ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ជាង​១០០​គ្រួសារ​ ព្រមាន​ប្តឹង​ឧកញ៉ា កែវ ម៉ា​រ៉ា​ឌី ពាក់ព័ន្ធ​ទិញ​ដី​បី​ឆ្នាំ​ហើយ​មិន​ព្រម​ឱ្យ​លុយ

ភ្នំពេញ​ ៖​ តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការ​​មួយ​ បានឱ្យដឹងថា នៅ​ថ្ងៃទី​៣១ ខែ កក្កដា ខាងមុខនេះ ជា​ថ្ងៃ​ឱសានវាទ​ដែល​ក្រុម​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ជាង​១០០ គ្រួសារ ធ្វើការ​ព្រមាន​ប្តឹង​លោក ឧកញ៉ា កែវ ម៉ា​រ៉ា​ឌី ហើយ​សុំ​បដិសេធ​មិន​លក់​ដី​ឲ្យ​វិញ និង សុំ​ដាច់​លុយ​កក់​ប្រសិនបើ​លោក​ឧកញ៉ា​រូបនេះ មិន​ចូលខ្លួន​ដោះស្រាយ​ធ្វើ​កិច្ចសន្យា។

ការលើកឡើងរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​យ៉ាង​ដូច្នេះ​ធ្វើឡើង ក្រោយ​ពេល​ដែល​ពួកគាត់​បាននាំគ្នា​ទៅដល់​សាលាសង្កាត់​រកា​ខ្ពស់​នៅ​ព្រឹក​ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩ តាម​ការសន្យា ប៉ុន្តែ​ពេលដែល​ទៅដល់​មិនឃើញ​ឧកញ៉ា កែវ ម៉ា​រ៉ា​ឌី ចូលខ្លួន​ដោះស្រាយ ហើយ​ពួកគាត់​រង់ចាំ​រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់​ក៏​នៅតែ​មិន​ឃើញ​លោក​ឧកញ៉ា​រូបនេះ​ទៀត​នោះ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី ១៩ ខែ កក្កដា កន្លងទៅ​ពួកគាត់​បាននាំគ្នា​ទៅដល់​សាលាស្រុក​ស្អាង​ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ជួយ​ដោះស្រាយ។ តែ​ក្រោយពី​សម្របសម្រួល​ភាគី​ទាំងពីរ​ក៏បាន​ព្រមព្រៀង​ណាត់គ្នា​មកជួបជុំ​គ្នា​ដោះស្រាយ​នៅ​ថ្ងៃទី​២២ ខែ​កក្កដា នៅ​សាលាសង្កាត់​រកា​ខ្ពស់។ លុះដល់​ថ្ងៃទី ២២ ខែ កក្កដា​នេះ លោក​ឧកញ៉ា​រូបនេះ​នៅតែ​មិនបាន​ចូលខ្លួន​ដោះស្រាយ​ទៀត។

ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា​ កាលពី​៣​ឆ្នាំមុន ពួកគាត់​ទាំង​មាន​ជាង​១០០​គ្រួសារ​បាន​លក់​ដី​ឲ្យ​លោក​ឧកញ៉ា កែវ ម៉ា​រ៉ា​ឌី ហើយ​ក្នុងតម្លៃ​១​ហិកតា ១៨០០០$( មួយ​ម៉ឺន​ប្រាំបី​ពាន់​ដុល្លារ ) ប៉ុន្តែ​ទើបតែ​ទទួល​លុយ​កក់​ពី​លោក​ឧកញ៉ា​ចំនួន​បី​ដង ខ្លះ​បានទទួល​ម្តង​៣០០$ ( បី​រយ​ដុល្លារ ) ខ្លះទៀត​៥០០ ទៅ ១០០០$ ( ប្រាំ​រយ​ទៅ​មួយ​ពាន់​ដុល្លារ )។ លុយ​ដែល​ពួកគាត់​ទទួលបាន​ពី​លោក​ឧកញ៉ា​ចំនួន​បី​ដង​នេះ គឺ​ទាល់តែ​ពួកគាត់​ប្រមូលផ្តុំ​គ្នា​តវ៉ា ទើប​លោក​ឧកញ៉ា​ប្រគល់​ឲ្យ តែ​មិនទាន់​ឲ្យ​លុយ​គ្រប់​ទេ គឺ​គ្រាន់តែ​ឲ្យ​លុយ​កក់​បន្តិច​ប​ន្តួច​ដូច​ការរៀបរាប់​ខាងលើ​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ឃុំ​រកា​ខ្ពស់​ត្រូវបាន​រាជរដ្ឋាភិបាល​កាត់​ចូល​ក្រុង​តាខ្មៅ​នៅ​ឆ្នាំ​២០១៩ នេះ កាលពីមុន​សាលាសង្កាត់​រកា​ខ្ពស់​គឺជា​ឃុំ​រកា​ខ្ពស់​ស្ថិត​ក្នុងស្រុក​ស្អាង ប្រជាពលរដ្ឋ​គាត់​មិនទាន់​យល់​ទើប​ពួកគាត់​នាំគ្នា​ទៅដល់​សាលាស្រុក​ស្អាង​កាលពី​ថ្ងៃ ១៩ ខែ កក្កដា​ចុង​សប្តាហ៍​មុននេះ។​

ប្រជាពលរដ្ឋ ​បាន​បន្តថា​លោក​កែវ​ម៉ា​រ៉ា​ឌី​គឺជា​ឧកញ៉ា​ម្នាក់​ដែលមាន​លុយ​មានអំណាច​មហាសាល​នៅ​ស្រុក​ខ្មែរ​និង​ជា​ឈ្មួញ​រក​ស៊ីទិញ​លក់​ដី​ល្បីឈ្មោះ​ក្នុងស្រុក​ខ្មែរ​តែ​បែរ​មក​ធ្វើ​ច​រិ​ត​អន់​ធ្វើ​នំ​អត់​ម្សៅ​ទៅវិញ​អីចឹង​សោះ​។​

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាង​លើ​ ក​ម្ពុ​ជាថ្មី​បាន​ព្យាយាម​សុំ​ការពន្យល់​ពី​លោ​ក​ឧកញ៉ា​កែវ​ម៉ា​រ៉ា​ឌី​ដែរ ​តែ​មិនអាច​ទាក់ទង​បានឡើយ៕

ដោយ ៖ ឌី​រៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114