ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់ រត់​ឆ្លង​ផ្លូវ ត្រូវ​​​ម៉ូតូ​បុក​ស្លាប់​នៅ​កន្លែង​កើតហេតុ

ឧ​ត្ត​រ​មានជ័យ​ ៖​ ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់ រត់​ឆ្លង​ផ្លូវ ត្រូវ​​​ម៉ូតូ​បុក​ស្លាប់​នៅ​កន្លែង​កើតហេតុ​ នៅ​លើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុង​ភូមិ​ព្រៃ​ស្អា​ក ​ឃុំ​​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ ឈ្មោះ ខុន រដ្ឋា ភេទ ប្រុស អាយុ ២០​ឆ្នាំ ​មុខរបរ​ សិស្ស មាន​ទីលំនៅ​ភូមិ​ស្រែ​កណ្ដាល ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បើកបរ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1Z 1443 មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ រីឯ​ក្មេងរងគ្រោះ ឈ្មោះ ចាន់ រាជ ភេទ ប្រុស អាយុ ០៤​ឆ្នាំ រស់នៅក្នុង​ភូមិ​ព្រៃ​ស្អា​ក ​ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ស្លាប់​) នៅនឹងកន្លែង​កើតហេតុ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​ដោយ​ក្មេងប្រុស​ខាងលើ​បាន​រត់​ឆ្លងកាត់​ផ្លូវ​ក៏ត្រូវ​ម៉ូតូ​បុក​ត្រូវ​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។​

ក្រោយ​កើតហេតុ​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ចុះទៅពិនិត្យ និង​ធ្វើការ​វាស់វែង​កន្លែងកើតហេតុ។ សម្ភារៈ (​ម៉ូតូ​) បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ចំណែក​សព​បាន​ប្រគល់​ជូន​គ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ដោយ ​៖ ​ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114