ព័ត៍មានទាន់​ហេតុការណ៏
Search

កសិករ​ដាំ​ស្វាយចន្ទី នៅ​ខេត្ត​ស្ទឹងត្រែង​ ផ្ដល់​បទពិសោធន៍​ឱ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ការថែទាំ​ស្វាយចន្ទី

ស្ទឹងត្រែង ​៖​ កសិករ​ដាំ​ស្វាយចន្ទី​ប្រមាណ​៣០០​នាក់ នៅ​ខេត្ត​ស្ទឹងត្រែង​ជួបជុំ គ្នា​ផ្តល់​បទពិសោធន៍​ជូន​គ្នា​ទៅវិញទៅមក ដើម្បី​ថែទាំ ដំណាំ​ឧស្សាហកម្ម​មួយ​នេះ ឱ្យ​​​ទទួល​បាន​ទិន្នផល​ច្រើន ព្រោះ​វា​មាន​ទីផ្សារ ស្រួល​លក់​ទៅ​ប្រទេសជិតខាង ទោះ​បី​ថា​ពេលខ្លះ​តម្លៃ​ធ្លាក់​ចុះ​ខ្លះៗ​ក៏ដោយ។

លោក​កែវ​ជឿ​ង ​កសិករ​នៅ​សង្កាត់​ព្រះបាទ​ក្រុង​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា ​៖​ កសិករ​ភាគច្រើន​ពុំ​មាន​លទ្ធភាព​ដាំ​ដំណាំ​ឧស្សាហកម្ម​ទទួល​បាន​ផល ទៅតាម​ការ​ចង់​បាន​នោះ​ឡើយ ហើយ​ផលដំណាំ​ខ្លះ ពិបាក​រក​ទីផ្សារ​នាំចេញ ដូចជា​ស្វាយកែវ​ល្មៀត​-​ម្រេច​-​ម្នាស់​-​អំពៅ​-​ក្រូចឆ្មារ​-​និង​ដំឡូង​មី​ជាដើម​។​

លោក​ថា ​៖​ ចំណែក​ស្វាយចន្ទី​ផល​មាន​ទីផ្សារ​ស្រួល​លក់ តែ​ដំណាំ​ឧស្សាហកម្ម​មួយ​មុខ​នេះ ​កសិករ​មិនទាន់​មាន​បច្ចេកទេស​ថែទាំ​ និង​ទាញ​យក​ផល​ឱ្យ​បាន​តាម​តម្រូវការ​ទេ វា​ដង្កូវ​ចុង​ៗ​ស្លឹក ដង្កូវ​ហើយ​វា​ក្រហម​ៗ​ចេញ​ជ័រ​ ជួនកាល​វា​តូចៗ​វា​ងាប់​ក្រៀម​ទៅ​ វា​ចេញ​ជ័រ​នៅ​នឹង​គល់​ហើយ​ខ្ញុំ​សួរ​គេ​ដែរ​ គេ​ថា​វា​មាន​រោគ​ ហើយ​ស្វាយ​ក៏​អញ្ចឹង​ដែរ ខ្ញុំ​មាន​ស្វាយ​ខ្លះ​ដែរ​ ជាទូទៅ​ដង្កូវ​ស៊ី វា​លាស់ ស្លឹក​ចេញ​មក​វា​ស៊ីៗ​ត្រួយ​ខ្ញុំ​ចង់​បាញ់ថ្នាំ​គីមី​ដែរ តែ​ខ្លាច​វា​ប៉ះពាល់​អញ្ចឹង​ណា។

លោក សយ ហេង មេភូមិ​​រាជានុកូល​ ក្រុង​ស្ទឹងត្រែង ​បាន​ទទួល​ស្គាល់ថា ​៖​ ឆ្នាំ​នេះ​ អាកាសធាតុ​ក្ដៅ​បាន​អូស​បន្លាយ​យូរ ដល់ពេល​ភ្លៀង​ធ្លាក់​មក​ ក៏​កើត​មាន​បញ្ហា​វីរុស​ផ្សេងៗ ​និង​មាន​សត្វល្អិត​មក​បំផ្លាញ​ដំណាំ​កសិករ​ស្ទើរ​គ្រប់​ទីកន្លែង ​អញ្ចឹង​ខ្ញុំ​ក៏​ព្រួយបារម្ភ​ដែរ​ មានតែ​សំណូមពរ​ទៅ​ដល់​ខាង​លើ​​​រក​វិធានការ​ណា​ទប់ស្កាត់ និង​ជួយ​គ្នា​ធ្វើ​ម៉េច​កុំ​ឲ្យ​​​ដើម​ចន្ទី​មាន​រោគ និង​មាន​ជំងឺ ប៉ុន្តែ​មាន​កន្លែង​ខ្លះ​ ដី​ខ្លះ​ទិន្នផល​វា​ល្អ​ ដី​ខ្លះ​វា​ល្អ​ណាស់ ​យើង​ដាំ​ទៅ​អត់​សូវ​មាន​រោគ​អី​ទេ តែ​មួយ​ចំនួន​ធំ​​ ​​​​​មាន​រោគ​ច្រើន​នា​ឆ្នាំ​នេះ។

លោក​សួន ​សឿន ​មន្ត្រី​ជំនាញ​ផ្នែក​បច្ចេកទេស​កសិកម្ម​បាន​បញ្ជាក់​ថា ​៖ ​ដំណោះស្រាយ​បញ្ហា​នេះ​ចូល​កសិករ​យើង​សម្រេចចិត្ត​ឱ្យ​បាន​ច្បាស់លាស់ និង​សូម​ប្រើប្រាស់​ជីធម្មជាតិ ​និង​ថ្នាំ​សម្លាប់​សត្វល្អិត​ទាំង​ឡាយ​ណា ដែល​មាន​អាជ្ញាប័ណ្ណ​ទទួលស្គាល់​ពី​ក្រសួងកសិកម្ម​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ទិញ​ទៅ​ប្រើប្រាស់​លើ​ដំណាំ​តាម​ការណែនាំ ដូចជា​ជីធម្មជាតិ ​(​ថៅ​វ័រ​រី​ច​)​ជាដើម​​ ​គឺ​យើង​អាច​ជួយ​ទី​១​គឺ​យើង​អាច​ធ្វើ​ឲ្យ​របួស​ផ្នែក​ឫស​វា​ល្អ​ឡើងវិញ ទី​២​វា​ជួយ​បណ្ដុះ​ឫស​ថ្មី ទី​៣​វា​ជួយ​ផ្សះ​សារធាតុ​រ៉ែ​នៅ​ជុំវិញ​គល់​​​ឲ្យ​វា​ល្អ ហើយ​ទី​៤​បាញ់​ទៅ​លើ​ស្លឹក​ ធ្វើ​ឲ្យ​​ដើម​វា​មាន​កម្លាំង​មាន​សុខភាព​មាំមួន​ឡើងវិញ ប៉ុន្តែ​ការ​ហៀរ​ជ័រ​បើសិន​មាន​ករណី​សត្វល្អិត​អី​នោះ​នៅលើ​ដើម យើង​អាច​លាយថ្នាំ​សត្វល្អិត​បន្តិច​ទៅ​វា​ជា​ការ​សម្រេច ហើយ​អាហ្នឹង​ដោយ​ងាយៗ​តែម្តង។

លោក ដាំ សីហា ប្រធាន​ក្រុមហ៊ុន​សីហា​(​ថៅ​វ័រ​រី​ច​)​បានលើកឡើង​បន្ថែមថា ​៖ ​កសិករ​ស្ទូងស្រូវ​ចង់បាន​ផ្លែផ្កា ធ្វើ​ចំការ​ចង់បាន​ផល​ច្រើន ដូចនេះ​ពេល​បានមក​ជួបជុំគ្នា សូមឱ្យ​បងប្អូន​កសិករ​ជួយ​ផ្តល់​បទពិសោធន៍​ឲ្យ​គ្នា​ទៅវិញទៅមក​ ទាំង​ការថែទាំ​និង​ការប្រើប្រាស់​ជី​ធម្មជាតិ​។​

សូម​បញ្ជាក់​ថា ​៖​ កម្មវិធី​ជួប​ជុំ​កសិករ​ដាំ​ដំណាំ​ឧស្សាហកម្ម​ក្រុមហ៊ុន​(​សីហា​ថៅ​វ័រ​រី​ច​)​ បាន​ផ្តើម​ឱ្យ​ជួបជុំគ្នា​បាន​៦​ខេត្ត​រាជធានី​ហើយ ក្នុង​នោះ​មាន ខេត្ត​-​បាត់ដំបង​-​សៀមរាប​-​កំពង់ចាម -​ស្ទឹងត្រែង​-​តាកែវ​និង​រាជធានី​ភ្នំពេញ៕

ដោយ ៖ ងិន​លីម



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114