ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ស៊ុន ចាន់ថុល ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ ៩៩​រូប នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ

ព្រះវិហារ ៖ កាលពី​ថ្ងៃ​អង្គារ ០៧​រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង ដឹកជញ្ជូន បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ និង​មន្ត្រីរាជការ​មកពី​មន្ទីរ​សរុប​ប្រមាណ ៩៩​នាក់​។

ថ្លែង​ទៅកាន់​អង្គពិធី​ទាំងមូល លោក​ទេសរដ្ឋមន្ត្រី បាន​ក្រើនរំលឹក​មន្ត្រី​ដែលជា​អ្នកផ្តល់​សេវា​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​កែលម្អ​ការ​ផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស ទាន់​ពេល​វេលា ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ខិតខំ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់ដឹង​ជា​សាធារណៈ និង​បញ្ជ្រាប​ការ​យល់ដឹង​ច្បាប់ និង​បទដ្ឋាន​នានា ដើម្បី​លុបបំបាត់​ការ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ការកែច្នៃ​រថយន្ត ខុស​លក្ខណៈ​បច្ចេកទេស​។

តាម​សំណើ​របស់​មន្ទីរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អនុញ្ញាត​ឲ្យ​លោក សេង ឈួន ពិនិត្យ​លទ្ធភាព សាងសង់​ស្ថានីយ ថ្លឹង​រថយន្ត ដឹកទំនិញ ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​ដឹកជញ្ជូន លើស​ទម្ងន់ ដែល​នាំ​ឲ្យ​ខូចខាត​ផ្លូវ និង បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ខេត្ត​មួយ​នេះ​។

លើស​ពី​នេះទៅ​ទៀត លោក​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ ទាំងអស់ ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក បណ្ដុះបណ្ដាល ពង្រឹង​ការអនុវត្ត​ច្បាប់ យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព ការអប់រំ​តាម​សាលារៀន ការ​បំពាក់​ផ្លាកសញ្ញា ភ្លើង​សញ្ញា គំនូស​សញ្ញា​ចរាចរណ៍ និង​ចំណាំង​ផ្លាត​ជាដើម និង​ជួសជុល​ផ្លូវ​ត្រង់ចំណុច​គ្រោះថ្នាក់ Black Spots ឱ្យបាន​ទាន់ពេលវេលា ដើម្បី កាត់បន្ថយ​គ្រោះ​ចរាចរណ៍។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់​ចូលរួម​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដើម្បី​រាយការណ៍​ពី​ជង្ហុក​សំបុក​មាន់ និង​ត្រូវ​ខិតខំ​ប្រឹងប្រែង កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ និង​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ឆ្លៀត​នា​ឱកាស​នេះ​ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងអំណរគុណ និង​ការ​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ថ្នាក់ ដឹកនាំ​មន្ទីរ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​ប្រកបដោយ​ជោគជ័យ​កន្លងមក និង​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ពួកគាត់​ខិតខំ​ប្រឹងប្រែង ការងារ បន្តទៀត ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​យើង​ឲ្យ​បាន​ល្អ​៕
រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114