ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump សរសើរ​តួនាទី​របស់​ប៉ា​គី​ស្ថាន​សម្រាប់​ការរីកចម្រើន​ក្នុង​កិច្ចចរចា​សន្តិភាព​អា​ហ្វ​ហ្គា​នី​ស្ថាន

ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​ចន្ទ​ បាន​សាទរ​ចំពោះ​ជំនួយ​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុងការ​ជំរុញ​កិច្ចចរចា​សន្តិភាព​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​នេះ​ជាការ​ផ្លាស់ប្តូរ​ឥរិយាបថ​គួរ​ឲ្យ​កត់សម្គាល់​មួយ​ខណៈដែល​សហរដ្ឋអាមេរិក​កំពុង​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុម​តា​លី​បង់​ដើម្បី​បញ្ចប់សង្គ្រាម​រយៈពេល​ជិត​១៨​ឆ្នាំ។​

​ថ្លែង​ពី​ការិយាល័យ​ពងក្រពើ​រួមជាមួយ​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក Imran Khan, លោក Trump ក៏បាន​ព្រមាន​ផងដែរ​ថា លោក​អាច​បញ្ចប់​ជម្លោះ​នេះ​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​តាមរយៈ​ការប្រើ​កងកម្លាំង​ហើយ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​ត្រូវបាន​លុបចោល​ពី​ផែនដី​ប៉ុន្តែ​លោក​ចង់បាន​ការសន្ទនា​ជាង​។​

​ប្រទេស​ប៉ា​គី​ស្ថាន​គឺជា​អ្នក​ឧបត្ថម្ភ​ធំ​របស់​ក្រុម​តា​លី​បង់​នៅពេល​ក្រុម​នេះ​ឡើងកាន់​អំណាច​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ស្ថិតនៅ​ជិតខាង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​។​

​លោក Trump បាន​ថ្លែងថា “​យើង​បានធ្វើ​ឲ្យ​មានការ​រីកចម្រើន​យ៉ាងច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះហើយ​ប៉ា​គី​ស្ថាន​បាន​ជួយ​យើង​ជាមួយ​ការរីកចម្រើន​នោះ​”​។​

​លោក​បាន​បន្ថែមថា “​មាន​រឿងរ៉ាវ​ជាច្រើន​កំពុង​កើតឡើង​ចំពោះ​សហរដ្ឋអាមេរិក​ហើយ​ខ្ញុំ​គិតថា មានរឿង​ជាច្រើន​ដែល​នឹង​កើតឡើង​ចំពោះ​ប្រទេស​ប៉ា​គី​ស្ថាន​ក្រោម​ការដឹកនាំ​របស់​អ្នក​”​។​

​ពាក្យពេចន៍​យ៉ាង​កក់ក្តៅ​និង​ស្នាមញញឹម​បានបង្ហាញ​ពី​ការផ្លាស់ប្តូរ​ឥរិយាបទ​យ៉ាងច្បាស់​សម្រាប់​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​រូបនេះ​ដែល​កាលពីមុន​បាន​ចោទប្រកាន់​ប្រទេស​ប៉ា​គី​ស្ថាន​ថា​មិន​ស្មោះត្រង់​ហើយ​កាលពី​ឆ្នាំមុន​បាន​កាត់បន្ថយ​ទឹកប្រាក់​ចំនួន​៣០០​លាន​ដុល្លារ​ក្នុង​ជំនួយ​សន្តិសុខ​។​

​បន្ទាប់ពី​ឆ្លើយឆ្លង​ជាមួយ​អ្នកយកព័ត៌មាន លោក Trump ក៏បាន​និយាយ​ផងដែរ​ថា លោក​ត្រូវបាន​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ស្នើសុំ​ឲ្យ​ចូល​សម្រុះសម្រួល​ក្នុង​ជម្លោះ​កា​ស្មៀ​រ​អាយុកាល​រាប់​ទសវត្ស​រ៍ហើយ​លោក​នឹង​រីករាយ​ជួយ​ប៉ុន្តែ​ការអះអាង​របស់លោក​ត្រូវបាន​ច្រានចោល​ភ្លាមៗ​ដោយ​រដ្ឋាភិបាល​ក្រុង​ញូវដែលី​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114