ព័ត៍មានទាន់​ហេតុការណ៏
Search

បំបែក​សំណុំ​រឿង​ឃាតកម្ម​សម្លាប់​ និង​ដុត​សព​ស្ត្រី​ចិន​មាន​ផ្ទៃពោះ

ភ្នំពេញ ​៖ ​រឿងក្ដី​ឃាតកម្ម​សម្លាប់​ ហើយ​ដុត​កម្ទេច​ចោល​សាកសព​ស្ត្រី​ចិន​មាន​ផ្ទៃពោះ​ម្នាក់​នៅ​ចំណុច​ដីឡូត៍​លី​យ៉ុង​ផាត់ ដែល​ធ្វើ​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃទី​២៩​មិថុនា ឆ្នាំ​២០១៩ ឥឡូវនេះ ​ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ​បំបែក​បាន​ហើយ ដោយ​ចាប់​ជនដៃដល់​ជា​ឃាតក​ និង​ជា​សង្សារ​ជនរងគ្រោះ ​ពេល​ជន​នេះ​វិលត្រឡប់​មកពី​ស្រុក​ចិន​វិញ។

ជនដៃដល់​ជា​ឃាតក​ ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ Yang Yang ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ ED 1029380 ជា​បុគ្គលិក​ក្រុមហ៊ុន ដឹ​ផា​កវេ ស្ថិតនៅ​ផ្លូវ​លេខ​២៧៣ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ។

ចំណែក​ជនរងគ្រោះ ​ដែល​ត្រូវ​សង្សារ​សម្លាប់ ដុត​សព​ចោល​នោះ​ឈ្មោះ Mou Xiao Lin ស្រី​អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន។ វត្ថុតាង​ដែល​សមត្ថកិច្ច​រកឃើញ​ ក្រោយ​កើតហេតុ​រួមមាន ៖ ​ចិញ្ចៀន​មួយ​វង់ ប័ណ្ណ​ផ្ដល់​សិទ្ធិ​ចេញចូល​ក្រុង​ហុងកុង​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ចិន ប័ណ្ណបើកបរ​រថយន្ត ប័ណ្ណ​ចេញចូល​ក្រុង​តៃវ៉ាន់ វី​ហ្សា​ធនាគារ​ចិន វ៉ា​លិស​ពណ៌​ផ្កាឈូក និង​កូន​កាបូបដៃ​មួយ។

ក្រោយពី​កើតមាន​អំពើ​ឃាតកម្ម​សម្លាប់​ហើយ​ដុត​សាកសព​នោះ សមត្ថកិច្ច​នគរបាល បាន​អនុវត្ត​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង​មាន​ការ​ចង្អុលបង្ហាញ​ពី នាយ​ឧត្ដមសេនីយ៍​អគ្គ​ស្នងការ​រង​ទទួល​ផែន​នាយកដ្ឋាន​កណ្ដាល​យុត្តិធម៌​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នាយកដ្ឋាន​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រមូល​ភស្តុតាង សាក្សី​បំភ្លឺ​នៅ​កន្លែង​កើតហេតុ ដោយ​ទទួល​បាន​លទ្ធផល ​៖ ​

ជនរងគ្រោះ​ឈ្មោះ Mou Xiao Lin បាន​ចូលមក​ប្រទេស​កម្ពុជា នៅ​ខែមេសា ឆ្នាំ​២០១៩ ស្នាក់នៅ​សណ្ឋាគារ ញូ​វ​ហ្វី ប៉ារីស បន្ទប់​លេខ ២០៦ សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​មាន​សង្សារ​ឈ្មោះ Yang Yang ជនជាតិ​ចិន។ ជនរងគ្រោះ​មាន​ផ្ទៃពោះ ហើយ​សង្សារ​បង្ខំ​អោយ​ទម្លាក់​កូន​ចោល តែ​ជនរងគ្រោះ​មិន​ព្រម។ លុះដល់​ថ្ងៃទី ២៩​មិថុនា ឆ្នាំ​២០១៩ ក៏​បាត់​ជនរងគ្រោះ​ពី​បន្ទប់​តែម្ដង រហូតដល់​ម៉ោង ២១ និង​២០​នាទី​យប់ ក៏មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​គេ​យក​សព​ទៅ​ដុត​ចោល​នៅ​ដីឡូត៍​លី យ៉ុង​ផាត់ ផ្លូវលំ ក្រុម​១៨ ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ។​

តាម​កាមេរ៉ា​សុវត្ថិភាព​ក្នុងផ្ទះ​សំណាក់ កាលពី​ថ្ងៃទី ២៩​មិថុនា ឆ្នាំ​២០១៩ មាន​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​អូស​វ៉ា​លិសពណ៌​​ទឹកប្រាក់ ចេញពី​បន្ទប់​លេខ​២០៦ លើក​ដាក់​រថយន្ត​លុចស៊ីស​RX330 ​ពណ៌​ស ចេញទៅ​ក្រៅ​បាត់។

នៅ​ថ្ងៃ​ទី​០៧ កក្កដា ឆ្នាំ​២០១៩ នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទ​ណ្ឌ បាន​ធ្វើ​ការ​ស្រាវជ្រាវ​រក​ឃើញ រថយន្ត​លុច​ស៊ីស​RX330 ពណ៌​ស មាន​ស្លាក​លេខ 2AM 1334 ជា​រថយន្ត​ដឹក​សព​ទៅ​ដុត​ចោល ជា​រថយន្ត​របស់​ឈ្មោះ Jiang Qing Hua ជនជាតិ​ចិន បាន​អោយដឹងថា កាលពី​ថ្ងៃទី ២៩​មិថុនា ឆ្នាំ​២០១៩ ឈ្មោះ Yang Yang បាន​ខ្ចី​រថយន្ត​របស់ខ្លួន​ទៅ​ដឹក​មិត្ត​ភក្ដិ​នៅ​ព្រលាន​យន្ត​ហោះ។ លុះដល់​ថ្ងៃទី ៣០​មិថុនា ទើប​ឃើញ​យក​រថយន្ត​មក​ទុក​នៅមុខ​ការិយាល័យ​រប​ស់​ខ្លួន​វិញ ដោយមាន​បន្សល់ទុក​កាបូបស្ពាយ​ស្រី​ពណ៌​ខ្មៅ​មួយ​នៅ​ក្នុង​រថយន្ត​ផង។​

ក្រោយ​ទទួលបាន​ព័ត៌​មាន​នេះ នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​បាន​ស្រាវ​ជ្រាវ​និង​កំណត់​មុខសញ្ញា​ជនសង្ស័យ ហើយ​នៅ​ថ្ងៃទី ២២​កក្កដា ឆ្នាំ​២០១៩​នេះ ទើប​ចាប់ខ្លួន​ជនសង្ស័យ​បាន។​

តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​ចូលមក​កម្ពុជា​នៅ​ខែ​១០ ឆ្នាំ​២០១៦ ដើម្បី​ធ្វើ​ការអោយ​ក្រុមហ៊ុន​ផាក​វេ។ លុះដល់​ឆ្នាំ​២០១៨ ក៏បាន​ស្គាល់​ឈ្មោះ Miao Xao Lin ហើយក៏​ស្រលាញ់គ្នា​ជា​សង្សារ ដោយ​ជួល​ផ្ទះសំណាក់ ហ្វឹ​ប៉ារីស​ស្នាក់នៅ។ លុះដល់​ថ្ងៃទី ២៩​មិថុនា ឆ្នាំ​២០១៩ ខ្លួនគេ​បាន​ប្រាប់​អោយ​សង្សារ​យក​កូន​ចេញ ព្រោះ​ខ្លួន​មាន​ប្រពន្ធ​ហើយ តែ​សង្សារ​មិន​ព្រម ក៏​ឈ្លោះ​គ្នា ពេលនោះ​ខ្លួនគេ​ក៏​ច្រាន​ជនរងគ្រោះ​ដួល​លើ​ឥដ្ឋ​បណ្ដាលអោយ​សន្លប់ ហើយក៏​យក​កន្សែង​រឹត​ក​បន្ថែម​សម្លាប់​តែម្ដង។​

បន្ទាប់មក​ក៏បាន​ទៅ​ទិញ​វ៉ា​លិស​ធំ​នៅ​ផ្សារ​ថ្មី​តម្លៃ​៨០​ដុល្លារ​មក​ដាក់​សាក​ស​ព លុះ​ពេលយប់​ក៏​ខ្ចី​រថយន្ត​មិត្ត​ភក្ដិ​មក​ដឹក​វ៉ា​លិស​ដាក់​ក​សព​យក​ទៅ​ដុត​ចោល​នៅ​ដី​លី យ៉ុង​ផាត់ ហើយក៏​ចេញទៅ​ស្រុក​ចិន​នៅ​ថ្ងៃទី ០៦​កក្ក​ដា ឆ្នាំ​២០១៩ លុះដល់​ថ្ងៃទី ២២​កក្ក​ដា ឆ្នាំ​២០១៩​ក៏​ត្រឡប់មកវិញ ក៏ត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​តែម្ដង៕

ដោយ ៖ មករា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114