ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ពាន​វត្ត​គរ អាច​ប្រឈម​នឹង​ការ​វិនាស ប្រសិនបើ​ការ​ទប់​ខឿន​ស្ពាន​ខ្វះ​បច្ចេកទេស

បាត់ដំបង​ ៖​ ស្ពាន​វត្ត​គរ ដែល​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ​ត​ភ្ជាប់​ពី​ខេត្ត​បាត់ដំបង ទៅកាន់​ខេត្ត​ប៉ៃលិន ​កំពុង​ជួប​នឹង​សភាព​ទ្រុឌទ្រោម​ខ្លាំង​ ហើយ​ក៏​អាច​នឹង​វិនាស​ផង​ដែរ ​ប្រសិនបើ​ការរៀបចំ​ថ្ម​ក្បាលស្ពាន​ត្រើយ​ខាងកើត​មានការ​ធ្វេសប្រហែស ​ មិនបាន​ពិចារណា​អោយ​បាន​ច្បាស់លាស់​ទេ​នោះ។

គួរ​បញ្ជាក់​ដែរ​ថា​ ស្ពាន​វត្ត​គរ​នេះ​ គឺ​បាន​សាងសង់​ឡើង​ដោយ​មូលនិធិ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ បាន​ប្រគល់​ទៅ​អោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ជា​អ្នកទទួល​មើល​ការខុសត្រូវ​បន្ត ក្រោយពី​បាន​ស្ថាបនា​រួច។ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ឆ្នាំ​ផង ក្បាលស្ពាន​ត្រើយ​ខាងកើត​ចាប់ផ្តើម​មាន​សភាព​ទ្រុឌទ្រោម ដោយសារ ការបាក់​ស្រុតដី រហូតមកដល់​នឹង​ខឿន​ក្បាលស្ពាន​តែម្តង គឺ​សឹងតែ​លូត​ដល់​ផ្លូវជាតិ​ថែមទៀត ដែល​បញ្ហា​នេះ​គឺ​ជា​ការ​ប្រឈម​យ៉ាងខ្លាំង​ទៅនឹង​គ្រោះថ្នាក់​ដល់​អ្នក​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ប្រសិនបើ​មិនបាន​ប្រុងប្រយ័ត្ន​ទេនោះ។

ការបាក់​ស្រុត​នេះ​ បានអូសបន្លាយ​ពេល​យ៉ាងយូរ ដែល​សឹងតែ​ពិបាក​ក្នុងការ​ទប់ស្កាត់​ទៅហើយ ក្រោម​ពាក្យ​របស់លោក​ប្រធាន​មន្ទីរ​សាធារណការ​ថ្មី​ដែល​បាន​ពោល ថា « គ្មាន​លុយ » ក្រោយមក​ទើប​គេ​សង្កេត​ឃើញ​មន្ទីរ​ បានដាក់​គ្រឿងចក្រ​មក​ឈូស​ឆាយ ព្រមទាំង​បាន​ដឹក​ថ្ម ដឹក​ដី មក​ចាក់​ចោល​អស់​ប្រមាណ រាប់សិប​ឡាន ក្នុង​គោលបំណង​ទប់​កុំ​អោយ​បាក់​បន្ត ​ប៉ុន្តែ​ដី​ដែល​ចាក់​ទាំង​ប៉ុន្មាន​វា​បាន​ចូលទៅក្នុង​ស្ទឹង​គ្មាន​សល់។​

​ឃើញបែបនេះ មន្ទីរ​បានចាប់ផ្តើម​រិះរក​វិធី​ទៅតាម​ចំណេះ​ដែល​ធ្លាប់មាន​គឺ​ចាំបាច់​ត្រូវតែ​កាយ​ដី​ស្អុយ​អោយដល់​បាត​ស្ទឹង ដើម្បី​រៀប​ជា​កញ្ច្រែង​លួស​សំណាញ់​ដាក់​ដុំថ្ម​ធំៗ តម្រៀប​ជា​ខ្សែបន្ទាត់​ដើម្បី​ការពារ​ខ្សែទឹក​កុំអោយ​បុក​ប៉ះ​ទៅនឹង​ខឿន​ក្បាលស្ពាន។ ការរៀបចំ​ជា​កញ្ច្រែង​ថ្ម​នេះ បានជា​ច្រើន​ម៉ែត្រ​ព្រមទាំង​បាន​ចាក់ដី​បំពេញ ដើម្បី​សម្រេច​ជា​ស្ថាពរ ស្រាប់តែ​ទម្ងន់​ដី​បាន​រុញច្រាន​កញ្ច្រែង​ថ្ម​ទាំងនេះ​ទៅ​ជិត​ដល់​ពាក់​កណ្តាលស្ទឹង ដែល​បញ្ហា​នេះ​កម្លាំង​ជំនាញ​ចាំបាច់​ត្រូវតែ​បោះបង់ចោល ដើម្បី​រិះរក​វិធី​ថ្មី​ឡើងវិញ។​

មួយរយៈ​ចុងក្រោយ​នេះ មន្ទីរ​បានចាប់ផ្តើម​ដា​ក់​កម្លាំង​រាប់សិប​នាក់ ដែល​សរុប​ប្រមាណ ៥ នាក់ ដើម្បី​សម្រុក​រៀប​ជា​កញ្ច្រែង​ដាក់​ថ្ម​ឡើងវិញ ប៉ុន្តែ​លើក​នេះ​ទទឹង​របស់​កញ្ច្រែង​មាន​ទំហំ​ធំ​ជាង​មុន ដើម្បីអោយ​មាន​ទម្ងន់​ធ្ងន់ ក្នុងការ​ទប់​ជ្រែង​ជាមួយនឹង​ការ​រុញច្រាន​របស់​ទម្ងន់​ដី ដោយ​ម្តងនេះ​គេ​សង្ឃឹមថា អាច​ទប់ទល់​បាន​ជាមួយនឹង​សម្ពាធ​ទឹក ដោយ​មិនអាច​បំផ្លាញ​ក្បាលស្ពាន​បានឡើយ ដោយ​បច្ចុប្បន្ន គេ​​កំពុង​មមាញឹក​ក្នុង​ការរៀប​កញ្ច្រែង​ថ្ម ព្រោះ​ពេលនេះ​ជា​រដូវ​ទឹកជំនន់​ផង​ បើ​ការរៀបចំ​ផែនការ​មិនទាន់​ទេ អាច​នឹង​បោះបង់ចោល​ទៀត ប្រសិនបើ​មាន​ទឹកជំនន់​មកដល់ ។​

​ដោយឡែក​កាលពីពេល​ថ្មីៗ​នេះ មាន​បុរស​ម្នាក់​ដែល​ទំនងជា​មានបទពិសោធន៍​ដោយ​គេ​បាន​និយាយថា ការធ្វើ​របៀបនេះ​ប្រសិនបើ​ទឹក​វាយបំផ្លាញ​កញ្ច្រែង​ណាមួយ​អោយ​ទ្រុឌទ្រោម​បាន គឺ​រាល់​កញ្ច្រែង​ដទៃទៀត ក៏​ត្រូវតែ​ខ្ទេចខ្ទី​ដូចគ្នា​គួរ​ពិចារណា​ថា ទឹក​អាច​ជ្រៀតចូល​បាន​គ្រប់​ប្រហោង​ទាំងអស់ ដូច្នេះ​បើ​ទឹក​ហូរ​ច្រោះ​អស់​ជាតិ​ដី​ក្នុង​កញ្ច្រែង​ហើយ ថ្ម​នឹង​ចាប់ផ្តើម​រលុង ហើយក៏​អាច​ទ្រុឌទ្រោម​ជា​បណ្តើរៗ​ដែរ។ ប៉ុន្តែ​បើតាម​បទពិសោធន៍​ដែល​លោក​ធ្លាប់ធ្វើ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន នាពេល​កន្លងមក ការរៀប​កញ្ច្រែង​បែបនេះ ចាំបាច់​ត្រូវតែ​ចាក់​ជើង​ឈ្លក​ខ្លះ ទើប​អាចមាន​លំនឹង ព្រោះ​បើ​មិន​ដូច្នោះ​ទេ កញ្ច្រែង​ថ្ម​ដែល​គេ​រៀប​នៅលើ​ផ្ទៃដី​ដោយ​មិនមាន​បុកគ្រឹះ គឺ​វា​មិនអាច​ឋិតថេរ​បានឡើយ។​

​បច្ចុប្បន្ន​ក៏មាន​ការរិះគន់​យ៉ាងខ្លាំង​ផងដែរ​ទៅលើ​ទីតាំង​នេះ ព្រោះ​វា​អាច​បង្ក​អោយ​មាន​គ្រោះថ្នាក់​តាម​ដងផ្លូវ​ផង និង​បង្កអោយមាន​ការកកស្ទះ​ចរាចរណ៍​ផងដែរ​ម្យ៉ាងវិញទៀត បើ​គេ​ឡើងទៅ​ឈរ​នៅលើ​ស្ពាន​ទើប​គេ​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង ព្រោះ​នៅពេល​រថយន្ត​បើក​ឆ្លងកាត់ គឺ​តួ​ស្ពាន​មាន​សភាព​រង្គើ​ខ្លាំង៕

ដោយ ៖ សោ និយម​រ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114