ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ស្នើ​ឲ្យ​អង្គការ IFAD ផ្តល់​បទពិសោធន៍ និង​ការស្រាវជ្រាវ​ដែលមាន​ដល់​កម្ពុជា​លើ​វិស័យ​កសិកម្ម

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​អង្គការ IFAD ជួយ​ចែករំលែក​នូវ​បទពិសោធន៍​ ដែល​មាន​និង​ការស្រាវជ្រាវ​ដែល​មាន​ដល់​កម្ពុជា​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ពិសេស​ការផលិត​ស្រូវ​ដែល​មាន​តម្លៃ​ដើម​ថោក និង ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ស្នើសុំ​បែបនេះ​នៅ​ក្នុង​ពេល​អនុញ្ញាត​ឲ្យ​លោក Gilbert F.Houngbo ប្រធាន​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (International Fund for Agricultural Development-IFAD)​ ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​នា​ព្រឹក​ ថ្ងៃ​ទី២៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព​។

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា លោក Gilbert Houngbo បាន​មានប្រសាសន៍ថា ​លោក​បាន​មក​កម្ពុជា​ប៉ុន្មាន​ឆ្នាំមុន ​ប៉ុន្តែ​នៅ​ពេល​ដែល​លោក​បាន​មកដល់​កម្ពុជា​នៅ​ពេល​នេះ​លោក​ឃើញ​ថា ​កម្ពុជា​មានការ​ប្រែ​មុខ​ប្រែ​មាត់​យ៉ាង​ខ្លាំង​មាន​ការអភិវឌ្ឍ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​លោក​មាន​ចំណាប់អារម្មណ៍​ និង ​គោរព​នូវ​វីរភាព​ដឹកនាំ​របស់​សម្ដេច​យ៉ាង​ខ្លាំង​ជាទីបំផុត​។ ក្នុង​ឱកាស​នេះ​ដែរ ​លោក​បាន​គោរព​ស្នើសុំ​សម្ដេច​តេ​ជោ​ស្វែងយល់​អំពី​ស្ថានភាព​កសិកម្ម​នៅ​កម្ពុជា​ ព្រោះ​ស្អែក​នេះ​ លោក​នឹង​ទៅកាន់​ខេត្តកណ្ដាល​ដើម្បី​ពិនិត្យមើល​ស្ថានភាព​កសិកម្ម​នៅ ទីនោះ។

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា អង្គការ IFAD គឺជា​ដៃគូ​ដ៏​ល្អ​ដែល​ធ្លាប់​ជា​រៀង​ដរាប​មក​ធ្វើការ​រួមគ្នា​ជាពិសេស​លើ​វិស័យ​កសិកម្ម។ ចំពោះ​កម្ពុជា​វិស័យ​កសិកម្ម​ គឺ​មាន​ការ​ព្រួយបារម្ភ​ទៅលើ​ទី​១.​ផលិតកម្ម​,​ទី​២. គឺ​ការនាំចេញ​គឺ​សំដៅ​ដល់​ទី​ផ្សារ​តែម្ដង​។ ពាក់ព័ន្ធ​នឹង​ការនាំចេញ កាលដើមឡើយ​នៅ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​នយោបាយ​នាំ​អង្ករ​ចេញ ១ លាន​តោន​ ប៉ុន្តែ​គោលនយោបាយ​នេះ​មិនបាន​ទទួលជោគជ័យ​ទេ​គឺ​ជោគជ័យ​តែ​៥០​ភាគ រយ​ប៉ុណ្ណោះ , នោះ​គឺ​ការផលិត​ស្រូវ​គឺ​មាន​ការ​កើន​ឡើង​តាម​គោលដៅ​មែន​ប៉ុន្តែ​ការនាំចេញ​ គឺ​ពុំ​ទាន់​បាន​ទទួល​ជោគជ័យ​នៅឡើយ​ក្នុង​ន័យ​នេះ​កត្តា​មិន ជោគជ័យ​គឺ​មូលហេតុ​មកពី​ទី​១.​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​គឺ​ផលិត​ស្រូវ​អង្ករ​ដើម្បី​នាំចេញ​ដូចគ្នា​,​ទី​២.​តម្លៃ​ដើម​ផលិត​អង្ករ​កម្ពុជា​នៅ​មាន​តម្លៃ​ខ្ពស់​នៅឡើយ ក្នុង​ន័យ​នេះ​សម្តេច​ក៏បាន​ស្នើសុំ​ឲ្យ​អង្គការ IFAD ជួយ​ពិនិត្យមើល​ចែករំលែក​នូវ​បទពិសោធន៍​ដែលមាន និង ការស្រាវជ្រាវ​ដែល​មាន​ដើម្បី ចែករំលែក​ដល់​កម្ពុជា​។ ការ​បារម្ភ​ដទៃ​ទៀត​រួមមាន​ការ​កើន​ឡើង​ប្រជាជន​កម្ពុជា​ដែល​តម្រូវការ​ទំហំ​ដី​សម្រាប់​ធ្វើ​កសិកម្ម​មាន​កាន់តែ​ច្រើន​ឡើង​។ ក្នុងន័យនេះ​សម្តេច​បាន​ជម្រាប​ជូន​គណៈប្រតិភូ​ថា​ កម្ពុជា​កំពុងតែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាកសិករ​ធ្វើ​ការ​ដាំ​ដុះ​នៅ​លើ​ទីតាំង​ដី​ដែល​សមស្រប​នឹង​ដំណាំ​កសិកម្ម ដែល​អាច​ទទួលបាន​ផល​ច្រើន​និង​ជំរុញ​ការអនុវត្ត​ប្រពលវប្បកម្ម​,​ជំរុញ​ការ​ដាំដុះ​ដើម្បី​ឲ្យ​បាន​ទទួល​ផល​ច្រើន​នៅ​លើ​ផ្ទៃដី​ដែល​មាន​ស្រាប់​ដោយ​ពុំ​ចាំ បាច់​ធ្វើការ​ពង្រីក​ផ្ទៃដី​។ សម្ដេច​ក៏បាន​ជម្រាប​ជូន​ប្រតិភូ​ដែរ​អំពី​កង្វល់​របស់​កម្ពុជា​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ដែល​តម្រូវ​ឲ្យ​មានការ​សិក្សា​ស្រាវ ជ្រាវ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មានពូជ​ដែល​អាច​បន្សាំ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​។

ពាក់ព័ន្ធ​នឹង​កំណើន​សេដ្ឋកិច្ច​របស់​ក​ម្ពុ​ជាស​ម្ដេច​បាន​ជម្រាប​ជូន​ប្រតិភូ​ថា​កម្ពុជា​បាន​ដាក់​ចេញ​នូវ​អាទិភាព​៤ កាលពី​ឆ្នាំ​១៩៨៥ មក​ម្ល៉េះ​នោះ​គឺ​មាន ទឹក ផ្លូវ ភ្លើង​និង​ធនធានមនុស្ស ប៉ុន្តែ​នៅ​ពេល​នេះ​អាទិភាព​នេះ​ក៏បាន​ប្រែប្រួល​ទៅជា មនុស្ស ទឹក ផ្លូវ ភ្លើង វិញ ,​ហើយ​ការប្រែប្រួល​នេះ​ទៀត​គឺ​បន្ទាប់ពី​មាន ការវិវត្តន៍​ជាច្រើន​កន្លងមក​ជាពិសេស​ការ​តភ្ជាប់​ពី​តំបន់​១​ទៅ​តំបន់​១​នៃ​តំបន់​ជនបទ​កម្ពុជា​,​ក្នុង​ន័យ​នេះឯង​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋ កិច្ច​ដល់​ប្រមាណ​៧​ភាគរយ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ នោះ​គឺ​ដោយសារ​ការ​តភ្ជាប់​និង​ដោយសារ​ការបែងចែក​ផល​សេដ្ឋកិច្ច​ទៅដល់​ជនបទ​គ្រប់ កន្លែង​ទាំងអស់​ស្មើ​ៗ​គ្នា​នេះឯង​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114