ព័ត៍មានទាន់​ហេតុការណ៏
Search

ពូជ​ពោត ​BNT5666 ​ទទួល​បាន​ការចាប់អារម្មណ៍​ពី​ប្រជាកសិករ​នៅ​ឃុំ​ជីរោទ៍ទី១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ពូជ​ពោត​ហៃ​ប្រី​ដ​BNT-5666 បាន​ផ្តល់​ទិន្នផល​ខ្ពស់​ពី​៩ ទៅ​៩,៥​តោន​/​ហិកតា ទទួលបាន​ការ​ចាប់អារម្មណ៍​ពី​ប្រជាកសិករ​ដាំ​ពោត​នៅ​ភូមិ​ជី​រោទ៍​ទី​១ ឃុំ​ជី​រោទ៍ ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កសិករ​ដាំពោត ពូជ​BNT5666 ដែល​បាន​រៀបរាប់​ប្រាប់​ដល់​ក្រុមការងារ ដឹកនាំ​ដោយ​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ ក្នុង​ការ​ចុះពិនិត្យ ការ​ប្រមូល​ផល​ពោត​របស់​កសិករ នា​ព្រឹក​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ​។

តាម​ការ​ឲ្យ​ដឹង​ពី លោក អ៊ូ រ៉ា​ន់ ជា​កសិករ​ដាំពោត ដែល​ជា​ពូជ​ពោត BNT-5666 រយៈពេល​២​ឆ្នាំ​មក​ហើយ បាន​រៀបរាប់ថា ពូជ​ពោត​BNT-5666​នេះ ជា​ពូជ​ហៃ​ប្រី​ដ បាន​បង្កាត់​ដោយ​មន្ត្រី​ជំនាញ​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​។

លោក​បន្តថា លក្ខណៈ​ពិសេស​ នៃ​ពូជ​ពោត​BNT-5666​នេះ មាន ៖ ធន់​នឹង​ជំងឺ ធន់​នឹង​កម្ដៅ​(​គ្រាប់ពូជ ដែល​ដាំ​អាច​ធន់​នឹង​កម្តៅ រយៈពេល​រហូតដល់​១៦​ថ្ងៃ ក្នុង​ដី បើ​មិន​មាន​ភ្លៀង ធ្លាក់​នោះទេ​) អាយុ​កាល​ពី ៩០-១០៥​ថ្ងៃ ដែល​ដាំ​បាន ២​ដង​ក្នុង មួយ​ឆ្នាំ គ្រាប់​ធំ ដែល​ទិន្នផល​ខ្ពស់​ជា​មធ្យម ៩​តោន​/​ហិកតា (​គ្រាប់​សើម គ្មាន​ស្នូល​)​បើ​ធៀប​ទៅ​នឹង​ពូជ​ផ្សេងៗ​ទៀត ដែល​ពួកគាត់​ធ្លាប់​ដាំ​កន្លងមក​បាន​ត្រឹមតែ​៥-៦,៥​តោន​/​ហិកតា ហើយ​ពូជ​នេះ ផ្តល់​ផ្លែ​តែ មួយ​/​ដើម តែ​វា​បាន​ផ្តល់​ស្នៀត​មួយទៀត​ដែល​កសិករ​អាច​កាប់​លក់​បាន ជា​មធ្យម ៥០០.០០០​រៀល​/​ហិកតា អាច​កាត់បន្ថយ​ចំណាយ ថ្លៃដើម​បាន​មួយចំនួន​ភាគរយ​គ្រាប់​ក្នុង​១​ផ្លែ​មាន​៨២%(​ទម្ងន់​គ្រាប់​/​ផ្លែ​)​។ ម្យ៉ាងទៀត ឆ្នាំនេះ តម្លៃ​ពោត​គិត ត្រឹម​ខែកក្កដា​នេះ លក់បាន ៨៣០​រៀល​/​គ​ក្រ ដែល​ឆ្នាំ មុន​លក់បាន​ត្រឹមតែ ៧៥០​រៀល​។ ទីផ្សារ​មិនមែន​ជា បញ្ហា​នោះ​ទេ ឈ្មួញ​ទិញ​ដូច​ពូជ​ពោត​ឯទៀត​ដែរ​។ ឆ្នាំ​នេះ កសិករ​ចូលរួម​ដាំ​ពូជ​ពោត​នេះ កើន​ដល់​ចំនួន​៥០​គ្រួសារ លើ​ផ្ទៃដី ប្រមាណ​៧០​ហិកតា​។

ក្នុងឱកាស​នោះ លោក ហេង ពិសិដ្ឋ ប្រ​ធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​កោតសរសើរ​ដល់​បងប្អូន ប្រជាកសិករ​ទាំងអស់ ដែល​បាន​សាកល្បង​ឆ្នាំ​ទី​២ ក្នុង ការដាំ​ពូជ​ពោត​នេះ ហើយ​ទទួល​បាន​លទ្ធ​ផល​ល្អ ប្រសើរ​។ តាមរយៈ​លទ្ធផល​នេះ ពិតជា​អាច​បន្ត​ផ្សព្វផ្សាយ​ដល់​កសិករ​ដទៃទៀត ក្នុង​ការ​យក​ពូជ​ពោត​នេះ ទៅ​ដាំ​ដែរ​។

លោក​ក៏បាន​លើកឡើង​នូវ​ការតម្រង់ទិស​មួយចំនួន​ដល់​បង​ប្អូន​ប្រជាកសិករ ដូចជា ៖ ត្រូវ​រៀបចំ​ដី សម្លាប់​មេរោគ​ក្នុង​ដី​ឲ្យ​បានល្អ ការដាំដុះ​ត្រូវ​ស្របតាម​បទដ្ឋាន​បច្ចេកទេស​។ ត្រូវ​ប្រើ​ឧបករណ៍​សម្ភារៈ​ជំនួស​កម្លាំង​ពលកម្ម​មនុស្ស​ឲ្យ​បាន​ច្រើន ដែល​អាច​កាត់បន្ថយ​ថ្លៃ​ដើម​ផលិត​ និង​ពេលវេលា។ ត្រូវ​មាន​ការថែទាំ​ជាប្រចាំ ដាក់​ជី និង​រៀបចំ​ប្រព័ន្ធ ស្រោចស្រព​ដែល​សន្សំសំចៃ​ទឹក ចៀសវាង​ប្រឈម បញ្ហា​ខ្វះខាត​ទឹក​ធ្វើការ​កែច្នៃ​បឋម​(​បច្ចេកទេស​គ្រប់គ្រង​ក្រោយ ពេល​ប្រមូល​ផល​) ដើម្បី​បង្កើន​តម្លៃ​កសិផល​និង​បង្កើត​ការងារ​ដល់​កសិករ។​

លោក ហេង ពិសិដ្ឋ បាន​ផ្ដាំផ្ញើ​ដល់​ប្រជាកសិករ​ដាំ​ពូជ​ពោត​ពូជ​BNT5666 ទាំងអស់ ត្រូវ​ចងក្រង​ជា​សហគមន៍​កសិកម្ម ដើម្បី​ប្រមូលផ្ដុំ ផលិតកម្ម ផលិត​តាម​ស្តង់ដារ​តម្រូវការ​របស់​ទីផ្សារ ពង្រីក​ទំហំ​ពាណិជ្ជកម្ម ពង្រីក​អំណាច​ច​ចារ​ទីផ្សារ ការពារ​តម្លៃ​កសិផល​ផងដែរ​៕

ដោយ ៖ សាន វិ​ឡែ​ម



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114