ព័ត៍មានទាន់​ហេតុការណ៏
Search

បំពាក់​ឋានន្តរស័ក្តិ ជូន​ដល់​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចំនួន​១៣០​នាក់ ស្រី១២នាក់

សៀមរាប ​៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ​បានរៀបចំ​ពិធី​បំពាក់​ឋានន្តរស័ក្តិ ជូន​ដល់​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ចំនួន​១៣០​នាក់ ស្រី​១២​នាក់ ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ មាន​បណ្តា​អស់លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​រង នាយ នាយរង​ការិយាល័យ​ជំនាញ លោក​អធិការ អធិការរង និង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​អ្នក​ទៀតផង​ដែរ​។

​បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តូច សាកល ស្នងការ​រង​ទទួល​ផែន​គ្រប់គ្រង​ធនធានមនុស្ស បាន​អាន​សេចក្តីសម្រេច​បំពាក់​ឋានន្តរសក្ដិ ជូន​ដល់​មន្ត្រី​នគរបាល​រួចមក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ បាន​អញ្ជើញ​បំពាក់ស័ក្តិ​ជូន​ដល់​កម្លាំង​សរុប​ចំនួន​១៣០​នាក់ ស្រី​១២​នាក់ ក្នុង​នោះ​តួនាទី​សុទ្ធ​៣២​នាក់​,​ថ្នាក់​វរសេនីយ៍ទោ​១៤​វរសេនីយ៍ត្រី​២០​នាក់​,​អនុសេនីយ៍ឯក​១៣​នាក់​,​អនុសេនីយ៍ទោ​១៦​នាក់​,​អនុសេនីយ៍ត្រី​៣២​នាក់​,​ព្រិន្ទបាលឯក​២​នាក់​,​ព្រិ​ន្ទ​បាក​ទោ​២​នាក់​។

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​មានប្រសាសន៍ថា​ ដោយ​ការ​គិតគូរ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ចំពោះ​កម្លាំង​យើង​ទាំងអស់​ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង ក្នុង​កិច្ចការពារ​រក្សា​សន្តិសុខ សុវត្ថិភាព​បាន​យ៉ាង​ល្អប្រសើរ ជូន​ប្រជាពលរដ្ឋ ថ្ងៃនេះ​យើង​ទាំងអស់គ្នា​បានទទួល​នូវ​ការ​បំពាក់​ឋានន្តរសក្ដិ តែ​ទន្ទឹម​នឹង​នេះ សូម​ឲ្យ​កងកម្លាំង​នគរបាល​ទាំងអស់ ដែល​មានមុខ​នា​ពេល​នេះ ធ្វើយ៉ាងណា​កំណែ​ទំរង់ ពង្រឹង​កងកម្លាំង​នគរបាល​យើង ក្នុង​ការងារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ទ្វេ​ឡើង​ថែមទៀត​។ ពិសេស​ការងារ​បម្រើ​សេវា​សា​ធា​រណៈ​ជូន​ប្រជាពលរដ្ឋ និង​ឲ្យ​ពួកគាត់​មាន​ទំនុក​ទុកចិត្ត​មក​លើ​កងកម្លាំង​នគរបាល​របស់​យើង ដែល​ជា​អ្នកអនុវត្ត​ច្បាប់ និង​ចំពោះ​មុខ​ត្រូវ​បន្ត​បង្កើន​ការ​យកចិត្តទុកដាក់ ក្នុង​កិច្ច​សហប្រតិបត្តិការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង​ឲ្យ​បាន​គ្រប់ៗ​គ្នា​ត្រូវ​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ជំរុញ​ចលនា​ប្រជា​ការពារ​ភូមិ ឃុំ និង​សូម​ឲ្យ​អនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ​ស្តីពី​គោលការណ៍​វាយ​តម្លៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ក្នុង​គោលបំណង​ពង្រឹង​ការងារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​សហគមន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ឆ្លើយតប​ទៅ​នឹង​តួនាទី​ភារកិច្ច ដែល​បាន​កំណត់​ត្រូវ​មាន​សាមគ្គីភាព​ឯកភាព និង​សហការ​គ្នា​ល្អ សំដៅ​ធានា​បាន​នូវ​សុវត្ថិភាព​ផ្លូវកាយ និង​ផ្លូវចិត្ត និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត រួមចំណែក​អនុវត្តន៍​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ របស់​នគរបាលជាតិ​ឲ្យ​ទទួលបាន​ជោគជ័យ​។

ក្នុងនោះដែរ​លោកស្នងកា​រ​បាន​សង្កត់ធ្ងន់​ចំនួន​៣​ចំណុច​ធំៗ​គឺ ត្រូវ​ប្រឹងប្រែង​បង្ក្រាប​ករណី​គ្រឿងញៀន​,​បង្ក្រាប​ក្រុមចោរឆក់ និង​ទី​៣ ត្រូវ​អនុវត្តន៍​ការងារ​រឹតបន្តឹង​ច្បាប់​ចរាចរ​ឲ្យ​បាន​តឹងតែង​ថែមទៀត ដើម្បី​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114