ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់​ ​​ ​​ផឹក​ស្រា​ស្រវឹង​ជោកជាំ ទៅ​ដេក​នៅ​កណ្ដាល​ផ្លូវ​លំ ត្រូវ​ម៉ូតូ​បុក​ស្លាប់ នៅ​ស្រុក​អូ​រយ៉ា​ដាវ

រតនគិរី ​៖​ បុរស​ម្នាក់​ ​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ បន្ទាប់ពី​​​​​បាន​​​ផឹក​ស្រា​យ៉ាង​សប្បាយ​ក្អាកក្អាយ ​​ស្រវឹង​ជោកជាំ​​​ខ្លួន​ ​​​ហើយ​ទៅ​ដេក​កណ្ដាល​ផ្លូវ​លំ​ ​​​ត្រូវ​ម៉ូតូ​បុក។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៩ កន្លងទៅ ត្រង់​ចំណុច​ផ្លូវលំ កង​វិស្វកម្ម ស្ថិតនៅ​ក្នុង​ភូមិ​ភិ ឃុំ​សេសា​ន្ថ ស្រុក​អូរ​យ៉ា​ដាវ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ក្លាន ញឹម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ​(​ស្លាប់​)​ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា បើតាម​ការបំភ្លឺ​ពីសា​ក្សី​ឈ្មោះ សល់ ន្វា​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ បាន​ផឹកស្រា​ស្រវឹង​ជោកជាំ នៅក្នុង​ខ្ទម​ឈ្មោះ សេវ ហ្ល​ន មាន​គ្នា​ចំនួន​បួន​នាក់​(​ផឹក​)។ ក្រោយមក​ជនរងគ្រោះ​ក៏​ស្រវឹង​បាន​ឲ្យ​ឈ្មោះ សល់ ន្វា​ន ជូនទៅ​ខ្ទម​វិញ ក៏ប៉ុន្តែ​ជូន​ដល់​ចំណុច​កន្លែង​កើតហេតុ ជនរងគ្រោះ​បាន​សុំ​ចុះ​ពីលើ​ម៉ូតូ​ព្រោះ​ខ្លួន​ស្រវឹង​។ បន្ទាប់មក​​ ​ឈ្មោះ សេវ យ៉​ញ ភេទ​ស្រី បាន​​​សួរ​ជនរងគ្រោះ​ថា​យ៉ាងម៉េច​មិន​ចូល​មក​ដេក​ក្នុង​ខ្ទម​ ជនរងគ្រោះ​មិន​ព្រម​ទៅ​ដេក​សោះ រហូតដល់​ម៉ោង​១៩​និង​០០​នាទី​យប់។

សាក្សី​ឈ្មោះ សេវ យ៉​ញ គាត់​ក៏បាន​លឺ​សំឡេង​ម៉ូតូ​ជិះ​យ៉ាង​លឿន​មកដល់​ចំណុច​កន្លែង​កើតហេតុ ក៏​បាត់​សំឡេង​ម៉ូតូ​ឈឹង ហើយ​បន្ទាប់មកទៀត​ឃើញ​ម៉ូតូ​បើក​ត្រឡប់​មក​ក្រោយ​វិញ​យ៉ាង​លឿន ដោយ​មិនបាន​ស្គាល់​ពី​អត្តសញ្ញាណ​ឡើយ។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​កើតហេតុ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើ​កោសល្យវិច័យ​លើសពនៅ​កន្លែងកើតហេតុ រួមទាំង​ចម្លើយ​សាក្សី​កម្លាំង​ជំនាញ​បាន​សន្និដ្ឋាន​ថា ពិតជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ពិតប្រាកដ​មែន ដោយ​ម៉ូតូ​ជិះ​បុក​ជនរងគ្រោះ ដែល​ស្រវឹងស្រា​ដេក​នៅតាម​ផ្លូវ មិនមែនជា​រឿង​ឃាតកម្ម​នោះទេ​។​

ក្រោយពី​ធ្វើ​កោសល្យវិច័យ​រួចមក កម្លាំង​សមត្ថកិច្ច​ជំនាញ ​កំពុង​ចុះ​ស្រាវជ្រាវ​រក​ជនបង្ក​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។

​រីឯ​សព​សមត្ថកិច្ច​បានប្រគល់​ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​សព​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ ៖ វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114