ព័ត៍មានទាន់​ហេតុការណ៏
Search

កំហឹង​ផ្ទុះ​ឡើង​ ដោយសារ​ការ​វាយប្រហារ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​ហុងកុង

កំហឹង​បាន​ផ្ទុះឡើង​ក្នុង​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​ចន្ទ​ដោយសារតែ​មានការ​វាយប្រហា​រ​ដ៏​សាហាវ​មួយ​ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ជន​អន្ធពាល​មួយក្រុម​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់សិប​នាក់​រងរបួស​ដោយ​ម្នាក់​របួសធ្ងន់​នៅក្នុង​អំពើហិង្សា​នយោបាយ​មួយ​ដែល​កំពុង​រង្គោះរង្គើ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​។​

​ភាពចលាចល​របស់​ទីក្រុង​នេះ​កាន់តែ​អាក្រក់​ទៅ​កាលពី​យប់​ថ្ងៃអាទិត្យ​នៅពេល​ពួក​ជើងកាង​ដែល​ភាគច្រើន​ពាក់អាវ​យឺត​ពណ៌​ស​ហើយ​កាន់ដំបង​និង​ដែក​បាន​វាយប្រហារ​លើ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នៅពេល​ពួកគេ​វិលត្រឡប់​មកពី​ការ​ដង្ហែ​ក្បួន​ដ៏​ធំ​មួយទៀត​នៅ​ព្រឹក​ថ្ងៃនោះ​។​

​វីដេអូ​ពី​ការវាយប្រហារ​ដែល​ផ្សាយ​ផ្ទាល់​នៅលើ Facebook បានបង្ហាញ​ពី​មនុស្ស​ស្រែក​នៅពេល​បុរស​បាន​វាយប្រហារ​លើ​បាតុករ​និង​អ្នកកាសែត​ជាច្រើន​នាក់​នៅក្នុង​ស្ថានីយ៍ Yuen Long និង​នៅ​ខាងក្នុង​រថភ្លើង​ក្រោម​ដី​ដែល​បណ្តាល​ឲ្យ​មាន​ថ្លុកឈាម​នៅលើ​ឥដ្ឋ​។​

​មន្ត្រី​មន្ទីរពេទ្យ​បាន​និយាយថា មនុស្ស​ចំនួន​៤៥​នាក់​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​នោះ​ខណៈ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​និង​ប្រាំ​នាក់​ទៀត​រងរបួស​ធ្ងន់​។​

​ក្រុម​អ្នក​រិះគន់​បាន​ស្តីបន្ទោស​លើ​កងកម្លាំង​ប៉ូលិស​ក្នុង​ទីក្រុង​នេះ​ដោយ​ចោទប្រកាន់​ក្រុមមន្ត្រី​ថា​បាន​ចំណាយពេល​ជាង​មួយ​ម៉ោង​ដើម្បី​ទៅដល់​ស្ថានីយ៍​នោះ​បើទោះបីជា​មានការ Call ហៅ​ពី​អ្នក​ដែល​ត្រូវ​រង​ការវាយប្រហារ​ក៏ដោយ​ហើយ​បន្ទាប់មក​មិនបាន​ចាប់ខ្លួន​បុរស​ប្រដាប់អាវុធ​ទាំង​នោះទេ​។​

​ក្រោយមក បុរស​ពាក់​អាវយឺត​ពណ៌​ស​មួយចំនួន​ត្រូវបាន​គេ​ថត​ជាប់​នៅពេល​ចាក​ចេញពី​កន្លែងកើតហេតុ​នៅក្នុង​រថយន្ត​ដែលមាន​ស្លាក​លេខ​ចិនដីគោក​។​

​ការប៉ះទង្គិច​គ្នា​នេះ​បាន​បង្កើន​ភាពភ័យខ្លាច​ថា ក្រុម​អន្ធពាល​សម្ងាត់​របស់​ចិន​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ធ្លាក់​ចូលក្នុង​ជម្លោះ​នយោបាយ​។​

​ស្ថានីយ៍ Yuen Long គឺ​ស្ថិតនៅក្នុង​ដែនដី​ថ្មី​នៅ​ជិត​ព្រំដែន​ចិន​ដែលជា​កន្លែង​ក្រុម​ឧក្រិដ្ឋជន​និង​គណៈកម្មាធិការ​ជនបទ​គាំទ្រ​ក្រុង​ប៉េកាំង​នៅតែមាន​ឥទ្ធិពល​។​

​ការវាយប្រហារ​ស្រដៀង​គ្នា​នេះ​ដោយ​ក្រុមគាំទ្រ​រដ្ឋាភិបាល​ប្រឆាំង​បាតុករ​អំឡុង​បាតុកម្ម​ចលនា​ឆ័​ត្រ​ឆ្នាំ​២០១៤​ត្រូវបាន​គេ​ស្តីបន្ទោស​ទៅលើ​ក្រុម​អន្ធពាល​សម្ងាត់​របស់​ចិន​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114