ព័ត៍មានទាន់​ហេតុការណ៏
Search

នាវាចម្បាំង​អាមេរិក ​ធ្វើដំណើរ​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់

យោធា​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​បញ្ជូន​នាវាចម្បាំង​មួយ​គ្រឿង​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​ពុះ​ចែក​កោះ​តៃវ៉ាន់​ពី​ប្រទេស​ចិន​ដែល​នេះ​ជា​ទង្វើ​មួយ​ទំនងជា​ធ្វើ​ឲ្យ​ប្រទេស​ចិន​ខឹងសម្បា​អំឡុង​ពេល​មាន​ទំនាក់ទំនង​តានតឹង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង។

​បញ្ហា​កោះ​តៃវ៉ាន់​គឺ​ស្ថិត​ក្នុងចំណោម​ចំណុចក្តៅ​ជាច្រើន​ក្នុង​ទំនាក់ទំនង​អាមេរិក​-​ចិន​ដែល​រួមមាន​ទាំង​សង្គ្រាម​ពាណិជ្ជកម្ម ការដាក់ទណ្ឌកម្ម​រប​ស់​សហរដ្ឋអាមេរិក​និង​ការបង្ហាញ​សាច់ដុំ​យោធា​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​ដែល​នៅ​ទីនោះ​សហរដ្ឋអាមេរិក​ក៏​អនុវត្តន៍ សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ដូចគ្នា​។​

​ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ​បាន​ព្រមាន​ថា ខ្លួន​ត្រៀម​រួចជាស្រេច​សម្រាប់​សង្គ្រាម​ប្រសិនបើ​មាន​សកម្មភាព​ណាមួយ​ចំពោះ​ឯករាជ្យភាព​របស់​តៃវ៉ាន់​ដោយ​ចិន​បាន​ចោទ​អាមេរិក​ថា​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​សកលលោក​និង​ថ្កោលទោស​ការលក់​អាវុធ​របស់ខ្លួន​ទៅ​ឲ្យ​កោះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​មួយ​នេះ​។​

​នាវាចម្បាំង​ដែល​ត្រូវបាន​បញ្ជូនទៅ​កាន់​ច្រក​សមុទ្រ​តៃវ៉ាន់​ចម្ងាយ​១៨០​គីឡូម៉ែត្រ​មួយគ្រឿង​នេះ​ត្រូវបាន​គេ​កំណត់ថា​ជា​នាវាចម្បាំង​ឈ្មោះ Antietam ។​

​មេបញ្ជាការ Clay Doss ដែលជា​អ្នកនាំពាក្យ​កង​នាវាចរណ៍​ទី​៧​របស់​កងទ័ពជើងទឹក​អាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការធ្វើដំណើរ​របស់​នា​វា​នេះ​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូចិន​ដែលមាន​ភាពសេរី​និង​បើកចំហ​”​។ លោក​បាន​បន្ថែមថា “​កងទ័ពជើងទឹក​អាមេរិក​នឹង​បន្ត​ហោះហើរ ធ្វើ​នាវាចរណ៍​និង​ធ្វើ​ប្រតិបត្តិការ​នៅ​គ្រប់​ទីកន្លែង​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​”​។​

​ការធ្វើដំណើរ​នេះ​អាច​បង្កើន​ភាព​តានតឹង​បន្ថែមទៀត​ជាមួយ​ប្រទេស​ចិន​ប៉ុន្តែ​ទំនងជា​ត្រូវបាន​មើលឃើញ​ដោយ​កោះ​តៃវ៉ាន់​ថា​ជាស​ញ្ញា​មួយ​នៃ​ការគាំទ្រ​ពី​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​អាមេរិក Donald Trump ចំ​មានការ​ប៉ះទង្គិច​គ្នា​កាន់តែខ្លាំង​ឡើង​រវាង​ទីក្រុង​តៃប៉ិ​និង​ប៉េកាំង​។​

​ប្រទេស​ចិន​បាន​បង្កើន​សម្ពាធ​ដើម្បី​អះអាង​អំពី​អធិបតេយ្យភាព​របស់ខ្លួន​លើ​កោះ​នេះ​ដែល​ខ្លួន​ចាត់ទុកថា​ជា​ខេត្ត​រឹង​ចចេស​មួយ​ក្នុង​គោលការណ៍ “​ចិន​តែមួយ​” និង​ជា​ទឹកដី​ដ៏​ពិសិដ្ឋ​របស់​ចិន​៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114