ និង​ត្រូវ​ប្រព្រឹត្ត​ខ្លួន​ជា​កូន​ល្អ ជា​សិស្ស​ល្អ ជា​ពលរដ្ឋ​ល្អ នៅក្នុង​សង្គម ដោយ​ជៀស​ឱ្យផុត​ពី​អំពើ​អបាយមុខ​ផ្សេងៗ ដូច​​​ជា​៖ គ្រឿងញៀន និង​បង្ក​ភាព​អនាធិបតេយ្យ​ក្នុងសង្គម ហើយ​នាំគ្នា​ចូលរួម​ថែរក្សា​ការពារ​សណ្តាប់ធ្នាប់​សង្គម និង​សមិទ្ធផល​នានា ដែល​យុវជន​យើង​នា​សម័យមុន បាន​បង្កើត និង​បាន​បន្សល់ទុក​មកឱ្យ​យើង ដែលជា​យុវជន​ជំនាន់​ក្រោយ ផងដែរ​។​

​សូមបញ្ជាក់ថា​៖ ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ គឺធ្វើឡើង​នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ សល់​តែ​រយៈពេល​៤​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ជា​ថ្ងៃ​ប្រលង ដោយឡែក​នៅ​ខេត្ត​ប៉ៃលិន មាន​វិទ្យាល័យ ចំនួន​ពីរ​គឺ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន និង​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ ហើយ​ការបើក​វគ្គ​បំប៉ន​ត្រៀម​ប្រលង របស់​សិស្សានុសិស្ស​ថ្នាក់​ទី​១២ នេះ ដោយមាន​ការឧបត្ថម្ភ​ទាំងស្រុង​ពី​សំណាក់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផងដែរ៕

ដោយ ៖ សេង សុវណ្ណារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114