ព័ត៍មានទាន់​ហេតុការណ៏
Search

វគ្គ​៨​ក្រុម​ចុងក្រោយ HUN SEN CUP ចាប់ឆ្នោត​ថ្ងៃ​ពុធ សប្តាហ៍​នេះ

គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា ( CNCC ) បាន​បង្ហាញ​កាលបរិច្ឆេទ​នៃ​ការ​ចាប់​ឆ្នោត​ផ្គូផ្គង​គូប្រកួត​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ថ្នាក់​ជាតិ នៃ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រចាំ​ឆ្នាំ ២០១៩ លើក​ទី​១៣ គឺ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ ទី​២៤ ខែកក្កដា​ខាងមុខ។

សមាសភាព​ក្រុម​ដែល​នឹង​ត្រូវ​ចូលរួម​ការ​ចាប់​ឆ្នោត​រួមមាន ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​, បឹងកេត​, ភ្នំពេញ​ក្រោ​ន​, វិសាខា​, អង្គ​រថា​យ​ហ្គឺ​រ​, សូល​ទី​ឡូ​អង្គរ​, គិរីវង់​សុខ​សែន​ជ័យ និង ក្រសួងការពារជាតិ។

គួរ​រំលឹក​ផង​ដែរ​ថា ណាហ្គា​វើ​ល ដែល​ជា​ក្រុម​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ច្រើន​ជាង​គេ​ក្នុង​ពានរង្វាន់​មួយ​នេះ បាន​ធ្លាក់​ចេញពី​វគ្គ​១៦​ក្រុម​ចុងក្រោយ ពោល​គឺ​បន្ទាប់ពី​បរាជ័យ​ក្នុង​លទ្ធផល​សរុប ទល់នឹង​គិរីវង់ ១-២ កន្លងមក ដែល​បង្ករ​ជាការ​ភ្ញាក់ផ្អើល​ខ្លាំង ក្នុង​ពិភព​បាល់ទាត់​កម្ពុជា​។

អំពី​បញ្ជី​ឈ្មោះ​កីឡាករ​ស៊ុត​ចូល​ទី​ច្រើន​ជាង​គេ​វិញ កីឡាករ វ៉ា ខ្វិន​ទីន ដែល​មាន ១១​គ្រាប់ បន្ទាប់ពី​រូបគេ បង្ហាញខ្លួន​ក្នុងការ​ប្រកួត​រវាង​ភ្នំពេញ​ក្រោ​ន ទល់នឹង កំពង់ចាម ដោយ​យកឈ្នះ​ក្នុ​លទ្ធផល​សរុប​ទាំងពីរ​ជើង ២៤ ទល់នឹង​០។ ស្ថិត​ក្នុង​ការ​រក​គ្រាប់​បាល់​បាន​ច្រើន​នេះ​ផង​ដែរ សាមីខ្លួន បាន​បង្ហាញ​អំពី​ទំនុក​ចិត្ត​ខ្ពស់ ក្នុង​ការ​ប្រជែង​ស្បែកជើង​មាស ដោយ​គិត​ថា ចាប់ពី​វគ្គ​៨​ក្រុម​ចុងក្រោយ​តទៅ នឹង​សុទ្ធតែជា​ការប្រកួត រវាង​ក្លិប​ធំ និង​ក្លិប​ធំ ដែល​ធ្វើ​ឲ្យ​ការ​រក​គ្រាប់​បាល់​របស់​កីឡាករ​ផ្សេងៗ​ទៀត អាច​នឹង​ពិបាក​។

​គិរីវង់ ទីបំផុត​បាន​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ ជា​លើក​ទី​ពីរ​ហើយ ក្នុង​ពានរង្វាន់​មួយ​នេះ ដោយ​ធ្លាប់​ធ្វើបាន​ម្តង កាលពី​ឆ្នាំ ២០១៧ ដែល​កាលនោះ ប្រកួត​ចាញ់​បឹងកេត ក្នុង​លទ្ធផល​សរុប ៤-២។

គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា សម្រាប់​ក្រុម​ដែល​ត្រូវ​បាន​ជ្រើសរើស​មក​ចូលរួម​លី​គ​រដូវ​កាល​២០១៩​នេះ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​ថៃ លោក Ekapob Potisai កំពុង​ស្ថិតនៅ​លេខ​រៀង​ទី ១១​ក្នុង​លី​គ ប្រកួត ១៦​លើក ឈ្នះ ៥ និង​ចាញ់ ១១ មាន ១៥​ពិន្ទុ​។

គួរ​បញ្ជាក់​ថា តាម​ការ​ជូនដំណឹង​របស់ CNCC ចាប់ពី​វគ្គ​៤​ក្រុម​ចុងក្រោយ​តទៅ នឹង​មិន​មានការ​ប្រកួត​តាម​រូបមន្ត​ផ្លាស់ប្តូរ​ទឹកដី​ទៀត​នោះឡើយ ពោលគឺ​ការ​ប្រើ​រូបមន្ត​នេះ នឹង​អនុវត្ត​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​តែប៉ុណ្ណោះ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114