ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​មកពី​បណ្តា​ខេត្ត​ចំនួន​៣ បានរួម​គ្នា​ដាំ​កូនឈើ​នៅ​សួន​អនុស្សាវរីយ៍​ក្នុង​ចម្ការ​មេ​ពូជឈើ​គ្រញូង

សៀមរាប ​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ​ខែកក្កដា ​ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​ចំនួន​៧០​នាក់​ មកពី​បណ្តា​ខេត្ត​ចំនួន​៣ រួមមាន​ខេត្ត​បាត់ដំបង ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ និង​ខេត្តសៀមរាប បានរួម​គ្នា​ដាំ​កូនឈើ​នៅ​សួន​អនុស្សាវរីយ៍​ក្នុង​ចម្ការ​មេ​ពូជ​ឈើ​គ្រញូង​ស្ថិតនៅ​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ដើម្បី​ចូល​រួម​ចំណែក​ថែរក្សា​ព្រៃឈើ ជាពិសេស​ដើម​គ្រញូង ដែល​គេ​ស្គាល់​ថា ជា​ឈើ​មានតម្លៃ និង​កំពុង​ទទួលរង​នូវ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត ពី​សំណាក់​ឈ្មួញ​ឈើ។

តំណាង​ប្រជាពលរដ្ឋ​ទាំង​៣​ខេត្ត​គឺ អ្នកស្រី ស ផាន់​ណា ដែល​បាន​ចូលរួម​ដាំ​កូនឈើ​នេះ បាន​ឲ្យ​ដឹង​ថា ការដែល​ពួកគាត់​មក​ចូលរួម​ដាំ​កូនឈើ​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​ក្នុង​បំណង​ចូល​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល ក្នុង​គោលដៅ​ដាំ​ដើមឈើ​ស្តារ​មកវិញ នូវ​ព្រៃឈើ​ដែល​បាន​បាត់បង់​ដោយ​ការទន្ទ្រាន​យក​ដី​ធ្វើ​ចម្ការ និង​កាប់​ផ្លាញ​ដោយ​ក្រុម​ពួក​ឈ្មួញ​។ អ្នកស្រី​ថា ការ​ដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ​នេះ ក៏​នឹង​ជួយ​ទៅដល់​ការ​ធានា​បាន​នូវ​និរន្តរភាព​នៃ​បរិស្ថាន​។ អ្នកស្រី​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជាពិសេស​យុវជន​សូម​មានការ​ចាប់អារម្មណ៍​ចូលរួម​ដាំ​ដើមឈើ​នៅ​គ្រប់​ទីកន្លែង ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភាព​បៃតង និង​មាន​និរន្តរភាព​នៃ​បរិស្ថាន​ព្រៃឈើ។

លោក សេង លន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នារ​ក្រៅ បាន​ឲ្យ​ដឹង​ថា ការចូលរួម​ដាំ​កូនឈើ​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​នេះ គឺ​ដោយសារតែ​ពួកគាត់​បាន​យល់​ពី​តម្លៃ​នៃ​ព្រៃឈើ​យល់​ពី​តម្លៃ​នៃ​ការបាត់បង់​ព្រៃឈើ​។​ លោក​បាន​កោតសរសើរ​ចំពោះ​សកម្មភាព​ដាំ​កូនឈើ​របស់​ប្រជាពលរដ្ឋ​ទាំង​៧០​នាក់​មកពី​បណ្តា​ខេត្ត​ទាំង​៣​នេះ ព្រោះ​បាន​ចូលរួម​ជួយ​ដល់​សង្គម​ទាំងអស់គ្នា ជាពិសេស​លើ​វិស័យ​ព្រៃឈើ​នេះ​តែម្តង​។

លោក សេង លន បាន​បញ្ជាក់​ថា សួន​អនុស្សាវរីយ៍​ក្នុង​ចម្ការ​មេ​ពូជ​ឈើ​គ្រញូង​ស្ថិតនៅ​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប​នេះ បាន​ចាប់​ផ្តើម​ដំណើរ​ការ​ដាំ​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​រហូតមកដល់​ឆ្នាំ​២០១៩​នេះ ដាំ​កូនឈើ​ឡើងវិញ​បាន​ចំនួន​១១៧៣​ដើម​ហើយ និង​នៅ​ខែសីហា​ខាងមុខនេះ ខាង​ប្រតិបត្តិករ​ទេសចរណ៍​ប្រមាណ​ជា​៧០០​នាក់ គ្រោង​និង​មក​ដាំ​កូនឈើ​នៅ​ទី​នេះ​បន្តទៀត​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114