ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ និង​គ្រូ ចំនួន ២១​រូប ចូលរួម​វគ្គ​គ្រូបង្ហាត់​បាល់ទាត់​កម្រិត C របស់​សហព័ន្ធ​

កាលពី​ថ្ងៃ​ទី២២ ខែកក្កដា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បើក​វគ្គ​សិក្សា​គ្រូបង្ហាត់​បាល់ទាត់​កម្រិត C (C License) ដែល​មាន​ការចូលរួម​ពី​សំណាក់​កីឡាករ និង​គ្រូបង្វឹក​សរុប ២១​រូប ពី​តាម​ក្លិប​បាល់ទាត់​អាជីព និង​ក្រុមបាល់ទាត់​តាម​បណ្តាល​ខេត្ត​មួយចំនួន ដោយ​ជ្រើសរើស មជ្ឈមណ្ឌល និង​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី ធ្វើជា​ទីតាំង​សិក្សា​។

​ក្នុងចំណោម​អ្នក​ទាំង ២១​រូប​នោះ​រួមមាន ៣​រូប​មកពី​ក្លិប​បាល់ទាត់​បឹងកេត គឺ​កីឡាករ ឃួន ឡា​បូ​រ៉ាវី កីឡាករ ស៊ុន សុវណ្ណ​រិទ្ធី និង​លោកគ្រូ ណា​ង ប៊ុន​ណេង ក្លិប​ភ្នំពេញ​ក្រោ​ន​ចំនួន ២​រូប គឺ ម៉ែន ពិភព និង ឡាយ ដេ​ត ដាំ​រ៉ុង ក្រៅពី​នេះ​លោក​គ្រូៗ​មកពី​តាម​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​ដូចជា ខេត្តកំពង់ចាម លោកគ្រូ ងួន បូរី លោកគ្រូ ឡាយ ប៊ុនធឿន និង ពេជ្រ ជា​សុ​ទ្ធី ។ ខេត្ត​ត្បូងឃ្មុំ លោកគ្រូ ប៊ុន រតនៈ និង​លោកគ្រូ សេង រ៉ា។ ខេត្តក្រចេះ លោកគ្រូ សរ វិសាល លោកគ្រូ សំ សុ​ទ្ធី ។ ខេត្តមណ្ឌលគិរី លោកគ្រូ សែន សមនី​ន និង លោកគ្រូ ម៉ៅ ផល្លី​។ ខេត្ត​ព្រះសីហនុ លោកគ្រូ សុង ម៉ោង និង​លោកគ្រូ ខៀវ សារ៉េត ។ ខេត្ត កំពង់ស្ពឺ លោកគ្រូ ស៊ិន សាន់​ដេ និង​លោកគ្រូ ម៉ី សុជាតិ ។ ខេត្តកំពង់ធំ លោកគ្រូ សរ សុ​វណ្ណា​រិ​ទ្ធិ ខេត្តព្រះវិហារ លោកគ្រូ ហម វិសាល និង​ខេត្តកំពង់ឆ្នាំង (​វិទ្យាល័យ​កំពង់ត្រឡាច​) លោកគ្រូ ប៊ូ វន។

តាម​កាលវិភាគ​នៃ​វគ្គ​សិក្សា​គ្រូបង្ហាត់​បាល់ទាត់​កម្រិត C នេះ សិក្ខាកាម​ទាំង​២១​រូប ត្រូវ​ចូលរួម​ការសិក្សា​ពីថ្ងៃ​ទី ២២ ខែកក្កដា រហូតដល់​ថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៩។ ក្នុងអំឡុងពេល​វគ្គ​សិក្សា​នេះ ប្រសិនបើ​សិក្ខាកាម​ណា​ដែល​ឆ្លងកាត់​ការ​ប្រឡង​ទទួលបាន​លទ្ធផល​ល្អ នោះ​នឹង​ទទួល​បាន​វិញ្ញាបនបត្រ កម្រិត C ដែល​ចេញ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។

សូម​ជម្រាបជូន​ផងដែរ​ថា គ្រូឧទ្ទេស ដែល​នឹង​ដឹកនាំ​វគ្គ​គ្រូបង្ហាត់​កម្រិត C នេះ​គឺ​លោក Kazunori Ohara សញ្ជាតិ​ជប៉ុន ដែលមាន​តួនាទី​ជានា​យក​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។

ការ​បើក​វគ្គ​ទី​២ សម្រាប់​វគ្គ​សិក្សា​គ្រូបង្ហាត់​នេះ គឺ​ស្របតាម​ផែន​ការដែល​សហព័ន្ធ បាន​ចេញ​សេចក្តីជូនដំណឹង ជ្រើសរើស​គ្រូបង្ហាត់​កីឡាបាល់ទាត់​នៅ​មជ្ឈមណ្ឌល​និង​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី ដើម្បី​ចូលរួម​សហការ​បង្ហាត់​ក្រុម​កីឡាករ នៃ​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114