ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​ព្រមាន​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មី​ថា ខ្លួន​នឹង​ការពារ​ដែនសមុទ្រ​ពែ​ក្ស

ប្រទេស​អ៊ីរ៉ង់​បាន​ព្រមាន​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មី​លោក Boris Johnson កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​ការពារ​ដែនទឹក​ក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​ដែល​សម្បូរ​ប្រេង​។ ការព្រមាន​បែបនេះ​បាន​កើតឡើង​ចំពេល​ប្រទេស​ទាំងពីរ​កំពុង​ប្រឈមមុខ​ដាក់គ្នា​ពាក់ព័ន្ធ​ការ​រឹបអូស​នាវា​ដឹក​ប្រេង​។​

​ស្របពេល​ប្រឈម​នឹង​ការកើនឡើង​នៃ​អរិភាព​ជាមួយ​សហរដ្ឋ​អាមេរិក ឆ្មាំ​បដិវត្ត​ឥស្លាម​របស់​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សុក្រ​បាន​បង្ខាំង​នាវា​ដឹក​ប្រេង​មួយគ្រឿង​ដែល​កំពុងធ្វើដំណើរ​ក្រោម​ទង់ជាតិ​អង់គ្លេស​។​

​ការ​រឹបអូស​នាវា Stena Impero ត្រូវបាន​គេ​មើលឃើញថា​ជាការ​សងសឹក​បន្ទាប់ពី​អាជ្ញាធរ​ចក្រភព​អង់គ្លេស​ឃាត់​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​កាលពី​ថ្ងៃទី​៤​ខែកក្កដា​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ដោយ​សង្ស័យថា វា​កំពុង​ដឹក​ប្រេង​ទៅកាន់​ប្រទេស​ស៊ី​រី​ដោយ​រំលោភ​លើ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​បង្ហោះ Twitter បន្ទាប់ពី​លោក Johnson ផ្តួល​គូប្រជែង​របស់ខ្លួន​ដែលជា​រដ្ឋមន្ត្រីការបរទេស​ឈ្មោះ Jeremy Hunt នៅក្នុង​ការបោះឆ្នោត​ដោយ​សមាជិក​គណបក្ស​ថា “​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​អតីត​សម​ភាគី​របស់ខ្ញុំ​គឺ​លោក Boris Johnson ដែល​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​”​។

​លោក​បន្តថា “​អ៊ីរ៉ង់​មិន​ស្វែងរក​ការប្រឈមមុខគ្នា​ទេ​ប៉ុន្តែ​យើង​មាន​ឆ្នេរសមុទ្រ​ពែ​ក្ស​ប្រវែង​១,៥០០​គីឡូម៉ែត្រ​។ ទាំងនេះ​គឺជា​ដែនទឹក​របស់​យើង​ហើយ​យើង​នឹង​ការពារ​ពួកគេ​”​។​

​អ៊ីរ៉ង់​បាន​បង្ខាំង​នាវា Stena Impero នៅ​កំពង់ផែ Bandar Abbas របស់ខ្លួន​ដោយ​ចោទថា បាន​រំលោភច្បាប់​សមុទ្រ​អន្តរជាតិ​។​

​លោក Hassan Rouhani បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា “​នៅក្នុង​ប្រវត្តិសាស្ត្រ អ៊ីរ៉ង់​គឺជា​និង​ត្រូវ​ក្លាយជា​អ្នកការពារ​ដ៏​សំខាន់​នៃ​សន្តិសុខ​និង​ការធ្វើ​នាវាចរណ៍​ដោយ​សេរី​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​”​។

​លោក​បាន​បន្ថែមថា ទីក្រុង​តេ​អេ​រ៉ង់​មិនមែន​ស្វែងរក​ការបង្កើន​ភាព​តានតឹង​ទេ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114