ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើ​បច្ចុប្បន្នភាព​ប្លង់​គោល​រាជធានី​ភ្នំពេញ​ឆ្នាំ​២០៣៥ ដើម្បី​ឈាន​ទៅ​ការអភិវឌ្ឍន៍​ទីក្រុង​ធានាបាន​ប្រសិទ្ធភាព

ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​បច្ចុប្បន្នភាព​ប្លង់គោល​រាជធានី​ភ្នំពេញ​ឆ្នាំ​២០៣៥​ឡើងវិញ ដើម្បី​ឈានទៅ​ការអភិវឌ្ឍន៍​ទីក្រុង​ធានាបាន​ប្រសិទ្ធភាព​ខ្ពស់​និង​ចំ​គោលដៅ​ទៅ​អនាគត​។

ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ប្លង់​គោល​២០៣៥​និង​ពិគ្រោះ​យោបល់​លើ​ផែនការមេ​ដឹកជញ្ជូន​លម្អិត​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការពិនិត្យ​មើល​ការអនុវត្ត​ប្លង់គោល ២០៣៥​នៅ​រាជធានី​ភ្នំពេញ​នេះ​មាន​គោលដៅ​សំខាន់​ណាស់​ដើម្បី​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​បាន​ដឹង​ពី ស្ថានភាព​ជាក់ស្តែង​នៃ​ការអនុវត្ត​ប្លង់​មេនេះ កន្លង​មក​លើ​បញ្ហា​វិជ្ជមាន​និង​អវិជ្ជមាន​ដើម្បី​ផ្តល់​ជា​អនុសាសន៍​ឈានទៅ​សម្រេច​បាន​ជោគជ័យ​នៃ​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ឆ្នាំ​២០៣៥​ខាងមុខ​។

លោក​អភិបាល​បាន​អះអាង​ថា ការ​រួមគ្នា​ពិភាក្សា​លើ​ការ​គោលនយោបាយ​អនុវត្តន៍​ប្លង់​មេ នេះ​គឺ​ស្របតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​រយៈពេល​៥ ត្រូវ​ត្រួតពិនិត្យ​ស្ថានភាព​អភិវឌ្ឍន៍​នៃ​ប្លង់គោល​នៃ​ម្តង ដើម្បី​ធានា​កុំ​ឲ្យ​មាន​បញ្ហា​ប្រឈម​ណាមួយ​កើតឡើង​នាពេលខាងមុខ​។

លោក​បញ្ជាក់​ថា ៥​ឆ្នាំ​ម្តង​យើង​ត្រូវ​ប្រជុំ​បញ្ហា​នេះ ថា​តើ​ប្លង់​មេ​នេះ​ទទួល​បាន​ជោគជ័យ​កម្រិត​ណា ហើយ​មាន ផល​ប៉ះ​ពាល់​លើ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម អាច​ត្រូវ​កែ ​ឬ ​ត្រូវ​ដោះស្រាយ ការអនុវត្ត​នឹងមាន​ប្រសិទ្ធភាព ហើយ​មាន​ប្រយោជន៍​យ៉ាងម៉េច​ចំពោះ​ជាតិ​ចំពោះ​ប្រជាជន ដើម្បី​យើង​អនុវត្ត​បន្តទៀត ហើយ​ការ អនុវត្ត​ទីក្រុង​មួយ​បើ​គ្មាន​ប្លង់​មេ យើង​អនុវត្តន៍​មិនបាន​ល្អប្រសើរ​នោះទេ​។ ចំណុច​នេះហើយ​ដែល​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​ដល់​អ្នក​អនុវត្តន៍​ប្លង់​មេនេះ​ធ្វើ​បច្ចុប្បន្នភាព​រៀងរាល់ឆ្នាំ​៥​ម្តង​។

លោក​ស៊ិន បូណ៌មី នាយក​ទីចាត់ការ​រៀបចំ​ក្រុង​បាន​ឲ្យ​ដឹង​ថា ប្លង់​គោល​២០៣៥​នេះ​បាន​ជួយ​តម្រង់ទិស​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ប្រកបដោយ​ប្រសិទ្ធភាព​តាមរយៈ ការ​តម្រង់ទិស​ការ ប្រើប្រាស់​ដីធ្លី ការអភិវឌ្ឍ​ផ្លូវ​គមនាគមន៍ ប្រព័ន្ធ​ប្រឡាយ​មេ រោងចក្រ​សហគ្រាស និង​តំបន់​សាធារណៈ​ផ្សេងៗ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​។

លោក​បាន​បញ្ជាក់​ថា ជា​អនុសាសន៍​ក្រុមការងារ​ជំនាញ​នឹង​ប្រមូល​ទិន្នន័យ​ប្លង់​ប្រើប្រាស់​ដី​តាម​ខណ្ឌ​ដែល​មន្ទីរ​រៀបចំ​ដែន ដី​នគរូបនីយ៍កម្ម​និង​សំណង់​និង​សុរិយោដី​បាន​សិក្សា​និង​អនុម័ត​រួច ដើម្បី​ដាក់​បញ្ជាន់​ផ្ទៀងផ្ទាត់​ជា មួយ​ប្លង់​គោល​២០៣៥ និង​ប្លង់​មេ​ដឹកជញ្ជូន​សាធារណ​២០៣៥​ដើម្បី​ត្រៀម​ធ្វើ​បច្ចុប្បន្នភាព​នា​ឆ្នាំ​២០២០​ខាងមុខ​។

គួរ​បញ្ជាក់​ថា ប្លង់​គោល​រាជធានី​ភ្នំពេញ​២០៣៥ ត្រូវ​បាន​ចុះហត្ថលេខា អនុម័ត​យល់ព្រម​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី ២៣ ខែធ្នូ ឆ្នាំ ២០១៥ ដើម្បី​ធ្វើការ​រៀបចំ​ទីក្រុង​ឲ្យ​បានល្អ​ប្រសើរ ឆ្ពោះ​ទៅ​ដោះស្រាយ​បញ្ហា​ប្រឈម​នឹង​កំណើន​ប្រជាពលរដ្ឋ កំណើន​យានយន្ត និង​ការអភិវឌ្ឍ​កាន់តែច្រើន​នាពេលខាងមុខ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114