ព័ត៍មានទាន់​ហេតុការណ៏
Search

ហ្វីលីពីន​ចាប់ផ្តើម​សវនាការ​អ្នកកាសែត​ដែល​រិះគន់​លោក Duterte

ការជំនុំជម្រះ​ក្តី​ពីបទ​បរិហាកេរ្តិ៍​លើ​អ្នកសារព័ត៌មាន​ល្បីឈ្មោះ​ហ្វីលីពីន​លោកស្រី Maria Ressa បាន​បើក​នៅ​ថ្ងៃ​អង្គារ​នៅក្នុង​ករណី​មួយ​ដែល​ក្រុម​អ្នកតស៊ូ​មតិ​សេរីភាព​សារព័ត៌មាន​មើលឃើញថា​ជាការ​សងសឹក​របស់រ​ដ្ឋា​ភិ​បាល​ចំពោះ​សេចក្តីរាយការណ៍​រិះគន់​របស់​គេហទំព័រ​ព័ត៌មាន​របស់លោក​ស្រី​លើ​លោក​ប្រធានាធិបតី Rodrigo Duterte​។​

​លោកស្រី Ressa ដែលជា​អ្នកដឹកនាំ​កាសែត​អន​ឡាញ Rappler និង​ត្រូវបាន​ទស្សនាវដ្ដី Time ជ្រើសរើស​ជា “​បុគ្គល​ល្បី​ប្រចាំឆ្នាំ​២០១៨” ដោយសារ​អាជីព​ជា​អ្នកសារព័ត៌មាន​របស់​លោកស្រី​គឺ​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​ប្រសិនបើ​ត្រូវបាន​ផ្តន្ទាទោស​។​

​ករណីនេះ​គឺ​ស្ថិតក្នុង​ចំណោម​បទចោទប្រកាន់​ព្រហ្មទណ្ឌ​ជាច្រើន​ដែល​បាន​វាយប្រហារ​លើ​លោកស្រី Ressa និង​គេហទំព័រ Rappler ក្នុង​ឆ្នាំ​កន្លងទៅនេះ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ចោទប្រកាន់ថា​អាជ្ញាធរ​កំពុង​ផ្ដោត​សំខាន់​លើ​លោកស្រី​និង​ក្រុមការងារ​របស់លោក​ស្រី​ដោយសារ​ការងារ​របស់​ពួកគេ​។​

​គេហទំព័រ​នេះ​បាន​រាយការណ៍​យ៉ាង​ទូលំទូលាយ​ហើយ​ជារឿយៗ​បាន​រិះគន់​គោលនយោបាយ​របស់លោក Duterte ដោយ​រួមទាំង​ការបង្ក្រាប​សម្លាប់​មនុស្ស​ដែល​ក្រុម​សិទ្ធិមនុស្ស​និយាយថា​អាច​បង្ក​ទៅជា​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ផងដែរ​។​

​លោកស្រី Ressa បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ខែកុម្ភៈ​ថា “​សារ​ដែល​រដ្ឋាភិបាល​កំ​ពុង​ផ្ញើ​គឺ​បង្ហាញ​ច្បាស់លាស់​ណាស់​។ សូម​នៅ​ឲ្យ​ស្ងៀម​បើ​មិន​ដូច្នោះ​ទេ​អ្នកនឹង​ក្លាយជា​អ្នក​បន្ទាប់​”​។​

​ករណី​ដែល​បើក​នៅ​ថ្ងៃ​អង្គារ​គឺ​ផ្តោតលើ​របាយការណ៍​របស់​គេហទំព័រ Rappler ចាប់ពី​ឆ្នាំ​២០១២​មក​អំពី​ការជាប់​ពាក់ព័ន្ធ​របស់​ពាណិជ្ជករ​ម្នាក់​ជាមួយ​អតីត​ចៅក្រម​នៃ​តុលាការ​កំពូល​របស់​ប្រទេស​។​

​ពីដំបូង​ឡើយ ក្រុម​អ្នកស៊ើប​អង្កេត​របស់រ​ដ្ឋា​ភិ​បាល​បាន​ច្រានចោល​ពាក្យបណ្ដឹង​ឆ្នាំ​២០១៧​របស់​ពាណិជ្ជករ​អំពី​អត្ថបទ​នេះ​ប៉ុន្តែ​ក្រោយមក​រដ្ឋអាជ្ញា​បានសម្រេច​ចិត្ត​ដាក់​ការចោទប្រកាន់​។​

​មូលដ្ឋាន​ច្បាប់​នៃ​សំណុំ​រឿងនេះ​គឺជា​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធើ​ណែ​ត​ដ៏​ចម្រូងចម្រាស​មួយ​ដែល​សំដៅលើ​បទល្មើស​លើ​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត​ដែល​រាប់​ចាប់ពី​ការយាយី​ដល់​រូប​អាសអាភាស​របស់​កុមារ​។​

​គួរ​បញ្ជាក់ថា លោកស្រី Ressa និង​គេហទំព័រ Rappler ក៏​ប្រឈមមុខ​នឹង​ករណី​ក្លែងបន្លំ​និង​ពន្ធ​ផងដែរ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114