ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​និយាយ​ថា​ នឹង​ជួប​ប្រជុំ​ជាមួយ​ភាគី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នៅ​ថ្ងៃអាទិត្យ​នេះ

ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​ថា ខ្លួន​នឹង​ចូលរួម​កិច្ចប្រជុំ​មួយ​នៃ​ក្រុម​អ្នកការទូត​មកពី​ប្រទេស​ដែល​នៅតែ​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ខណៈ​ពួកគេ​ព្យាយាម​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​ដែល​កិច្ចប្រជុំ​នេះ​ នឹង​ត្រូវ​រៀបចំឡើង​ក្នុង​ទីក្រុង​Vienna នៅ​ថ្ងៃអាទិត្យ​នេះ។

កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ​បាន​ប្រឈម​នឹង​ការ​ដួល​រលំ​ចាប់​តាំង​ពី​សហរដ្ឋអាមេរិក​ដក​ខ្លួន​ចេញ​កាលពី​ឆ្នាំមុន​និង​បានដាក់​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ឡើងវិញ​ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការ​ដាក់​សម្ពាធ​អតិបរមា។

ក្រសួងការបរទេស​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា “​ខ្លួន​ត្រូវបាន​គេ​យល់ព្រម​ឲ្យ​រៀបចំ​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​នៃ​គណៈកម្មការ​រួម​របស់ Joint Comprehensive Plan of Action (JCPOA) ក្នុង​ទីក្រុង Vienna នៅ​ថ្ងៃ​ទី​២៨ ​ខែកក្កដា ខាងមុខនេះ”។

ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​ភាសា​អង់គ្លេស​មួយ​ថា កិច្ចប្រជុំ​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្នាក់​អនុរដ្ឋមន្ត្រី​និង​អ្នកដឹកនាំ​នយោបាយ។

សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ទៀតថា កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ស្នើសុំ​ដោយ​ភាគី​អឺរ៉ុប​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​ថ្មី​។ ការលើកឡើង​បែបនេះ​គឺ​សំដៅ​ទៅលើ​ការ​ប្តេជ្ញាចិត្ត​កាត់បន្ថយ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ក្រោម​កិច្ចព្រមព្រៀង​នេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការដកខ្លួន​របស់​សហ​រដ្ឋ​អាមេរិក។

ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃទី​៨​ ខែឧសភា​ថា ខ្លួន​នឹង​មិន​គោរព​តាម​ដែន​កំណ​ត់​នៃ​កិច្ចព្រមព្រៀង​នេះ​ទេ​ដរាបណា​ភាគី​ដែល​នៅ​សេសសល់​ដូចជា​ចក្រភព​អង់គ្លេស ចិន បារាំង អាល្លឺម៉ង់​និង​រុស្ស៊ី​បរាជ័យ​ក្នុងការ​ធ្វើ​អ្វី​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ពី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ជាពិសេស​លើ​ការលក់​ប្រេង​របស់ខ្លួន​។

​ទីក្រុង​តេ​អេ​រ៉ង់​ក៏បាន​គំរាមថា​នឹង​ចាត់វិធានការ​បន្ថែមទៀត​ផងដែរ​។​

​បន្ទាប់ពី​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​លើស​ដែន​កំណត់ ប្រទេស​អ៊ីរ៉ង់​មិនទាន់បាន​បញ្ជាក់​ពី​ជំហាន​អ្វីដែល​នឹងត្រូវ​អនុវត្ត​ជា​បន្តទៀត​ទេ​ហើយ​បាន​សង្កត់ធ្ងន់​ម្តង​ហើយ​ម្តង​ទៀតថា សកម្មភាព​របស់ខ្លួន​អាច ផ្លាស់ប្តូរ​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ប្រសិនបើ​ដៃគូ​អឺរ៉ុប​ផ្តល់​ការសន្យា​របស់​ពួកគេ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114