ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ជាតិ​អប្សរា​ ប្រជុំ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន​មកពី​៥៤​ស្ថាប័ន ដើម្បី​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​និរន្តរភាព

សៀមរាប ​៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន​មកពី​៥៤​ស្ថាប័ន ដែល​កំពុង​ប្រកប​អាជីវកម្ម​ទាក់ទង​នឹង​ការបម្រើ​សេវាកម្ម​ទេសចរណ៍​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​។

កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​បង្កើត​នូវ​ភាព​ស្និទ្ធស្នាល ផ្លាស់​ប្តូរ​យោបល់ និង​ពិភាក្សា​ជា​លក្ខណៈ​គន្លឹះ​រវាង​ស្ថាប័នរដ្ឋ​ដែល​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ស្ថាប័ន​ឯកជន​ដែល​មាន​អាជីវកម្ម​នៅ​តំបន់​អង្គរ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ការអភិវឌ្ឍ​នៅ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ប្រកបដោយ​ចីរភាព រក្សាបាន​នូវ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​វិស័យ​ទេសចរណ៍ ភាព​ទាក់ទាញ និង​ការប្រកួតប្រជែង​ទីផ្សារ​ទេសចរណ៍​ពិភពលោក ព្រមទាំង​រក្សា​និង​ការពារ​បាន​គុណ​តម្លៃ​នៃ​បុរាណ​ដ្ឋា​ន​ផងដែរ​។

ចំណុច​សំខាន់ៗ​ដែល​វិស័យ​ឯកជន​បាន​លើក​ឡើង​នូវ​អ្វី​ដែល​ខ្លួន​បាន​ជួបប្រទះ​ក្នុង​អាជីវកម្ម​មានដូចជា ការ​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់ ការចាក់​ចម្រៀង​ដោយ​សំឡេង​ខ្លាំងៗ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ ការរៀបចំ​ផ្លូវថ្នល់ ការប្រមូលផ្តុំ​ភ្ញៀវទេសចរ​នៅតាម​ប្រាសាទធំ​សំខាន់ៗ ការ​បង្វែរ​គោលដៅ​ទស្សនា​ឲ្យ​ភ្ញៀវទេសចរ​បាន​ទៅដល់​ប្រាសាទ​ឬ​កន្លែង​ផ្សេងៗ​ទៀត ការបង្កើន​សក្តានុពល​ទាក់ទាញ​តាមរយៈ​ការបង្កើត​កញ្ចប់​ទេសចរណ៍​បែប​សុខភាព​និង​រៀប​អាពាហ៍ពិពាហ៍ ការត្រួតពិនិត្យ​ប្រភេទ​កាមេរ៉ា​ថត​សម្រាប់​អាជីវកម្ម​។ ល​។ ដែល​ចំណុច​ទាំងនេះ​បាន​ប៉ះពាល់​ដល់​អារម្មណ៍​ទេសចរ និង​សូម​ឲ្យ​មាន​ការ​ជួយ​សម្របសម្រួល​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។

ទាក់ទង​នឹង​បញ្ហា​ដែល​បាន​លើក​ឡើង លោកជំទាវ​រដ្ឋមន្ត្រី​បាន​ធ្វើ​ការ​ឆ្លើយ​បំភ្លឺ​ភ្លាមៗ​ចំពោះ​កិច្ច​ការដែល​ពាក់ព័ន្ធ​ផ្ទាល់​ ឬ​ ដោះស្រាយ​បាន​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ដូចជា ការរៀបចំ​ជួសជុល​ឲ្យ​រួចរាល់​នៅ​កំឡុង​ឆ្នាំក្រោយ​ចំពោះ​ផ្លូវ​ទាំងអស់​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ការរៀបចំ​ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​ដែល​នឹង​លេចចេញ​រូបរាង​នា​ឆ្នាំក្រោយ ព្រមទាំង​កំណត់​ភារកិច្ច​ដល់​អ្នកជំនាញ​ឲ្យ​រៀបចំ​ផែនការ​សកម្មភាព​ដោះស្រាយ​កង្វល់​ពាក់ព័ន្ធ​នឹង​ការ​ចោល​សំរាម ការ​បង្វែរ​គោលដៅ​ទេសចរ បញ្ចៀស​ការ​ប្រមូលផ្តុំ​នៅតែ​ប្រាសាទធំ​សំខាន់ៗ ព្រមទាំង​វិធានការ​ផ្សេងៗ​ទៀត​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ​។ ក្នុងនោះ​ដើម្បី​ប្រសិទ្ធភាព​ការងារ លោកជំទាវ ក៏បាន​ស្នើ​ឲ្យ​វិស័យ​ឯកជន​ទាក់ទង​មក​អាជ្ញាធរ​ជាតិ​អប្សរា​តាម​ប្រព័ន្ធ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​ឬ​តេ​ឡេ​ក្រាម​ផងដែរ​។

ដោយឡែក ចំពោះ​បញ្ហា​មួយចំនួនទៀត​ដែល​មិន​អាច​ដោះ​ស្រាយបាន​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា លោកជំទាវ​បាន​សន្យា​ថា​នឹង​នាំយក​ការ​ព្រួយបារម្ភ​របស់​វិស័យ​ឯកជន​ជូនទៅ​គ្រប់​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ ព្រមទាំង​នឹង​រៀបចំ​អញ្ជើញ​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​ទាំង​នោះ​មក​ចូលរួម​ប្រជុំ​លើក​ក្រោយៗ​ទៀត​។ លោកជំទាវ​ក៏​សូម​អំពាវនាវ​ដល់​វិស័យ​ឯកជន​ចូលរួម​ផ្តល់​យោបល់​ដើម្បី​រួមចំណែក​សំខាន់​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​រមណីយដ្ឋាន​អង្គរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114