ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​ចុះ​ពិនិត្យ​ដំណាំ​ស្រូវ​​​ទាំង​៩​ក្រុង/​ស្រុក​ នៅ​ខេត្ត​បន្ទាយមានជ័យ

បន្ទាយមានជ័យ​ ៖ ​កាលពី​ព្រឹក ថ្ងៃ​ទី​២៣ ខៃ​កក្កដា ឆ្នាំ​២០១៩ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ស្រូវ​ប្រជាកសិករ ​ដែល​ជួប​គ្រោះរាំងស្ងួត​នៅ​ខេត្ត​បន្ទាយមានជ័យ។

ក្នុង​ការ​ចុះ​ពិនិត្យ​នោះ ​លោក​​រដ្ឋមន្ត្រី ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ដំណាំ​ស្រូវប្រាំង ​ដើម​រដូវ​វស្សា ​ឬ​ស្រូវ​ស្រាល ស្រូវ​បង្កើន​រដូវ ​និង​ស្រូវវស្សា​របស់​ប្រជាកសិករ​នៅ​ឃុំ​ទាំង​៦៥​ នៃ​ស្រុក​/ក្រុង​៩​របស់​ខេត្ត​បន្ទាយមានជ័យ នៅ​កន្លែង​ខ្លះ ​បាន​ទទួល​ទឹកភ្លៀង​ឡើងវិញ តែ​កន្លែង​ខ្លះ​ បន្ត​រងគ្រោះ​ដោយ​គ្រោះ​រាំងស្ងួត​ដដែល។ ជាមួយ​គ្នា​នោះ លោក​បាន​ធ្វើ​ការ​វាយតម្លៃ​ស្ថានភាព​អាកាសធាតុ ក៏ដូចជា​រក​វិធី​ដោះស្រាយ​បញ្ហា​ស្រូវ​ប្រជាកសិករ​ ដែល​បាន​និង​កំពុង​ខ្វះ​ទឹក ហើយ​ជួប​គ្រោះ​រាំងស្ងួត​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់ និង​ឈាន​ទៅ​ខូចខាត​។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ បាន​មាន​ប្រសាសន៍ថា ​ទោះ​យ៉ាងណា ​ដំណាំ​ស្រូវ​មួយ​ចំនួន​ ​​​​ ដែល​​បាន​រង​ផល​ប៉ះពាល់​ពី​គ្រោះ​រាំងស្ងួត​ និង​ឈាន​ទៅ​ខូចខាត​នោះ ​​បាន​ប្រែជា​​​ល្អ​ខ្លះ​ឡើងវិញ​ហើយ​ ​ព្រោះ​រយៈពេល​៣​ថ្ងៃនេះ នៅ​ភូមិសាស្ត្រ​មួយ​ចំនួន​ បាន​ទទួល​ទឹក​ភ្លៀង​ធ្លាក់​​​បង្គួរ​​​ឡើងវិញ ​មួយវិញទៀត​ក៏​មាន​ការ​អន្តរាគមន៍​របស់​អាជ្ញាធរ​ខេត្ត និង​មន្ទីរជំនាញ​ធនធានទឹក​ខេត្ត​បូម​ទឹក​ស្រោចស្រព​បាន​នៅ​ចំណុច​ខ្លះ​ផង​ដែរ។

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ វាលស្រែ​ដែល​ត្រូវបាន​បូមទឹក​ស្ទឹង​ទៅ​សង្គ្រោះ​ទាំងនោះ​ដូចជា​ នៅ​ស្រុក​មង្គល​បូរី នៅ​ក្រុង​សិរីសោភ័ណ ប៉ុន្តែ​នៅ​ចំណុច​វាលស្រែ​ខ្លះ​នា​ស្រុក​អូរជ្រៅ ស្រុក​ព្រះនេត្រព្រះ ក្រុង​ប៉ោយប៉ែត ស្រុក​ម៉ាឡៃ ស្រុក​ថ្មពួក ដែល​គ្មាន​ប្រភពទឹក​ មិនអាច​ជួយសង្គ្រោះ​នៅឡើយ។ លើកលែង​តែ​មាន​ភ្លៀង​ធ្លាក់​បង្គួរ​ និង​ច្រើន​នៅ​ត្រង់​ណា​​ ត្រង់នោះ​ល្អ​ឡើងវិញ​។ ​យោងតាម​សម្តី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏​ដូច​អភិបាលខេត្ត​បាន​ចុះ​ទៅពិនិត្យ​ស្ថានភាព​ដំណាំ​ស្រូវ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​នៅ​ឃុំ​ឈ្នួ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ ឃើញ​ថា ដំណាំ​ស្រូវ​ក្រៀម​ស្វិត ងាប់​ប្រែ​ពណ៌ ​ទៅជា​ដូច​ភ្លើង​ឆេះ​នោះ គេ​អាច​វាយ​តម្លៃ​ថា រយៈពេល​៧​ថ្ងៃ​ទៀត បើ​មិន​ពុំមាន​ភ្លៀង​ចំ​វាលស្រែ​ទាំង​នោះទេ ស្រូវ​នឹង​ងាប់​អស់ទាំង​ស្រុង។

លោក​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ផ្ទៃដី​ស្រូវ​ឡើង​ទឹក ធ្ងន់ កណ្ដាល ស្រាល ដើម​រដូវ​ប្រមាណ​១៧.៨៤៧​ហិក​តា ​រង​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត ពោលគឺ​លើ​ផ្ទៃដី​អនុវត្ត​បាន​២៣៤.៨៧៦​ហិក​តា​នៅ​ស្រុក/ក្រុង​ទាំង​៩​នេះ​៕

ដោយ ៖ ​គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114