ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ Abe អះអាង​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​សភា​ជាន់ខ្ពស់

កាលពី​ថ្ងៃអាទិត្យ ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​អះអាង​អំពី​ជ័យជម្នះ​សម្រាប់​ក្រុមចម្រុះ​ កំពុង​កាន់​អំណាច​របស់​លោក​ក្នុង​ការ​បោះឆ្នោត​សភា​ជាន់ខ្ពស់ ​ប៉ុន្តែ​ហាក់ដូចជា​បរាជ័យ​ក្នុងការ​ទទួលបាន​សំឡេង​ភាគច្រើន​លើសលប់​នៅក្នុង​សភា​ដើម្បី​គាំទ្រ​ដល់​ក្តី​សុ​បិ​ន​របស់លោក​ក្នុង​ការកែប្រែ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​របស់​ប្រជាជាតិ​នេះ។

​ជាមួយនឹង​លទ្ធផល​នេះ លោក Abe អាយុ​៦៤​ឆ្នាំមាន​គោលបំណង​បង្កើន​អាណត្តិ​របស់លោក​មុនពេល​មានការ​ដំឡើង​ពន្ធ​លើ​ការប្រើប្រាស់​ដ៏​សំខាន់​នៅ​ចុង​ឆ្នាំនេះ​រួមជាមួយ​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។​

​លោក Abe បាន​ប្រាប់​ទូរទស្សន៍ NHK ថា “​គណបក្ស​កំពុង​កាន់អំណាច​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​សំឡេង​ភាគច្រើន​នៅពេល​ប្រជាជន​សម្រេចចិត្ត​ជំរុញ​ឲ្យ​យើង​បន្ត​គោលនយោបាយ​នៅក្រោម​មូលដ្ឋាន​នយោបាយ​មាន​ស្ថិរភាព​”​។​

​លោក​បាន​និយាយ​នៅ​ទីស្នាក់ការ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) របស់លោក​ថា “​ខ្ញុំ​ចង់​បំពេញ​តាម​ការរំពឹងទុក​រប​ស់​ពួកគេ​”​។​

​យោងតាម NHK បាន​ឲ្យ​ដឹងថា គណបក្ស LDP និង​ដៃគូ​ចម្រុះ​របស់ខ្លួន​គឺ Komeito ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹងមាន​អាសនៈ​យ៉ាងតិច​៦៩​ក្នុងចំណោម​អាសនៈ​ទាំង​១២៤​សម្រាប់​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ខណៈ​អាសនៈ​ចំនួន​ប្រាំមួយ​នៅ​មិនទាន់​សម្រេចបាន​នៅឡើយ​។​

​គណបក្ស​ទាំង​ពីរបាន​គ្រប់គ្រង​អាសនៈ​ចំនួន​៧០​នៅក្នុង​ពាក់កណ្តាល​នៃ​អាសនៈ​ទាំង​២៤៥​ដែល​មិន​ត្រូវបាន​ប្រជែង​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​ស្ថិត​លើផ្លូវ​ដើម្បី​រក្សា​សំឡេង​ភាគច្រើន​របស់​ពួកគេ​។​

​លោក Abe នឹង​រក្សា​អំណាច​រហូតដល់​ខែវិច្ឆិកា​នៅពេលដែល​លោក​នឹង​បំបែក​កំណត់ត្រា​សម្រាប់​នាយករដ្ឋមន្ត្រី​បម្រើការ​យូរ​ជាងគេ​បំផុត​របស់​ប្រទេស​នេះ​ដោយ​បំបែក​កំណត់ត្រា​របស់លោក Taro Katsura ដែលជា​អ្នកនយោបាយ​កាន់តំណែង​បី​ដង​ក្នុង​ចន្លោះ​ឆ្នាំ​១៩០១​ដល់​ឆ្នាំ​១៩១៣​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ក៏បាន​ព្យាករណ៍​ផងដែរ​ថា កម្លាំង​គាំទ្រ​ការកែសម្រួល​រដ្ឋធម្មនុញ្ញ​ដែល​ដឹកនាំ​ដោយ​គណបក្ស LDP របស់លោក Abe បាន​បរាជ័យ​ក្នុងការ​ឈានដល់​អាសនៈ​ចំនួន​៨៥​សម្រាប់​ការកាន់កាប់​ដែល​នឹង​ផ្តល់​ឲ្យ​ពួកគេ​នូវ​សំឡេង​ភាគច្រើន​ដាច់ខាត​២​ភាគ​៣​នៅក្នុង​សភា​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114