ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​TV5 Boxing Knock Out Series ទម្ងន់​៦០​គ​.​ក្រ​លើក​ទី​៣​ ៖ ​ឆាយ មាស ជួប ភួង ពិសិដ្ឋ​, លីន វិ​រៈ ជួប ព្រឿង សុជាតិ

ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series by K.cement ទម្ងន់​៦០​គីឡូក្រាម លើស​ង្វៀន​TV5 ព្រែកកំពឹស នៅ​ថ្ងៃ​សៅ​រិ៍​ទី​២៧​កក្កដា​២០១៩​នេះ ជាការ​ប្រកួត​លើក​ទី​៣ ក្នុង​ជម្រុះ​ជុំ​ទី​១ ដែលមាន​អ្នក​ប្រដាល់ ៤ រូប ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​ជុំ​ទី​២​បន្តទៀត។

សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​៣​នេះ ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង នឹង​ជួប​ប្រកួត​ជាមួយ​ភួង ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ។ ការប្រកួត​ក្នុង​ជុំ​ទី​១​នេះ គឺ​ប្រកួត​តែ​បី​ទឹក​ទេ ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី សម្រាក​២​នាទី ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់ ។​

សម្រាប់​ការជួបគ្នា​រវាង​ឆាយ មាស និង ភួង ពិសិដ្ឋ នេះ តាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​នោះ​ថា ភួង ពិសិដ្ឋ ទំនងជា​មិន​ឈ្នះ​ឆាយ មាស នោះឡើយ ។ ព្រោះ​ឆាយ មាស វាយ​ជា​ជើងចាស់​មាន​បច្ចេកទេស​ច្រើន​និង​មាន​ផ្លែ​ល្អ​ជាង​ពិសិដ្ឋ ហើយ​មួយទៀត​ឆាយ មាស គេ​ជា​អ្នក​ប្រដាល់​ដែល​ស្គាល់​រេញ​មុន​ពិសិដ្ឋ ។ តែ​យ៉ាងណា ឆាយ​មាស អន់​កម្លាំង​ស៊ុ​ហ្វ ។ ចាំមើល តើ​ឆាយ មាស អាច​យកឈ្នះ​ភួង ពិសិដ្ឋ បានដែរ​ឬ​អត់ ? ។​

សូមបញ្ជាក់ថា ឆាយ មាស និង ភួង ពិសិដ្ឋ អ្នក​ទាំងពីរ​សុទ្ធតែ​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​ជើងឯក​TV5 Knock Out Series by K.cement ម្តង​រួចមកហើយ តែ​មិន​ទទួលបាន​ជោគជ័យ​នោះឡើយ ។​

ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ និង ព្រឿង សុជាតិ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក ។ ពួកគេ​ទាំងពីរ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដូចគ្នា ។

​ទោះជា​យ៉ាងនេះ​ក្តី សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា លីន វិ​រៈ អាច​យកឈ្នះ​ព្រឿង សុជាតិ បាន​ឬ​អត់​នោះទេ ? ព្រោះថា ព្រឿង សុជាតិ គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង​មាន​កម្លាំង​កាយសម្បទា​ខ្លាំង​ព្រមទាំង​ស៊ូ​ជាង​វិ​រៈ ហើយ​ណាមួយ​លើក​នេះ ជាការ​ប្រកួត​ដែល​មិនអាច​ធ្វេសប្រហែស​បាន គឺ​ត្រូវ​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន ។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ពុំ​ដឹងថា​នរណា​ជា​អ្នកមាន​សំណាង​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះទេ ?​។​

​សូមបញ្ជាក់ថា លីន វិ​រៈ និង ព្រឿង សុជាតិ អ្នក​ទាំងពីរ​សុទ្ធតែ​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​ជើងឯក​TV5 Knock Out Series by K.cement ម្នាក់​ម្តង​ពីរដង​រួចមកហើយ តែ​ពុំបាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ទេ ច្រើនតែ​ជ្រុះ​ធ្លាក់​ត្រឹម​ជុំ​ទី​២​ឬ​ទី​៣​ប៉ុណ្ណោះ ។​

​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក TV5 Knock Out Series by K.cement ទម្ងន់​៦០​គីឡូក្រាម មាន​អ្នក​ប្រដាល់​ចំនួន ៣២ នាក់​ចូលរួម ហើយ​ចែកចេញជា ៤ ជុំ និង​មាន​រូបមន្ត​ប្រកួត គឺ​ជុំ​ទី​១​ជាការ​ប្រកួត​ជម្រុះ​ក្នុងចំណោម​៣២​នាក់ ទុក​តែ​១៦​នាក់ ។​ជុំ​ទី​២ ជាការ​ជម្រុះ​ក្នុងចំណោម​១៦​នាក់ ទុក​៨​នាក់ ហើយ​ជុំ​ទី​៣ គឺ​ជម្រុះ​ក្នុង​៨​នាក់​ទុក​៤​នាក់ និង​ជុំ​ទី​៤ ជាការ​ប្រកួត​ដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ៕

ដោយ ៖ ​វិ​សិទ្ធ

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114