ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​ទំនើង​៣​នាក់​ គ្រាន់តែ​ឮ​គេ​ស្រែក​ជេរ​ថា​អា​ចុយ​ម៉ា​យ​ខឹង​ជិះ​ម៉ូតូ​តាម​កាប់​គេ​រហូតដល់​ដេក​គុក

បន្ទាយមានជ័យ ៖ ក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​៣​នាក់ ​គ្រាន់តែ​ឮ​គេ​ស្រែក​ជេរ​ថា ​អា​ចុយ​ម៉ា​យ​ខឹង​ជិះ​ម៉ូតូ​តាម​កាប់​គេ​រហូតដល់​កម្លាំង​អន្តរាគមន៍​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក​ចាំង​សុ​ភ័​ក្រ នាយការិយាល័យ​ប្រតិបត្តិការ បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​បាន​៣​នាក់ ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​វត្ត​សមាធិ​ផល ស្ថិតនៅ​ភូមិ​បួន សង្កាត់​ព្រះ​ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ១​ឈ្មោះ សឿង រដ្ឋា ភេទប្រុស អាយុ២៦​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរិ​សោភ័ណ ២​ឈ្មោះ មូល សុវណ្ណ​ដា​រ៉ា ភេទ ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ដីឡូត៍ សង្កាត់​ទឹកថ្លា ក្រុង​សិរិ​សោភ័ណ ៣​ឈ្មោះ ហ៊ាន ដា​រ៉ា ភេទ ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរិ​សោភ័ណ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​បាន កម្លាំង​អន្តរាគមន៍ បាន​ប្រគល់​ជនសង្ស័យ​ទៅ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ត​។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា ​បើ​តាម​សម្តី​របស់​ជនរងគ្រោះ​ឈ្មោះ អៀម ភ័​ក្ត្រា ភេទប្រុស អាយុ៣៤​ឆ្នាំ រស់នៅ​ភូមិ​កំណប់ ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​នោះ​ខ្លួន​និង​មិត្ត​ភ័​ក្រ​បាន​អង្គុយលេង​នៅលើ​ខ្នង​អាង​ខាងក្រោយ​សាលាក្រុង​សិរីសោភ័ណ​ក្រោយពេល​ជិត​យប់​ខ្លួន​និង​មិត្ត​ភ័​ក្ត​បាន​ចែកផ្លូវ​គ្នា​ទៅផ្ទះ​រៀងខ្លួន ហើយ​ខ្លួន​បាន​បន្ត​ដំណើរ​ទៅលេង​ក្នុង​ទី​រួម​ខេត្ត​លុះ​ជិះ​ម៉ូតូ​ដល់​ចំណុច​គ្លីនិក​ទេវិន្ទ​រក្សាសុខ ស្រាប់​តែមាន​ក្មេង​ទំនើង​១​ក្រុម ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ឌ្រី​ម ពណ៌​ស មក​ឈប់​ស្ទាក់​ពីមុខ​ម៉ូតូ​របស់ខ្លួន ហើយ​បាន​ស្ទុះ​មក​វាយ​ខ្លួន​ដោយ​ប្រើ​វត្ថុ​មុត​ស្រួច បណ្តាល​ឲ្យ​រងរបួស​ចំ​ថ្ពាល់​ខាងឆ្វេង​១​កន្លែង ពេលនោះ​ខ្លួន​បាន​ជិះ​ម៉ូតូ​គេច​បំណង​មក​ដាក់​ពាក្យ​បណ្តឹង លុះ​ជិះ​មកដល់​មុខ​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្រាប់តែ​ក្រុម​ក្មេង​ទំនើង​ដដែល​ជិះ​តាម​មក​វាយ​ខ្លួន​បន្ថែម​ទៀត ពេលនោះ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចេញ​មក​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅ​ចំណុច​វត្ត​សមាធិ​ផល​តែម្តង។ លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បាន​បន្ត​ថា ​តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​និង​បក្សពួក​បាន​នាំ​គ្នា​ទៅ​អង្គុយលេង​នៅ​ចំណុច​ជនរងគ្រោះ​អង្គុយលេង​ដែរ ​ក្រោយមក​មាន​ម៉ូតូ​ជាច្រើន​គ្រឿង​ជិះ​ចេញ​មក​ខាងក្រៅ ហើយ​ឮ​សម្លេង​ស្រែក​ជេរ​ថា ​អា​ចុយ​ម៉ា​យ​ស្មាន​តែ​ជេរ​ក្រុម​ខ្លួន​ក៏​ជិះ​ម៉ូតូ​ដេញតាម​មក​វាយ​តែម្តង ផ្អែកលើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​និង​វត្ថុតាង ឃើញ​ថា មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ដូច្នេះ​ជនសង្ស័យ​ខាងលើ​អាច​ត្រូវ​ចោទ​ពីបទ ហិង្សា​ដោយ​ចេតនា។ កម្លាំង​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114