ព័ត៍មានទាន់​ហេតុការណ៏
Search

មូល​ហេតុ​ដែល​អ្នក​ចាត់ការ​ទូទៅ​ជម្រើស​ជាតិ​កម្ពុជា Keisuke Honda ទៅ​ចូលរួម​ក្លិប​នៅ​ហូ​ឡង់

កាលពី​អំឡុង​សប្តាហ៍​ទី​២ នៃ​ខែកក្កដា​កន្លងទៅ​ថ្មីៗ​នេះ អ្នកចាត់ការ​ទូទៅ​ជម្រើសជាតិ​កម្ពុជា កីឡាករ​ជប៉ុន Keisuke Honda បាន​ប្រកាស​ជា​ផ្លូវការ​អំពី​អនាគត​ទ្រនំ​ថ្មី​របស់​ខ្លួន ក្រោយ​ការចាកចេញ​ពី​ក្លិប Melbourne Victory គឺ​ក្លិប VVV Venlo ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​ហូ​ឡង់​។

ថ្លែង​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ក្លិប ដែល​លេង​ក្នុង​ក្របខ័ណ្ឌ​លី​គ​កំពូល​ហូ​ឡង់​មួយ​នេះ បុរស​វ័យ ៣៣​ឆ្នាំ​រូបនេះ បាន​សារភាពថា “ ការ​មក​ចូលរួម​ជាមួយ​ក្លិប​ចាស់​របស់ខ្ញុំ គឺ​ដើម្បី​ពង្រឹង​សមត្ថភាព និង​កម្លាំង​ខ្ញុំ​ឲ្យ​ល្អ ព្រោះ​ខ្ញុំ​កំពុង​សម្លឹង​មើល​អនាគត​របស់​ខ្លួន​នៅ​ក្លិប​បន្ទាប់​ទៀត ក្នុង​អាជីព​មួយ​នេះ“។

Honda បន្ត​ថា “ ក្រោយ​ខ្ញុំ​ចេញពី​ក្រុម Melbourne ខ្ញុំ​បាន​ធ្វើ​ការ​ហ្វឹកហាត់​ផ្ទាល់ខ្លួន​រយៈពេល ៣​សប្តាហ៍​នៅក្នុង​ប្រទេស​ជប៉ុន តែ​វា​មិន​គ្រប់គ្រាន់​ឡើយ ទើប​ខ្ញុំ​សម្រេចចិត្ត​ទាក់ទង​មក​ក្លិប​ចាស់​របស់ខ្ញុំ​កាលពី ១០​ឆ្នាំ​មុននេះ Venlo ហើយ​ពួកគេ​ក៏​យល់ព្រម​សំណើ​របស់ខ្ញុំ​។ ត​ទៅ​មុខ​ទៀត ខ្ញុំ​នឹង​មិន​រំពឹង​ថា ​អាច​ចូលរួម​លេង​ជាមួយ​ក្លិប​បានទេ តែ​ខ្ញុំ​នឹង​ត្រៀមខ្លួន​ជួយ​គ្រប់ពេលវេលា​ដែល​ក្លិប​ត្រូវការ​ខ្ញុំ។

ក្នុង​កិច្ច​សម្ភាសន៍​នោះ​ផងដែរ លោក Honda ក៏បាន​បង្ហើប​អំពី​គម្រោង​បន្ទាប់​របស់​ខ្លួន គឺ​លោក​ចង់​លេង​នៅក្នុង​លី​គប្រ​ទេស អេ​ស្ប៉ា​ញ អង់គ្លេស ឬ​អាល្លឺម៉ង់ ដោយ​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​មាន​ក្លិប​មួយចំនួន​បាន​ទាក់ទង​មក​ចរចា​ជាមួយ​លោក តែ​វា​មិនទាន់​ដល់ពេល​វេលា​នៅឡើយ​ទេ ដោយសារ​គាត់​ត្រូវការ​ពេលវេលា​ដើម្បី​ឲ្យ​មាន​កម្លាំង​គ្រប់គ្រាន់​វិញ​សិន។

គួរ​រំលឹ​កថា Keisuke Honda បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ក្រោយ​ជួយ​ក្រុម​សា​ម៉ូ​រ៉ៃ​ឡើងដល់​វគ្គ ១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ FIFA World Cup 2018 កាលពី​ឆ្នាំមុន និង​ត្រូវ​បានប្រកាស​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ខែសីហា ឆ្នាំ​ដដែល​នោះ ជា​កន្លែង​ដែល​គាត់​ធ្វើការ​ជាមួយ​មិត្ត​របស់ខ្លួន​សញ្ជាតិ អា​ហ្ស​ង់​ទីន Felix Damas ។

​នៅ​ក្លិប VVV Venlo ដែល Honda ត្រឡប់​ទៅ​នា​ពេល​នេះ គឺ​រូបគេ​ធ្លាប់​ប្រឡូក​អាជីព​លោក​ដំបូង​កាលពី​ឆ្នាំ​២០០៨ តែ​ចំណាយពេល​ពាក់កណ្តាលរ​ដូ​វ​កាល បុរស​សញ្ជាតិ​ជប៉ុន​រូបនេះ ស្ថិតក្នុង​ស្ថានភាព​ដ៏​អាក្រក់ ក្រោយ​ក្លិប​ធ្លាក់​ទៅកាន់​លី​គ​ទី​ពីរ​។ តែ​នៅ​ឆ្នាំ​បន្ទាប់ គាត់​បាន​រក​គ្រាប់​បាល់ ១៦​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៣៦​លើក ជួយ​ឱ្យ​ក្លិប Venlo លើក​ពាន​លី​គ​ទី​ពីរ ហូ​ឡង់ ឡើងមក​កាន់​លី​គ​កំពូល​វិញ ជាហេតុ​នាំ​ឲ្យ​អ្នកគាំទ្រ​ក្លិប​ហូ​ឡង់​មួយ​នេះ ស្រលាញ់​លោក និង​ចាត់ទុកជា​និមិត្តរូប​របស់​ក្លិប​ចារ​ក្នុង​ប្រវតិ្តសាស្ត្រ៕
ម៉េង​ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114