ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ ៖ ការផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ថា តុលាការយោធា​មាន​លក្ខណៈ​បក្ខពួក និង​គ្រួសារនិយម ជា​រឿង​មិន​ពិត

ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ច្រានចោល​ព័ត៌មាន​មួយចំនួន ដែល​បាន​ផ្សព្វផ្សាយ​ថា តុលាការយោធា មាន​លក្ខណៈ​បក្ខពួក និង​គ្រួសារនិយម ដោយបាន​អះអាង​ថា នោះ​ជា​ការ​ផ្សាយ​បំផ្លើស​ហួស​ពី​ការពិត ដែល​ការ​ច្រានចោល​ព័ត៌មាន​នេះ ធ្វើឡើង​នៅលើ​បណ្ដាញ​សង្គម Facebook ផ្ទាល់ខ្លួន​។

ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ធ្វើឡើង​បន្ទាប់ពី​ថ្មីៗ​នេះ​វិទ្យុផ្សាយសម្លេង​ជា​ភាសា​ខ្មែរ​មួយ បាន​ផ្សាយ​ថា ប្រធាន​តុលាការយោធា លោក​ឧ​ត្ត​ម​សេនីយ៍​លោក ន័យ ថុល ដែល​បាន​កាន់​តំណែង​នេះ តាំងពី​ឆ្នាំ​១៩៨៧​មក និង​ជា​ចៅក្រម​នៅ​សាលា​ក្តី​ខ្មែរក្រហម​ផង បាន​តែងតាំង​ភរិយា គឺ​អ្នកស្រី អ៊ឹម សម្បត្តិ និង​កូនប្រុស​បង្កើត​ពីរ​នាក់​របស់​ខ្លួន​ឲ្យ​ធ្វើ​ជា​ចៅក្រម និង​ជា​អនុប្រធាន​តុលាការយោធា​។

នាយ​ឧ​ត្ត​ម​សេនីយ៍​លើកឡើង​យ៉ាងនេះ​ថា “​នា​ថ្មីៗ​នេះ សារព័ត៌មាន​មួយចំនួន បាន​ផ្សព្វផ្សាយ​ចោទប្រកាន់​បន្តបន្ទាប់​មក​លើ ការគ្រប់គ្រង​នៅក្នុង​តុលាការយោធា ដោយ​វាយប្រហារ​ថា មាន​លក្ខណៈ​បក្ខពួកនិយម និង​គ្រួសារនិយម ដែល​ពាក្យ​ទាំងនេះ​គឺជា​បំប៉ោង និង​បំផ្លើស​ខុសពី​ការពិត”។

ក្នុងនាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បញ្ជាក់​ថា “​ខ្ញុំ​បញ្ជាក់​ជូន​អ្នកសារព័ត៌មាន និង​សាធារណជន​ជាថ្មី​ម្តង​ទៀត​ថា តុលាការយោធា​កម្ពុជា មិន​មាន​បញ្ហា​បក្ខពួក​និយម ឬ​ គ្រួសារនិយម ដូច​ការ​ចុះផ្សាយ​ចោទប្រកាន់​នោះ​ឡើយ​។ តុលាការយោធា​កម្ពុជា បាន​ដំណើរការ​ប្រកបដោយ​ភាព​ឯករាជ្យ និង​តែង​ផ្តល់​យុត្តិធម៌​សម្រាប់​យោធិន​គ្រប់រូប​”​។

ទោះជា​យ៉ាង​នេះ​ក្តី នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ បាន​ស្វាគមន៍​មតិ​រិះគន់​ប្រកបដោយ​ស្ថាបនា ព្រមទាំង​ទទួលយក​ព័ត៌មាន​ទាំងអស់ ដើម្បី​ពិនិត្យ តាមដាន មុននឹង​លើក​ជា​របាយការណ៍​ជូន​ថ្នាក់លើ ហើយ​តែង​រង់ចាំ​អនុវត្ត​ជានិច្ច រាល់​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

សូម​បញ្ជាក់​ថា នៅ​ពេល​ថ្មីៗ​នេះ​វិទ្យុ​អាស៊ីសេរី​បាន​ផ្សាយ​ថា មន្ត្រី​នៅ​តុលាការយោធា ដែល​សុំ​លាក់​អត្តសញ្ញាណ​បាន​និយាយថា ប្រធាន​តុលាការយោធា​ឧ​ត្ត​ម​សេនីយ៍​ឯក​ផ្កាយ​៣ លោក ន័យ ថុល ដែល​កាន់​តំណែង​នេះ តាំងពី​ឆ្នាំ​១៩៨៧​មក និង​ជា​ចៅក្រម​នៅ​សាលាក្តី​ខ្មែរក្រហម​ផង បាន​តែងតាំង​ភរិយា គឺ​អ្នកស្រី អ៊ឹម សម្បត្តិ និង​កូនប្រុស​បង្កើត​ពីរ​នាក់​របស់​ខ្លួន​ឲ្យ​ធ្វើ​ជា​ចៅក្រម និង​ជា​អនុប្រធាន​តុលាការយោធា​។ កូនប្រុស​ទាំងពីរ​ឈ្មោះ ផូ​រ ភិរម្យ និង ឈ្មោះ ផូ​រ វីរៈ នេះ មិន​ត្រឹម​តែមាន​តួនាទី​ត្រឹម​ជា​អនុ​ប្រ ធាន​តុលាការយោធា និង​ជា​ចៅក្រម​ដូច​ម្តាយ​ទេ គឺ​ពួកគេ​ក៏​ជា​នាយការិយាល័យ​ចៅក្រម​ស៊ើបសួរ ព្រមទាំង​ជា​នាយ​ទាហាន មាន​ឋានន្តរសក្ដិ​ឧ​ត្ត​ម​សេនីយ៍​ត្រី និង​ខោ​ទៀត​ផង​។ ចំណែក​កូន​ទី​៣ លោក ន័យ ធូរ​ច័ន្ទ​គង្គារ ក៏​កំពុង​ធ្វើ​ការ​នៅ​ក្នុង​តុលាការយោធា​ដែរ​។

ប្រភព​អះអាង​ថា ករណី​អំពើពុករលួយ និង​បញ្ហា​បក្ខពួក​គ្រួសារនិយម​នៅ​ក្នុង​ស្ថាប័ន​តុលាការយោធា​នេះ គឺ​ធ្វើ​ឡើង​ជា​ប្រព័ន្ធ និង​លាក់បាំង​បំផុត ដែល​សូម្បីតែ​ឈ្មោះ​ត្រកូល​ក៏​ផ្លាស់ប្តូរ​ដែរ។

វិទ្យុ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា លោក ន័យ ថុល ក៏​ប្រមូល​សាច់ញាតិ​មួយ​ចំនួន​ទៀត ដូចជា លោក​ឧត្ត​ម​សេនីយ៍​ទោ នុត សោ​ភ័​ណ្ឌ ត្រូវជា​ប្អូនជីដូនមួយ កំពុង​កាន់​តួនាទី ជា​អនុប្រធាន​តុលាការយោធា ជា​ចៅក្រម និង​ជា​នាយការិយាល័យ​ហិរញ្ញវត្ថុ​។ លោក នុត សោ​ភ័​ណ្ឌ មាន​បងប្អូន​បង្កើត​ម្នាក់​ទៀត​ឈ្មោះ នុត សុ​ផែន កំពុង​ធ្វើ​ការ​ក្រោមបង្គាប់​របស់​លោក​។

ប្រភព​បន្ត​ថា សូម្បីតែ​អ្នក​បើក​ឡាន​ឲ្យ​លោក ន័យ ថុល ឈ្មោះ អ៊ូ សេរី ក៏ត្រូវ​បាន​ដំឡើង​ឲ្យ​ធ្វើ​ជា​ចៅក្រម​ដែរ​។ ក្រៅ​ពី​នេះ ចៅក្រម​មួយ​ចំនួន​ទៀត ក៏​ជា​សាច់ញាតិ និង​បក្ខពួក​របស់លោក ន័យ ថុល ដែរ ដូចជា​លោក​ចៅក្រម ង៉ូ​វ វុទ្ធី ចៅក្រម ឃឹម សុ​ឃាន និង​ចៅក្រម ពិន សំអឿន​។ រីឯ​មេ​គ្រាក់ៗ នៅក្នុង​ស្ថាប័ន​នេះ​មួយចំនួន ក៏​យក​គំរូ​តាម​លោក ន័យ ថុល ដោយ​ពួកគេ​ប្រមូល​កូន និង​សាច់ញាតិ​ចូលធ្វើការ​ជា​ហូរហែ​ដែរ​។

ចំណែក​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ចៅក្រម តុលាការយោធា​នាយ​ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​៤ លោក សាវ សុខ ក៏មាន​កូនស្រី​ម្នាក់​ឈ្មោះ សុខ​គី​ណូ កត្តា ជា​ចៅក្រម​តុលាការយោធា និង​មាន​ឋានន្តរសក្ដិ​វរសេនីយ៍ត្រី​។ រីឯ​អនុប្រធាន​តុលាការយោធា និង​ជា​ចៅក្រម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ោក ប៉ុន មាន​កូន​ប្រុស​ឈ្មោះ ប៉ុន វណ្ណៈ ជា​ចៅក្រម​។

វិទ្យុ​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ចៅក្រម​នៅ​ក្នុង​តុលាការ​យោធា​មាន​ចំនួន​លើស​ពី​២៥​រូប ហើយ​ក្នុង​នោះ​អនុប្រធាន​តុលាការ យោធា​មិន​តិច​ជាង​១០​នាក់​នោះ​ទេ ខណៈ​តុលាការ​នេះ មិនសូវ​មាន​សំណុំ រឿង​កាត់​ក្តី​ឡើយ​។ ប្រភព​បន្ត​ថា ក្នុង​មួយ​ឆ្នាំ តុលាការយោធា​មាន​សំណុំរឿង​ប្រហែល​២​ទៅ​៣​សំណុំរឿង​ប៉ុណ្ណោះ ប៉ុន្តែ​មូលហេតុ ដែល​មាន​ការតែងតាំង​អនុប្រធាន​តុលាការ និង​ចៅក្រម​ច្រើន​បែបនេះ ព្រោះ​ពួកគេ​មានបំណង ដើម្បី​តែ​បើក​ប្រាក់ខែ​រដ្ឋ ដែល​ម្នាក់ៗ​មិន​តិច​ជាង​៤​លាន​រៀល ឬ​ជាង​១​ពាន់​ដុល្លារ​នោះ​ទេ ប្រសិនបើ​បូក​ទាំង​តួនាទី និង​មុខងារ​ដ៏​សំពីងសំពោង​របស់​ពួកគេ​៕
កោះ ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114