ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​សង្ស័យ​ម្នាក់ ​ត្រូវ​ប៉ូលិស​ក្រុង​បាន​លុង​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​បរិហារកេរ្តិ៍ និង​​​ប្រើប្រាស់​ឯកសណ្ឋាន​កងទ័ព​ដោយ​ខុសច្បាប់

រតនគិរី​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​បរិហារកេរ្តិ៍​សាធារណៈ​ និង​ប្រើប្រាស់​ឯកសណ្ឋាន​កងទ័ព​ក្លែងក្លាយ រួម​ទាំង​មាន​ផ្ទុក​សារធាតុ​ញៀន​ទៀត​ផង។

ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ កន្លងទៅ ស្ថិត​នៅក្នុង​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​

អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​នគរបាល​ក្រុង​បាន​លុង​លោក តេង សាវុធ បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៣​កក្កដា​នេះ​ថា ឈ្មោះ ថាំ គីម​លាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ មានមុខ​របរ​ជាង​ឈូស​ឈើ បាន​ជាប់​ពាក់ព័ន្ធ​ករណី​ចំនួន​៣ ក្នុង​នោះ​មាន ១, ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ២, ក្លែងក្លាយ​ឯកសណ្ឋាន​កងទ័ព​ដោយ​ខុសច្បាប់​ និង​បាន​ប្រើប្រាស់​សារធាតុ​ញៀន​វិជ្ជមាន​(+)។

អធិការរង​លោក​តេង សាវុធ បានបញ្ជាក់​ទៀតថា ​​ឈ្មោះ​ខាងលើនេះ​ បាន​បរិហារកេរ្តិ៍​លើ​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងមូល​ជា​សាធារណៈ ​ហើយ​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងមូល។

​ក្រោយពី​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​សមត្ថកិច្ច​បាន​បញ្ជូនទៅ​អធិការនគរបាល​ក្រុង​បាន​លុង​និង​សាកសួរ​ហើយ​ឃុំខ្លួន​បណ្តោះអាសន្ន កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អយ្យកា​អម​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

ដោយ ​៖ វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114