ព័ត៍មានទាន់​ហេតុការណ៏
Search

ទូត​ស៊ុយអែត​សន្យា​ថា ​នឹង​នៅតែ​បន្ត​ជួយ​លើកកម្ពស់​ដល់​វិស័យ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា

ភ្នំពេញ​ ៖​ លោកស្រី​ម៉ា​រី​យ៉ា សា​ហ្គ្រិ​ន​( Maria Sargren )​ឯកអគ្គរដ្ឋទូត​ទើប​ចប់​អាណត្តិ​របស់​ស៊ុយអែត​ប្រចាំ​កម្ពុជា បាន​សន្យាថា​ រដ្ឋាភិបាល​ស៊ុយអែត​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​កម្ពុជា​បន្តទៀត។

លោកស្រី​ម៉ា​រី​យ៉ា សា​ហ្គ្រិ​ន​បាន​លើក​ឡើង​បែបនេះ​នៅ​ក្នុង​ជំនួប​និង​ជម្រាបលា​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០១៩ នៅ​ទីស្ដីការក្រសួង។

លោក​បណ្ឌិត អ៊ិត សំហេង បាន​លើក​ឡើង​ពី​លទ្ធផល​ការងារ និង​កិច្ច​សហប្រតិបត្តិការ​ជាច្រើន ដែល​កម្ពុជា​បាន​អនុវត្ត​ជាមួយ​ស៊ុយអែត និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន នាពេល​កន្លងមក ក្នុង​នោះ​រួមមាន គម្រោង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA) តាមរយៈ​ទីភ្នាក់ងារ​ផ្តល់​សេវា​ការងារ​សាធារណៈ​ស៊ុយអែត (SPES) ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) និង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សកល (Global Deal Initiatives)​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​មិនតែប៉ុណ្ណោះ កម្ពុជា​បាននឹងកំពុង​ប្រើប្រាស់​យន្តការ​នេះ ក្នុង​ក្រប​ខណ្ឌ​មួយចំនួន ដូចជា យន្តការ​គ្រប់គ្រង​រប​ស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម យន្តការ​នៃ​ការដោះស្រាយ​វិវាទ​ការងារ យន្តការ​នៃ​ការ​ចរចារ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​នីតិវិធី​នៃ​ការ​តាក់តែង​ច្បាប់ ព្រមទាំង​គោលនយោបាយ​ដែល​ធ្វើ​ឡើង​ដោយមាន​ការពិភាក្សា និង​ចូលរួម​ពី​ត្រីភាគី​។​ល​។

លោកស្រី​ម៉ា​រី​យ៉ា សា​ហ្គ្រិ​ន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ទាំងនេះ ដែល​កម្ពុជា​ពិតជា​បាន​ខិតខំ​ចូលរួម​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់ ពិសេស​គឺ​ការចូលរួម​អនុវត្ត​រួមគ្នា​នៃ​ការបង្កើត​មណ្ឌល​ការងារ​ចល័ត ដែល​បញ្ជូន​ទៅដល់​តំបន់​ដាច់ស្រយាល និង​ផ្ដល់ជូន​នូវ​ព័ត៌មាន​ទីផ្សារការងារ ព្រមទាំង​ផ្ដល់​ការងារ​ទៅដល់​យុវជន​ប្រកបដោយ​ប្រសិទ្ធភាព​។

លោក​បណ្ឌិត​អ៊ិត ​សំហេង ​មាន​សុទិដ្ឋិនិយម​ចំពោះ​អ្នកវិនិយោគ​ស៊ុយអែត ដែល​បាន​ផ្ដល់​ទំនុក​ចិត្ត​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ​បន្ត​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម ដោយ​បាន​បង្កើត​ការងារ និង​ប្រាក់ចំណូល​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។

នៅក្នុង​ជំនួប​នោះដែរ​ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញាចិត្ត​ថា នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដែល​កំពុង​អនុវត្ត​ជាមួយគ្នា ដែល​ស្របទៅនឹង​គោលនយោបាយ​រួម​របស់​រដ្ឋាភិបាល​ស៊ុយអែត និង​រាជរដ្ឋាភិបាល​កម្ពុជា​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114