ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជូន​ខ្លួន​មុខសញ្ញា​ចោរឆក់​ថ្លើមធំ​ហ៊ាន​ធ្វើ​សកម្មភាព​ក្បែរ​កម្លាំង​នគរបាល​កំពុង​ចុះ​ប្រតិបត្តិការ​ ទៅ​តុលាការ

កំពង់ស្ពឺ​ ៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ បាន​បញ្ជូន​មុខសញ្ញា​ចោរឆក់​ម្នាក់ ​ដែល​ថ្លើមធំ​ហ៊ាន​ធ្វើ​សកម្មភាព​ក្បែរ​សមត្ថកិច្ច​កំពុង​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ​ករណី​ផ្សេង​ ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់​ការ​បន្ត​ផ្លូវច្បាប់។

មុខសញ្ញា​ចោរឆក់​ដ៏​ក្លាហាន​ខាងលើ ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ថ្ងៃទី​២៣ ​ខែ​កក្កដា​ ឆ្នាំ​២០១៩​នេះ ​ដើម្បី​ចាត់ការ​បន្ត​។​

មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បាន​និយាយថា ​ជនសង្ស័យ​ជា​ចោរ​ឆក់​នេះ ​វា​ពិត​ជា​មាន​សមត្ថភាព​មែន​ បានធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​ជនរងគ្រោះ​ក្បែរ​សមត្ថកិច្ច​នគរបាល​កំពុង​ចុះ​ប្រតិបត្តិការ​ករណី​ផ្សេង​កាលពី​ថ្ងៃទី​២១ ​ខែ​កក្កដា​ ឆ្នាំ​២០១៩​កន្លង​មកនេះ។

នគរបាល​ប្រាប់ថា​ ជនល្មើស​ឈ្មោះ​សាន់​រី​ ហៅ​ត្រា​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​កំប៉ុក​ ឃុំ​ធម្មតា​អរ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ បានធ្វើ​សកម្មភាព​ឆក់​កាបូប​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១៣០ ឃុំ​រលាំងចក​ស្រុក​សំរោង​ទង​។​

ជនរងគ្រោះ​ដោយ​អំពើ​ឆក់​​​កាបូប​មានឈ្មោះ​ស៊ឹម​ឡុង​នី​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំងថ្ម​ឃុំ​រលាំ​ចក​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។​

លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំ​រោងទង​បានឱ្យដឹងថា ​មុខសញ្ញា​សង្ស័យ​ដែល​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឃាត់​ខ្លួន ​មានឈ្មោះ​សាន​រី​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ក្នុងភូមិ​បន្លា​ស្អិត​ឃុំ​រលាំងចក​ ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​។​ ជនសង្ស័យ​បាន​សារភាព​ និង​ទទួលស្គាល់ថា ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ​មែន​។

ចំពោះ​សម្ភារៈ​បាត់បង់​នៅក្នុង​កាបូប​មាន​ទូរស័ព្ទ​០១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​ពណ៌​ទឹកប្រាក់​និង​ប្រាក់​មួយចំនួនទៀត​។​

ក្រោយ​ប្រតិបត្ដិការ​សមត្ថកិច្ច​ធ្វើ​ការដកហូត​បាន​កាបូប​មួយ ទូរស័ព្ទ​ម៉ាក Iphone ១​គ្រឿង​និង​ម៉ូតូ​ជនសង្ស័យ​០១​គ្រឿង​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៤​ពាក់​ស្លាកលេខ​ភ្នំពេញ​1CQ.1792 និង​ទូរស័ព្ទ​០១​គ្រឿង​ម៉ាក samsung។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ស្រុក​បាន​បញ្ជូន​មុខសញ្ញា​រួម​នឹង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ករ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

ដោយ ៖ រដ្ឋ​ឋានៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114