ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​-​វៀតណាម ប្តេជ្ញា​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​ព្រំដែន ដែល​នៅ​សេសសល់​ចំនួន​១៦​ភាគរយ​ឲ្យ​បាន​ឆាប់

ភ្នំពេញ​ ៖ ការប្តេជ្ញា​ព​ន្លឿ​ន​ការស្វែងរក​ដំណោះស្រាយ​បញ្ហា​ព្រំដែន ដែល​នៅ​សេសសល់​ចំនួន​១៦​ភាគរយ​នោះ បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​កម្ពុជា​-​វៀតណាម លើក​ទី​៦ ដែល​ភាគី​វៀតណាម​ដឹកនាំ​ដ​ដោយ​លោក ង្វៀន គួ​ក​យុង (Nguyen Quoc Dung) អនុរដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ហើយ​កម្ពុជា​ដឹកនាំ​ដោយ​លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នេះ​បើតាម​លទ្ធផល​ពី​កិច្ចប្រជុំ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កាល​ពីថ្ងៃ​អាទិត្យ ទី​២១ ខែកក្កដា ឆ្នាំ​២០១៩​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ទទួល​ការ​ចូល​ជួប​សម្តែង​ការគួរសម​របស់​លោក Nguyen Quoc Dung និង​ប្រតិភូ​អម ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ​កម្ពុជា​-​វៀតណាម លើក​ទី​៦​។ នៅ​ក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​យោបល់​យ៉ាង​ទូលំទូលាយ អំពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ​រវាង​កម្ពុជា និង​វៀតណាម ហើយ​នៅមុន​ការ​ចូល​ជួប​សម្តែង​ការគួរសម​ខាងលើ លោក ង្វៀន គួ​ក​យុង បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ​កម្ពុជា​-​វៀតណាម​លើក​ទី​៦ ហើយ​កិច្ច​ពិភាក្សា​បាន​គ្រប​ដណ្តប់​លើ​វិស័យ​ជាច្រើន​រួមមាន កិច្ច​សហប្រតិបត្តិការ​នយោបាយ សន្តិសុខ ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី និង​វិនិយោគ ការ​អភិវឌ្ឍ​ធនធានមនុស្ស ការជំរុញ​វិស័យ​ទេសចរណ៍ និង​វប្បធម៌ ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​បញ្ហា​ព្រំដែន​។

ចំពោះ​កិច្ច​សហប្រតិបត្តិការ​នយោបាយ និង​សន្តិសុខ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា រក្សា​នូវ​សន្ទុះ​ដ៏​ល្អ​នៃ​ទំនាក់ទំនង​កម្រិត​ខ្ពស់ កិច្ចប្រជុំ​ជា​ទៀងទាត់​នៃ​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់ បន្ត​បង្កើន​ការ​ចែករំលែក​ព័ត៌មាន និង​សម្របសម្រួល​សកម្មភាព​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​នានា ដូចជា​ការជួញដូរ​គ្រឿង​ញៀន និង​ការ​ជួញដូរ​មនុស្ស ការនាំចេញ​-​ចូល​ទំនិញ​ខុសច្បាប់ និង​ការ​កាប់​ព្រៃឈើ​ខុសច្បាប់​។ ភាគី​ទាំងពីរ​ក៏បាន​ព្រមព្រៀងគ្នា​ក្នុង​ការ​លើកកម្ពស់​ការ​យល់ដឹង​ក្នុងចំណោម​ប្រជាជន​ទាំងពីរ អំពី សារៈសំខាន់ និង​សមិទ្ធផល នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​កសាង​ព្រំដែន​រួម​មួយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​រវាង​ប្រទេស​ទាំងពីរ​។

ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ ភាគី​ទាំងពីរ​បាន​សម្តែង​សុទិដ្ឋិនិយម​ថា ជាមួយ​និន្នាការ​កំណើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​បាន​កើន​ដល់​ប្រមាណ​៤.៧០០​លាន​ដុល្លារ អាមេរិក នៅ​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នឹង​សម្រេច​បាន​តាម​ផែនការ​៥.០០០​លាន​ដុល្លារ នៅ​ឆ្នាំ​២០២០ ហើយ​ថែមទាំង​អាច​បាន​លើស​ពី​ផែនការ​នេះ​ទៀត​ផង ដោយសារ​តែ​មាន​កិច្ច​សម្របសម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រាប់​ឆ្នាំ​២០១៩-២០២០ ដែល​បាន​ចុះហត្ថលេខា​កាលពី​ខែកុម្ភៈ​ ឆ្នាំ​២០១៩​។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ព​ន្លឿ​ន​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន និង​អនុវត្ត វិធានការ​ពាក់ព័ន្ធ​ដើម្បី​ពង្រីក​បន្ថែម​ទៀត​នូវ​ការដោះដូរ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ ក៏ដូចជា​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ចរាចរណ៍​ទំនិញ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំងពីរ​។

នៅ​ក្នុង​កិច្ចពិភាក្សា​នោះ​ដែរ ភាគី​វៀតណាម​បាន​សន្យា​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ក្នុង​វិស័យ​អប់រំ និង​ការ​កសាង​សមត្ថភាព ធនធានមនុស្ស ក្នុង​វិស័យ​ដែល​ជា​តម្រូវការ​របស់​កម្ពុជា​ឲ្យ​អស់ពី​លទ្ធភាព​។ ភាគី​ទាំង​ពីរ​បាន​ឯកភាព លើកទឹកចិត្ត​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​វិទ្យាស្ថាន​ជាតិ​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា និង​បណ្ឌិត្យសភា​ការទូត​វៀតណាម​។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​ជំរុញ​ការអនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ កិច្ចព្រមព្រៀង និង​កម្មវិធី​សហប្រតិបត្តិការ​នានា សំដៅ​បង្កើន​ការ​ផ្លាស់ប្តូរ​ទេសចរណ៍ និង​វប្បធម៌ និង​ការហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​។

ចំពោះ​កិច្ចការ​ព្រំដែន ភាគី​ទាំង​ពីរ​បាន​អបអរសាទរ​ចំពោះ​ការ​សម្រេចបាន​៨៤​ភាគរយ នៃ​ការងារ​ខណ្ឌ​សីមា​ព្រំដែន​គោក និង​សម្តែង​ការ​ជឿជាក់​ថា ឯកសារ​ពាក់ព័ន្ធ​ផ្លូវច្បាប់ ដើម្បី​ទទួលស្គាល់​សមិទ្ធផល​ទាំងនេះ នឹង​ត្រូវ​បាន​រៀបចំ​រួចរាល់​សម្រាប់​ចុះហត្ថលេខា​តាម​គម្រោង ក្នុង​អំឡុង​ឆ្នាំ​២០១៩ នេះ​។ ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ជាថ្មី​ខិតខំ​ព​ន្លឿ​ន​ការរក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​១៦​ភាគរយ មិនទាន់​ដោះស្រាយ ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ និង​គោលការណ៍​ខ្សែ​ព្រំដែន​តាម​កេរតំណែល​មិន​កែប្រែ​។

ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​ការ​ត្រៀម​លក្ខណៈ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែសីហា ឆ្នាំ​២០១៩ នៅ​កម្ពុជា និង​បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នយោបាយ​លើក​ទី​៧ នៅ​ឆ្នាំ​២០២០ នៅ​ប្រទេស​វៀតណាម​ផងដែរ៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114