ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់​ខ្លួន​បុរស​ម្នាក់​ពី​បទ​ប៉ុនប៉ង​ឆបោក​យក​ទំនិញ​ ដែល​បញ្ជា​ទិញ​តាម​​ប្រព័ន្ធ​អន​ឡាញ

ភ្នំពេញ ​៖​ បុរស​ម្នាក់ ​ត្រូវ​បាន​គេ​ប្តឹង​អោយ​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ឆបោក​លួច​យក​ទំនិញ​ដែល​បាន​បញ្ជា​ទិញ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម (​ហៅ​ហ្វេ​ស​ប៊ុ​ក​facebook ឬ​ហៅ​អន​ឡាញ Online) កាលពី​ល្ងាច​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

ជន ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ អេង លី អាយុ​២៦​ឆ្នាំ មុខរបរ​រត់​ឈ្នួល​បើក​រ៉ឺម៉ក​ម៉ូតូ​(​ហៅ​តុ​កៗ​) ស្នាក់នៅ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ក្នុងភូមិ​ស្វាយប៉ាក​ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

លោក ហៃ ផល្លា​ភ អាយុ​៣៥​ឆ្នាំ មុខរបរ​ប្រធាន​ផ្នែក​លក់ទំនិញ​តាម​អន​ឡាន នៅ​ក្រុមហ៊ុន អា​ឡាំង ស្នាក់នៅ​ផ្ទះជួល​ក្នង​រាជធានី​ភ្នំពេញ ជា​ជនរងគ្រោះ​និង​ជាដើម​បណ្តឹង​ក្នុងករណីនេះ បាន​ប្តឹង​សមត្ថកិច្ច​ថា​៖ កាលពី​ម៉ោង​១១ ព្រឹក​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០១៩ ឈ្មោះ អេង លី បាន​ទំនាក់ទំនង​ទិញ​ទំនិញ​របស់លោក​តាម​អន​ឡាញ ដែល​ក្នុងនោះ​មាន​ទូរទស្សន៍​ទំហំ​៣២​អី​ញ ១​គ្រឿង តម្លៃ​១៦៩​ដុល្លារ​ និង ម៉ាស៊ីន​ហាត់ប្រាណ​មួយ​គ្រឿង​ទៀត​តម្លៃ​៥៥៤​ដុល្លារ។ ក្រោយមក​នៅ​វេលា​ម៉ោង​១៦​និង​៥០​នាទី​ល្ងាច​ជនរងគ្រោះ​បាន​ប្រើ​បុគ្គលិក​អោយ​ដឹកទំនិញ​ទាំងនេះ​ យក​ទៅ​អោយ​ជនសង្ស័យ​តាម​គោលដៅ​ដែល​ជនសង្ស័យ​បានបញ្ជាក់​ប្រាប់​គឺ​នៅ​មុខ​ហាង​ស៊ុប​ចិន មុខ​ផ្សារ​រតនា​ផ្លា​ហ្សា​រ ស្ថិតក្នុង​ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

ជនរងគ្រោះ​បាន​បញ្ជាក់​ថា នៅពេល​ទៅដល់​ជនសង្ស័យ​បានអោយ​យក​ទំនិញ​ទាំង​ទុក​នៅមុខ​ហាង អោយ​ចាំ​ទារ​យក​លុយ​ពី​ម្ចាស់​ហាង​នោះ ​​ចំណែកឯ​ជនសង្ស័យ​ភ្លាមនោះ ​ក៏បាន​បើក​រ៉ឺម៉ក​របស់គាត់​ចេញ​បាត់ ដោយមាន​ការសង្ស័យ​ខាង​បុគ្គលិក​របស់​ជនរងគ្រោះ ​បាន​ជិះ​តាម​ចាប់​ឃាត់ខ្លួន​បាន​នៅ​ម្តុំ​មុខ​វត្ត​វ​ង្កុដ​បុរី​ សង្កាត់​ទឹកថ្លា យក​មក​ប្រគល់​ឲ្យ​ប៉ូលិស​ចាត់ការ​តាមច្បាប់​ដោយ​ចោទ​ពីបទ​ប្រើ​ល្បិចកល​ប៉ុនប៉ង​ឆបោក​យក​ទ្រព្យសម្បត្តិ។

ចំណែក​ជន​សង្ស័យ​ឈ្មោះ​អេង លី វិញ​ នៅ​ពេល​ប៉ូលិស​សួរនាំ​ពី​មូលហេតុ ​គេ​ក៏​បាន​សារភាព​ថា ខ្លួន​គេ​ ពិតជា​បាន​បញ្ជា​កុម្ម៉ង់​ទិញ​ទំនិញ​ទាំង​នេះ​ តាម​អន​ឡាញ​ ពី​ជនរងគ្រោះ​មែន​ ប៉ង​ឆបោក​យក តែ​មើល​ទៅ​មិន​អាច​ធ្វើ​រួច​ក៏​ជិះ​គេចខ្លួន​ ប៉ុន្តែ​ត្រូវ​ម្ចាស់​ទំនិញ​តាម​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្ដង៕

ដោយ ៖ សឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114