ព័ត៍មានទាន់​ហេតុការណ៏
Search

កម្មការិនី​រោងចក្រ​កាត់ដេរ​ញ៉ូ​ហ្វូ​ម៉ា ជាង​២០​នាក់​ ដួលសន្លប់​តាម​គ្នា​ ដោយ​មិន​ដឹង​មូលហេតុ

​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​យីហោ ញ៉ូ​ហ្វូ​ម៉ា ជាង​២០​នាក់ មិនដឹង​មានរឿង​អី​នោះទេ​ បាន​ជា​កើតមាន​អា​ការៈដួលសន្លប់ ជា​បន្តបន្ទាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ​ស្ថិតនៅ​រោងចក្រ ញ៉ូ​ហ្វូ​ម៉ា តាមផ្លូវ​បេតុង ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

តាម​កម្មករ​រោងចក្រ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ មាន​កម្មការិនី​ម្នាក់ គាត់​មិន​ស្រួលខ្លួន ហើយ​ត្រូវ​បាន​កម្មករ​រួមការ​ងារ កោសខ្យល់​ឲ្យ រួច​ក៏​ចូលធ្វើ​ការងារ​វិញ ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ កម្មការិនី​ដដែល​នោះ​មាន​អាការៈ ហេវ​ហត់ អស់កម្លាំង ទន់​ដៃជើង ​ដេក​ដួល​សន្ធឹងសន្ធៃ ទើប​ធ្វើ​ឲ្យ​កម្មករ​មួយចំនួនទៀត​នៅក្បែរ​គ្នា​នោះ​មានការ ភ្ញាក់ផ្អើល ភិតភ័យ ក៏​ដួលសន្លប់​ជា​បន្តបន្ទាប់ ​សរុប​ជាង​២០​នាក់​តែម្តង។​

ករណី​ខាងលើ​កើតឡើង​ភ្លាមៗ ត្រូវបាន​កម្មករ​រោងចក្រ រដ្ឋបាល ដឹក​​តាម​ម៉ូតូ​កង់​បី បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ហើយ​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ ក៏​ចុះទៅ​ដល់ទី​តាំង​កើតហេតុ​ផងដែរ។​

តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ខាងលើ មាន​កម្មករ​សរុប​ចំនួន​ជាង​៧០០​នាក់ ក្រោយពី​មាន​កម្មការិនី​ចំនួន​ជាង​២០​នាក់ ដួលសន្លប់ កម្មករ​ផ្សេងទៀត​ត្រូវបាន​ខាង​ក្រុម​ហ៊ុន​រោងចក្រ​អនុញ្ញាត​ឲ្យ​សម្រាក​ជា​បណ្ដោះអាសន្ន​សិន។ រីឯ​កម្មករ​ជាង​២០​នាក់​នោះ​ត្រូវបាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​នៅក្បែរនោះ។​

ចំពោះ​ករណីនេះ​ គេ​មិនទាន់​ឃើញ​មន្ត្រី​ជំនាញ​ណាមួយ​ចុះទៅពិនិត្យ​ស្រាវជ្រាវ​រក​មូលហេតុ​នោះ​ទេ ៕

ដោយ ៖ វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114