ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េ​នឹង​បន្ត​បង្កើន​កូតា​សម្រាប់​ពលករ​កម្ពុ​ជា​ទៅ​ធ្វើការ​នៅ​កូរ៉េ​ឲ្យ​បាន​ច្រើន​ថែមទៀត

ភ្នំពេញ​ ៖​ លោក​បណ្ឌិត KIM DONG MAN ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​លើក​ឡើង​ថា ​កូរ៉េ​នឹង​បន្ត​បង្កើន​កូតា​ដល់​ពលករ​កម្ពុជា​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​បន្ថែមទៀត​។

ថ្លែង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាល​ព្រឹក​ថ្ងៃ​ទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្តី​ពី​ប្រព័ន្ធ​អនុគ្រោះ​ការងារ​(EPS) នៅ​ទីស្តីការក្រសួង​លោក​បាន​បន្តថា​ ការបង្កើន​ចំនួន​កូតា​ដល់​ពលករ​ខ្មែរ​នេះ​ដោយ​មើលឃើញ​ពី​អត្តចរិត​ស្លូតបូត ឧស្សាហ៍​ព្យាយាម​របស់​ពលករ​កម្ពុជា ដែល​កំពុង​បម្រើ​ការងារ​នៅ សាធារណរដ្ឋ​កូរ៉េ ក៏ដូចជា​ការ​មាន​កិច្ចសហការ​ល្អ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​កូរ៉េ សាធារណ​កូរ៉េ​ផងដែរ​។

លោក​បណ្ឌិត អ៊ិត សំហេង បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់ HRD-KOREA ដែល​បន្ត​ជួយ​ជ្រើសរើស​កម្លាំង​ពលកម្ម​បរទេស ជាពិសេស​បងប្អូន​ពល​ករ​-​ពល​ការិនី​កម្ពុជា​។​ លោក​បណ្ឌិត​រដ្ឋមន្ត្រី​សង្ឃឹមថា ក្នុង​អាណត្តិ​ការងារ​របស់ លោក​បណ្ឌិត KIM DONG MAN ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ រយៈពេល ៣​ឆ្នាំនេះ នឹង​កាន់តែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​រ​វាង គណៈកម្មាធិការ​បណ្តុះបណ្តាល និង​បញ្ចូល​ពលករ​ទៅ​បរទេស នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​(MTOSB)​និង​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ (HRD-KOREA) នឹង​កាន់តែ​ប្រសើរ​ឡើង​បន្តទៀត​។

ទន្ទឹម​នឹង​នេះ​ដែរ ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណរដ្ឋ​កូរ៉េ ប្តេជ្ញា​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នៃ​ការ​បញ្ជូន​ពលករ​នេះ ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​យើង​ទាំងពីរ។

ក្នុង​ឱកាស​នោះ​ដែរ​ ភាគី​កូរ៉េ​នឹង​ផ្តល់​ជូន​អ្នកបច្ចេកទេស ដើម្បី​បណ្តុះ​បណ្តាល​ផ្នែក​បច្ចេកវិទ្យា​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ឲ្យ​ទទួល​បាន​នូវ​ជំនាញ​ខាង​បច្ចេកវិទ្យា​នេះ​កាន់តែ​ប្រសើរ ខណៈ​ពួកគេ​ត្រឡប់​មក​ស្រុកកំណើត​វិញ នឹងមាន​ជំនាញ​មួយ​ច្បាស់លាស់​បន្ថែមទៀត​។

សូម​បញ្ជាក់​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៤ សម្រាប់​រយៈពេល​នៃ​ការ​បញ្ជូន​នេះ តែ​បើ​ធៀប​ជាមួយ​ប្រទេស​ធំៗ​វិញ កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​។ កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ដែល​បាន​បញ្ជូន​ពលករ​ច្រើន​ជាង​គេ​ក្នុងចំណោម ១៦​ប្រទេស ក្នុង​ឆ្នាំ​២០១៩​នេះ (​លេខ​២ នេ​ប៉ាល់​, លេខ​៣ វៀតណាម​, លេខ​៤ ឥណ្ឌូនេស៊ី​, លេខ​៥ ថៃ​)​។

ចាប់ពី​ឆ្នាំ​២០១៨​មក ការ​ជ្រើសរើស​បេក្ខជន​ដើម្បី​ដាក់​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ នៅ​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ប្រព័ន្ធ EPS ដោយ​ផ្អែកលើ​កត្តា​៣​យ៉ាង​ជា​ចាំបាច់ ទី​១-​តេស្ត​ភាសា​កូរ៉េ EPS-TOPIK តាម​ប្រព័ន្ធ​កុំព្យូទ័រ ទី​២-​តេស្ត​ជំនាញ និង​ទី​៣-​ការវាយតម្លៃ​សមត្ថភាព​។ មានន័យថា បេក្ខជន​ដែល​ប្រឡង​ជាប់​តេស្ត​សមត្ថភាព​កូរ៉េ ត្រូវ​ប្រឡង​ជាប់​តេស្ត​ជំនាញ និង​ការវាយតម្លៃ​សមត្ថភាព ទើប​ក្លាយជា​បេក្ខជន​ជាប់​ជា​ស្ថាពរ មាន​សិទ្ធិ​ដាក់​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​(​ដែល​កន្លងមក បេក្ខជន​ប្រឡង​ជាប់​តេស្ត​សមត្ថភាព​កូរ៉េ គឺអាច​ដាក់​ពាក្យសុំ​ស្វែងរក​ការងារ​ធ្វើ​នៅ​សាធារណរដ្ឋ​កូរ៉េ​បានតែ​ម្តង​)​។

ចាប់ពី​ឆ្នាំ​២០០៧​មក ការ​ប្រឡង​តេស្ត​សមត្ថភាព​កូរ៉េ​(EPS-TOPIK) រៀបចំ​បាន​ចំនួន ១៦​លើក​មកហើយ​(​លើក​ទី​១៦ កំពុង​អនុវត្ត​) ដែល​អនុវត្ត​ដោយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ (HRD-Korea) រួម​សហការ​ជាមួយ​គណៈកម្មាធិការ​បណ្តុះ​បណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស​(MTOSB) ដែល​មាន​បេក្ខជន​ដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង​សរុប​ចំនួន ៤៣៤ ០៥៤​នាក់ ហើយ​បេក្ខជន​ប្រឡង​ជាប់​សរុប​ចំនួន ៨៩ ៣៩៣​នាក់​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114