ព័ត៍មានទាន់​ហេតុការណ៏
Search

សង្ស័យ​ ស្រវឹងស្រាពី​ព្រលប់​ទៅ​ដេក​លេង​លើ​ផ្លូវ​រថភ្លើង ​ត្រូវ​រថភ្លើង​កិន​ដាច់​ក្បាល​ចេញពី​ដងខ្លួន

ភ្នំពេញ ៖ បុរស​ជា​កម្មករ​ជួសជុល​រថយន្ដ​ម្នាក់​ ខណៈ​ផឹក​ស៊ី​ស្រាស ស្រាថ្នាំ រៀង​ជ្រុល​បន្ដិច ក្រោយពី​ឈប់​ផឹក​បែកផ្លូវ​គ្នា​មិន​ទៅ​រក​កន្លែងដេក​ពួន​ត្រឹមត្រូវ​បែរជា ទៅ​ដេក​លេង​លើ​ផ្លូវ​រថភ្លើង ហើយ​លង់លក់​ជ្រុល​មិន​ដឹង​ខ្លួន ជាហេតុ​នាំ​ឲ្យ​រថភ្លើង​បើក​មក​ទាំង​កណ្ដាល​អធ្រាត្រ​កិន​ដាច់​ក្បាល​ចេញពី​ដងខ្លួន​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សាកសព​មានឈ្មោះ លី លាភ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ យានដ្ឋាន​ជួសជុល​រថយន្ត ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ មាន​ស្រុកកំណើត ភូមិ​ឈើទាល​ភ្លោះ​ក្រោម ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ។ មាន​ប្រពន្ធ​ឈ្មោះ យ៉េន ស៊ី​យ៉ាន អាយុ៣៩​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ មាន​កូន​ស្រី​ចំនួន​៤​នាក់ ស្នាក់នៅ ផ្ទះ​ជួល​ភូមិ​កន្ទោក​ត្បូង សង្កាត់​កន្ទោក ក្បែរ​កន្លែង​កើតហេតុ នោះដែរ។

តាម​ប្អូនថ្លៃ របស់​ជនរងគ្រោះ បាន​ឲ្យ​ដឹង​ថា កាលពី​ព្រលប់​ថ្ងៃទី​២១ ខែកក្កដា ជនរងគ្រោះ រួមជាមួយ​សាច់ញាតិ​គ្នា​៣​នាក់​ទៀត​បាន នាំគ្នា​ផឹក​ស៊ី​ស្រាស ស្រា ថ្នាំ អស់​កន្លះ​លីត្រ រួច​ក៏​ចែក​ផ្លូវ​គ្នា ចូល​សម្រាក​រៀង​ៗ​ខ្លួន រីឯ​ជនរងគ្រោះ ក៏​បងប្អូន ក្រុមការងារ​ណា​ចាប់អារម្មណ៍​ថា​ គាត់​ទៅ​គេង​កន្លែង​ណា​ទេ លុះដល់ ព្រឹក​ឡើង​ថ្ងៃ​ទី​២២ ស្រាប់តែ​ប្រទះឃើញ សាកសព​ជនរងគ្រោះ ក្នុង​សភាព​រថភ្លើង​កិន​ដាច់​ក្បាល​បែបនេះ​តែម្តង។

តាម​ប្រជាពលរដ្ឋ រស់នៅ ក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា កាលពី​អំឡុង ម៉ោង​២​រំលង​អធ្រាត្រ ឈាន ចូល​ថ្ងៃ​ទី​២២​នេះ មាន​រថភ្លើង​មួយ​ខ្សែ បើក​ឆ្លងកាត់​ចំណុច​កើតហេតុ លុះដល់​ព្រឹក​ឡើង​នេះ​ស្រាប់តែ​ប្រទះឃើញ​សាកសព​តែម្តង ។ តាម​កសិដ្ឋាន​នៅ​កន្លែងកើតហេតុ ជនរងគ្រោះ​គឺ​ស្លាប់​ដោយសារ រថភ្លើង​កិន​ដាច់​ក្បាល បង្ក​ឲ្យ​ភ្ញាក់ផ្អើល ប្រជាពលរដ្ឋ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង។

ប្រភព​នៅ​កន្លែង​កើតហេតុ​បន្ដ​ថា ខណៈ​ដែល​សមត្ថកិច្ច កំពុង​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ធ្វើការ​ត្រួតពិនិត្យ​លើ សាកសព មិនទាន់​យកចេញ​ពី​ផ្លូវដែក ផង​ស្រាប់​តែ​មាន​មាន​រថភ្លើង​មួយ​ខ្សែ​ថ្មី​ទៀត ដឹកទំនិញ បើក​ចូល​ទីក្រុង​ភ្នំពេញ​ខណៈ សាកសព​មិនទាន់​លើក​ចេញពី​ផ្លូវ​រថយន្ដ​ភ្លើង​ផង ទើប​ប្រជាពលរដ្ឋ សមត្ថកិច្ច ស្រែក​ស្នើសុំ​ឲ្យ​រថភ្លើង​ខ្សែ​ថ្មី​នោះ​ឈប់​ជា​បណ្តោះអាសន្ន​សិន​រង់ចាំ​លើកសព​ចេញ​។

សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ចុះ​ទៅ​ពិនិត្យ​ធ្វើ កោសល្យវិច័យ​ដឹង​ការពិត​ថា​ពិតជា​ត្រូវ​រថភ្លើង​កិន​ស្លាប់​មែន​នោះ​ទើប ប្រគល់​ឲ្យ​ក្រុម​គ្រួសារ ចាត់ចែង​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ឯ​ស្រុកកំណើត​ដោយ​ពុំ​មានការ​ប្ដឹងផ្ដល់​អ្វី​ឡើយ៕
វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114