ព័ត៍មានទាន់​ហេតុការណ៏
Search

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ សមាជិក​អាវុធហត្ថ​ខណ្ឌចំការមន ដែលមាន​ជំងឺ

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ​នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ចុះ​សួរសុខទុក្ខ​លោក​វរសេនីយ៍ត្រី ញៀប សា​ផន មេបញ្ជាការរង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន ដែលមាន​ជំងឺ កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន ស្ថិត​ក្នុងភូមិ​១ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​នា​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​។

ក្នុង​ឱកាស​សួរសុខទុក្ខ​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​នាំ​យក​ថវិកា ចំនួន៤លាន​រៀល ទឹក​សុទ្ធ ៤កេស ទឹកដោះគោ​បឺត ៣កេស ទឹក​ផ្លែឈើ ១កេស និង ផ្លែឈើ​ស្រស់ ១កន្ត្រក ជូន​ដល់​អ្នក​ជំងឺ ជា​អំណោយ​សួរសុខទុក្ខ​និង​ជា​ការ​ចែករំលែក​សម្រាល​បន្ទុក​ក្នុងការ ព្យាបាល​ជំងឺ ព្រមទាំង​បាន​សំណេះសំណាល​ផ្តាំផ្ញើ​ឲ្យ​អ្នក​ជំងឺ ថែរក្សា​សុខភាព​ឲ្យ​បាន​ហ្មត់ចត់ និង​ជួប​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន ទៀងទាត់​ផងដែរ​។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា នេះ​ជា​សកម្មភាព​មនុស្សធម៌​បំផុត​ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​តែងតែ​ចុះ​សួរសុខទុក្ខ​ផ្ទាល់​និង​នាំយក​អំណោយ​ជូន​កូនចៅ​ខណៈ​ជួប​គ្រោះអាសន្ន​ឬ​មាន​ជំងឺ​នោះ​ដែល​ជា​ទឹកចិត្ត​សប្បុរស​នេះហើយ​ធ្វើ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​មាន​កម្លាំងកាយ​ចិត្ត​ប្រឹងប្រែង​អនុវត្តន៍​តាម​តួនាទី​ ដើម្បី​ការពារ​សុខទុក្ខ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​រៀងខ្លួន​មិន​គិត​នឿយហត់​ក្នុងនាម​ជា​អ្នកបម្រើ​រាស្ត្រ​ដោយស្មោះ​ត្រង់​៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114