ព័ត៍មានទាន់​ហេតុការណ៏
Search

ធនាគារ​អភិវឌ្ឍន៍អាស៊ី​នឹង​ធ្វើ​ការស្រាវជ្រាវ​ទៅលើ​ការអនុវត្ត​កិច្ច​គាំពារ​សង្គម​» នៅ​ប្រទេស​កម្ពុជា​

ភ្នំពេញ ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី​ដែល​ហៅ​កាត់​ថា ADB នឹងធ្វើ​ការស្រាវជ្រាវ​ទៅលើ​ការអនុវត្ត​កិច្ច​គាំពារ​សង្គម​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ធានា​ថា ការអនុវត្ត​ផ្តល់​សេវា​របប​សន្តិសុខ​សង្គម​ជួន​ប្រជាពលរដ្ឋ​ប្រកបដោយ​និរន្តរភាព។

ថ្លែង​ក្រោយ​ជំនួប​រវាង​លោកស្រី Sri Werning Handayni ប្រធាន​ក្រុមប្រឹក្សា​អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​សង្គម​ស្ដីពី ជំនួយ​បច្ចេកទេស​ផ្នែក​គាំពារ​សង្គម​របស់ ADB ជាមួយ​លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រ​សួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែ កក្កដា​ឆ្នាំ​២០១៩​នៅ​ទី​ស្ដី​ក្រសួង លោក ងុ​យ រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា ADB នឹង​ស្រាវជ្រាវ​ទៅលើ​ការអនុវត្ត​របប​គ្រោះថ្នាក់​ការងារ​និង​របប​ថែទាំ​សុខភាព​ដែល​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​ផ្តល់​ឲ្យ​កម្មករនិយោជិត​ដើម្បី​ស្វែងរក​ព័ត៌មាន​ជាក់លាក់​សម្រាប់​ចងក្រង​ធ្វើជា​ឯកសារ​ជំនួយស្មារតី​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​បន្ត​ថា ​ជា​មួយ​គ្នា​នេះ​ដែរ ADB​ក៏​នឹង​ស្រាវជ្រាវ ទៅលើ​ការ​គាំពារ​សិទ្ធិ​និង​ការរស់នៅ​របស់​ជន​ងាយ​រងគ្រោះ​មួយ​ចំនួន​រួមមាន​ជន​ចាស់ជរា ជនពិការ​និង​កុមារកំព្រា​ផងដែរ។

លោក​បាន​បន្ថែមថា​នេះ​ គឺជា​លើក​ទី​១​ហើយ​ដែល​ធនាគារ​អភិវឌ្ឍន៍អាស៊ី​សហការ​ជាមួយ​ក្រសួង​ការងារ​ធ្វើការ​ស្រាវជ្រាវ​លើ​ការអនុវត្ត​កិច្ច​គាំពារ​សង្គម​នេះ​បើ​ទោះបី​ជា​កម្ពុជា​បាន​ធ្វើ​ការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​មុននឹង​អនុវត្ត​របប​សន្តិសុខ​សង្គម​ដល់​កម្មករ​និយោជិត​រួចហើយ​ក៏ដោយ​។

យ៉ាងណាក៏ដោយ​លោក បណ្ឌិត អ៊ិត សំហេង​បាន​ស្នើ​ឲ្យ​ADB​សហការ​ជាមួយ​ក្រុមការងារ​រប​ស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម និង​អគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ធ្វើ​ការងារ​លើ​វិស័យ​ទាំងនោះ​ស្រាប់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការងារ​ស្រាវជ្រាវ​ការ​គាំពារ​សង្គម​នេះ​ដែល​នឹង​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៩​ដល់​២០២១​ខាងមុខនេះ​ប្រព្រឹត្តិ​ទៅ​ភាព​រលូន​និង​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​។

លោកស្រី Sri Werning Handayni បាន​មានប្រសាសន៍ថា​ការសិក្សា​ស្រាវជ្រាវ​នេះ​ធ្វើឡើង​តាមរយៈ​គម្រោង​មូ ល​និ​ធិ​អភិវឌ្ឍ​កិច្ច​គាំពារ​សង្គម​នេះ ដែល​ADB បាន​នឹង​កំពុង​អនុវត្ត​នៅតាម​បណ្តា​ប្រទេស​ចំនួន​៦ ក្នុង​នោះ​មាន​បី​ប្រទេស​បាន​សិក្សា​រួចហើយ​រួមមាន​ឥណ្ឌូ​ណេ​ស៊ី មី​យ៉ាន់​ម៉ា​និង​ទី​ម័​រលេស​រីឯ​ប្រទេស​បី​ទៀត​រួមមាន​កម្ពុជា អា​ហ្ស៊ែ​បៃ​ហ្ស​ង់​និង​អុ​បេ​គី​ស្ថាន​នៅ​មិនទាន់បាន​ស្រាវជ្រាវ​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ថា ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ដែល​បាន​អនុវត្ត​របប​គ្រោះថ្នាក់​ការងារ​នៅ​ឆ្នាំ​២០០៨​និង របប​ថែទាំ​សុខភាព​នៅ​ឆ្នាំ​២០១៦​ ហើយ​គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​របប​សោធន​និវត្តន៍​នៅ​ចុងឆ្នាំ​២០១៩​ខាងមុខនេះ​ដែល​បាន​ជួយ​លើកកម្ពស់​ដល់​សុខុមាលភាព​និង​ជីវភាព​រស់នៅ​របស់​កម្មករ​និយោជិត​បានកា​ន់​តែ​ប្រសើរ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114