ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល ​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​គម្រោង​អាហារូបត្ថម្ភ​កម្ពុជា​រយៈពេល​៥​ឆ្នាំ​ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​កុមារ​មាន​ភាព​ក្រិន ​និង​ស្គមស្គាំង​

​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល ​បានប្រកាស​ដាក់​ឲ្យ​អនុវត្ត​គម្រោង​អាហារូបត្ថម្ភ​កម្ពុជា​រយៈពេល​៥​ឆ្នាំ​(២០ ១៩- ២ ០២៤)​ ដើម្បី​ឲ្យ​កុមារ​ទទួល​បាន​នូវ​សុខភាព​ល្អ កម្លាំង​មាំមួន មាន​បញ្ញា​ស្មារតី​ និង​ការ​លូតលាស់​ល្អ ​ព្រមទាំង​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​។​

​ពិធី​ប្រកាស​ដាក់ឲ្យ​អនុវត្ត​គម្រោង​អាហារូបត្ថម្ភ​កម្ពុជា​នេះ ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ​កាលពី​ព្រឹក​ថ្ងៃទី​២២ ​ខែ​កក្កដា ​ឆ្នាំ​២០១៩​ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។​

​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ដាក់ឲ្យ​អនុវត្ត​គម្រោង​អាហារូបត្ថម្ភ​កម្ពុជា​នេះ​ លោក​សាស្ត្រាចារ្យ​ ម៉ម​ប៊ុនហេង ​បាន​បន្តថា​ គម្រោង​អាហារូបត្ថម្ភ​កម្ពុជា​នេះ ជា​គម្រោង​ថ្មី​មួយ​ដែល​រៀបចំឡើង​ក្នុង​គោល​បំណង​ ដើម្បី​កាត់​ប​ន្ថយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ភាព​ក្រិន​របស់​កុមារ និង​លើកកម្ពស់​ស្ថានភាព​សុខភាព​របស់​មាតា​ ទារក​ និង កុមារ​ នៅ​កម្ពុជា​ ហើយ​គម្រោង​រយៈពេល​៥​ឆ្នាំនេះ មានការ​ចូលរួម​អនុវត្ត​ដោយ​ក្រសួងសុខាភិបាល និង​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជា​ធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​នៃ​ក្រសួងមហាផ្ទៃ ព្រមទាំង​មានការ​ពិនិត្យ តាមដាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​គម្រោង​នេះ​ នឹងចូលរួម​លើកកម្ពស់​ការ​ផ្តល់សេវា​សុខភាព​មាតា ទារក​កុមារ​ និង អាហារូបត្ថម្ភ ប្រកប​ដោយ​ប្រសិទ្ធភាព​ជូន​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​សម្រាលកូន និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង មូលដ្ឋាន​សុខាភិបាល និង​ក្នុង​សហគមន៍​ក្នុង​ខេត្ត​ អនាទិភាព​ចំនួន​៧ រួមមាន​ខេត្ត​មណ្ឌល​គី​រី រតនគីរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ឆ្នាំង និង​កោះកុង ​ដែល​នឹង​ជួយ​​កាត់​បន្ថយ​គម្លាត​រវាង​អ្នកក្រ និង​អ្នកមាន រវាង​តំបន់​ប្រជុំជន និង​ជនបទ និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ការ​ទទួល​បានការ​គ្រប​ដណ្ដប់​សេវា​សុខភាព​ជាស​កល​។​

​លោកស្រី យក់​សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និង​ជា​នាយក​គម្រោង​អាហារូបត្ថម្ភ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​ គម្រោង​នេះ ​នឹង​ជួយ​ដល់​ទារក​អាយុ​ក្រោម​១​ឆ្នាំ​ចំនួន​៤១២៧៨​នាក់​កុមារ​អាយ​ក្រោម​៥​ឆ្នាំ​ចំនួន​២០០២៩១​នាក់ ​និង​ស្ត្រី ​ស្ថិតក្នុង​វ័យ​បន្ត​ពូជ​ចំនួន​៤២៦៨២៦​នាក់ ​សរុប​ទាំងអស់​ចំនួន​១៦៧៦៨៣១​នាក់ ​នៅក្នុង​ខេត្ត​ទាំង​៧​ខាងលើ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ​គម្រោង​នេះ ​នឹង​បណ្ដុះបណ្ដាល​ដល់​បុគ្គលិក​សុខាភិបាល​ នៅ​តាម​មូលដ្ឋាន​សុខាភិបាល ​ក្នុង​តំបន់ ​ដែល​គម្រោង​អនុវត្ត​ នឹង​ទទួល​បាន​នូវ​កា​រ​បង្វឹក​ជំនាញ​គ្លីនិក​បន្ថែម​ដើម្បី​ផ្តល់​សេវា​នៅ​នឹង​មន្ទីរពេទ្យ មណ្ឌល​សុខភាព ស្តី​ពី​សុខភាព ក៏ដូចជា​ផ្តល់​សេវា និង​ផ្តល់​ការ​ផ្តល់​ប្រឹក្សា​រវល់​អំពី​ការថែទាំ​សុខភាព​ក្នុងពេល​មាន​ផ្ទៃពោះ អាហារូបត្ថម្ភ​របស់​មាតា ការថែទាំ​ក្រោយ​សម្រាល ការចិញ្ចឹម​ទារក​/​កុមារ ការតាមដាន​ការលូតលាស់​របស់​កុមារ​តូច តាមរយៈ​ការចុះ​ផ្តល់​សេវា​សុខាភិបាល​នៅតាម​សហគមន៍​ក្នុង​តំបន់​ជនបទ​ដាច់ស្រយាល​។​

​ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​នៅ​កម្ពុជា​ចំនួន​៤​លើក បាន​បង្ហាញថា កង្វះ​អាហារូបត្ថម្ភ​លើ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​នៅ​កម្ពុជា​មានការ​ថយចុះ អត្រា​ នៃ​ភាព​ក្រិន​បាន​ធ្លាក់​ពី​៤៩.២% នៅ​ឆ្នាំ​២០០០ មក​នៅ​៣២.៤% ​នៅ​ឆ្នាំ​២០១៤ ឯ​អត្រា ​នៃ​ភាពស្គម​ស្គាំង​បាន​ធ្លាក់ចុះ​ពី​១៦.៩% នៅ​ឆ្នាំ​២០០០ មក​នៅ​៩,៦% នៅ​ឆ្នាំ​២០១៤​។​ ប៉ុន្តែ​បើ​ពិនិត្យ​លើ​របាយការណ៍​​ នៃ​អត្រា​ទាំងនេះ​ទៅតាម​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​វិញ​ឃើញថា ​នៅ​ឆ្នាំ​២០១៤ ក្នុងចំណោម​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ​ក្នុង​គ្រួសារ ​ដែល​មាន​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​ទាប​ជាងគេ អត្រា​ នៃ​ភាព​ក្រិន​មាន​ដល់​ទៅ​៤១,៩% ហើយ​អត្រា ​នៃ​ភាព​ស្គម​ស្គាំង​មាន​ដល់​ទៅ​១១%​ឯណោះ​។ ភាព​ខុសគ្នា​ក៏​មាន​ទៅតាម​ខេត្ត និង​តំបន់​ដាច់ស្រយាល​ផង​ដែរ​។

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ​ដូចនេះ ដើម្បី​បញ្ចៀស​កង្វះ​អាហារូបត្ថម្ភ​កុមារ ការ​វិយោគ ​ត្រូវ​ផ្តោត​និង​ចាប់​ផ្តើមធ្វើ​តាំងពី​ទារក​ទើប​ចាប់បដិសន្ធិ​ក្នុង​ផ្ទៃ​ម្តាយ រហូតដល់​កុមារ​ធំធាត់​ចូល​សាលារៀន​។ ជាពិសេស រយៈពេល​១.០០០​ថ្ងៃ ចាប់ពី​ការ​មាន​ផ្ទៃពោះ រហូតដល់​កុមារ​មាន​អាយុ​២​ឆ្នាំ គឺជា​ឱកាស​មាស​ដែល​ត្រូវធ្វើ​ការវិនិយោគ ដើម្បី​លុបបំបាត់​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្តេជ្ញាចិត្ត​ឥត​ងាករេ​បន្ត​ការវិនិយោគ​ទៅលើ​សុខភាព​មាតា ទារក​កុមារ និង​អាហារូបត្ថម្ភ និង​កៀរគរ​គ្រប់​ធនធាន​ដែលមាន​យកមកអនុវត្ត​សកម្មភាព​អាទិភាព​ចំពោះមុខ​។ មកទល់នឹង​ពេល​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​គាំពារ​សង្គម​ដែលមាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​និយោជក​កម្មករ​និយោជិត មន្ត្រី​សាធារណៈ និវត្តជន​និង អតីត យុទ្ធជន និង​មូលនិធិ​សម​ធំ​សុខាភិបាល​សម្រាប់​គ្រួសារ​ក្រីក្រ និង​កម្មករ និយោជិត​ក្រៅ​ប្រព័ន្ធ​ធ្វើ​ឲ្យ​ការទទួលបាន​នូវ​សេវា​សុខភាព​មាន​ភាព​ប្រសើរ​ជាង​មុន​។

​លោក​ជា ចំរើន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​បាន​មានប្រសាសន៍ថា​ គម្រោង​នេះ​ នឹង​ជួយ​ធ្វើ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ពី​ប​ញ្ហ​សុខភាព​មាតា​ និង​ទារក ​និង​អាហារូបត្ថម្ភ​ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ទទួល​សេវា​សុខាភិបាល​នៅតាម​ម​ណ្ឌល​សុខភាព ​និង​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់ពេលវេលា​ និង​ទៅ​តាម​កាលកំណត់​របស់​គ្រូពេទ្យ​ ជៀសវាង​កុំ​ឲ្យ​ទារក​ ឬ​កុមារ​ ខ្វះ​អាហារូបត្ថម្ភ​ ឬ​មាន​បញ្ហា​ពេល​សម្រាល​ និង​ក្រោយ​សម្រាលកូន​ជាដើម​។​

​ជាងនេះទៅទៀត​ លោក​បាន​បន្តថា​ តាមរយៈ​គម្រោង​នេះ​ នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​អាច​បញ្ចេញមតិ​ជុំវិញ​ការខ្វះចន្លោះ​លើ​ការផ្តល់សេវា​សុខាភិបាល​ផងដែរ​ និង​អាច​កែលំអ​សេវា​ជួន​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​មាន​គុណភាព​ថែមទៀត​។​

​លោក​សាស្ត្រាចារ្យ​ម៉ម ​ប៊ុនហេង ​បានបញ្ជាក់​ទៀតថា ​គម្រោង​អាហារូបត្ថម្ភ​កម្ពុជា​រយៈពេល​៥​ឆ្នាំ​នេះ​ គម្រោង​នឹង​ចំណាយ​ថវិកា​សរុប​ចំនួន​៥៣​លាន​ដុល្លារ​អាមេរិក ដែល​បានមកពី​ថវិកាជាតិ និង​រួម​បដិភាគ​ដោយ​ធនាគារ​ពិភពលោក មូលនិធិ​ហិរញ្ញ​ប្រទាន​សកល​សម្រាប់​ស្ត្រី កុមារ និង​យុវវ័យ ធនាគារ​អភិវឌ្ឍ​អាល្លឺម៉ង់ និង​រដ្ឋាភិបាល​អូស្ត្រាលី៕

ដោយ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114