ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ដំណើរ​ចៅស្រី​ត្រឡប់​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​វិញ

ភ្នំពេញ ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០១៩ នេះ​បាន​ឆ្លៀតពេល​ជូន​ដំណើរ​ចៅស្រី​ច្បង​របស់​សម្តេច ត្រឡប់​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​វិញ។

ការ​ជូន​ដំណើរ​ចៅស្រី​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​នេះ​ប្រហែលជា​លើក​ទី​១ ហើយ​សម្រាប់​សម្តេច​ក្នុងឋានៈ​ជា​ជីតា ដែល​បាន​បង្ហាញ​ពី​ក្តី​ស្រឡាញ់​និង​ផ្តល់នូវ​ភាពកក់ក្តៅ​សម្រាប់​ចៅស្រី។

នៅ​លើ​ហ្វេ​ស​ប៊ុក​ផ្លូវការ​របស់​សម្តេច​នា​ល្ងាច​ថ្ងៃទី២៦ ខែកក្កដា​នេះ ​គេ​ឃើញ​សម្តេច​បណ្តើរ​ចៅប្រុស ស្រី ចំនួន​៥​នាក់ ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ ដើម្បី​ជូន​ដំណើរ​ចៅស្រី​ច្បង​របស់​សម្តេច​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស​វិញ​បន្ទាប់ពី​ចៅស្រី​ច្បង​របស់​សម្តេច​បាន​សំរាក​វិស្សមកាល​នៅ​ក្នុង​មាតុ ប្រទេស​អស់​រយៈពេល​មួយរយៈ​ខ្លី។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ​ការ​ជូន​ដំណើរ​ដោយ​ផ្ទាល់​នេះ​ ដោយសារតែ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែលជា​ជីដូន​និង​លោកស្រី ហ៊ុន ម៉ា​ណា​ត្រូវជា​ម្តាយ​បង្កើត​ជាប់រវល់​ការងារ​ទើប​សម្តេច​ជា​ជីតា​មក​ជូន​ដំណើរ​ចៅ​ដោយ​ផ្ទាល់ ដើម្បី​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​និង​ផ្តល់​ភាព​កក់ក្តៅ​សម្រាប់​ចៅស្រី​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​ល្ងាច​នេះ​ខ្ញុំ​បាន​ជូន​ចៅស្រី​របស់ខ្ញុំ​ត្រឡប់​ទៅ​រៀន​វិញ​បន្ទាប់ពី​នាង​បានមក​សម្រាក​មួយ​រយៈ​នៃ​វិស្សមកាល។ ដោយសារ​ភរិយា​ខ្ញុំ​ជា​ជីដូន​និង​កូនស្រី​ខ្ញុំ​ជា​ម្តាយ​ជាប់​ការងារ​មិនអាច​ជូន​ដំណើរ​បាន​តម្រូវ​ឲ្យ​ខ្ញុំ​ជា​ជីតា​ឆ្លៀតពេល​ជូន​ដំណើរ​ចៅ​ដើម្បី​ជៀសវាង អារម្មណ៍​ឯកោ​របស់​ចៅស្រី។ កាល​ពេលមុន​ខ្ញុំ​និង​ភរិយា​រួម​នឹង​ឪពុក​ខ្ញុំ​ផង​ធ្លាប់​ជូន​ដំណើរ​កូនៗ​ខ្ញុំ​ពេល​ពួកគេ​ចេញទៅ​រៀន​នៅ​បរទេស។ ពេលនេះ​ដល់ ពេល​ត្រូវ​ជូន​ដំណើរ​ចៅ​ម្តង​ដែល​ខ្ញុំ​ចាត់ទុកជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​លើកទឹកចិត្ត​សម្រាប់​ការ​សិក្សា​របស់​ពួកគេ​។ និយាយ​ដល់​រឿងនេះ​ខ្ញុំ​នឹកឃើញ​ពេល​ដែល​ខ្ញុំ​នៅ​កុមារ​ឪពុកម្តាយ​ខ្ញុំ​បា​នប​រទេះគោ​រាប់​គីឡូម៉ែត្រ​មកកាន់​កំពង់ផែ​ដើម្បី​ជូន​ដំណើរ​ខ្ញុំ​ឡើង​កប៉ាល់ទឹក​មក​រៀន​នៅ​ភ្នំពេញ។ ទោះ​នូវ​នឹង​ខ្លួន​ខ្ញុំ​មាន លុយ​ត្រឹមតែ​១២​រៀល​និង​បាយ​ខ្ចប់​ស្លឹក​ចេក​មួយ​កញ្ចប់​ក្តី​តែ​ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ​ខ្លាំង​ណាស់​ដែល​បាន​ឪពុកម្តាយ​ជូន​ដំណើរ​ដែល​ខ្ញុំ​មើល​ពី​កប៉ាល់ ឃើញ​ពួកគាត់​ឈរ​មើល​មក​កប៉ាល់​រហូត​ផុតកន្ទុយភ្នែក​មើល​លែង​ឃើញ​។

កូនប្រុស​ច្បង​របស់ខ្ញុំ​រៀន​ចប់​ថ្នាក់បណ្ឌិត ឯ​ចៅស្រី​ច្បង​មួយ​នេះ ក៏បាន​សន្យា ជាមួយ​ខ្ញុំ​ថា​ចៅ​នឹង​យក​ថ្នាក់បណ្ឌិត​ឲ្យ​បាន។ ខ្ញុំ​សង្ឃឹមថា​ចៅ​មួយ​នេះ​ នឹង​ជោគជ័យ​ក្នុងការ​សិក្សា​របស់គេ​ដើម្បី​ជុំ​រុញ​ឲ្យ​ចៅ ១៩នាក់​ផ្សេងទៀត​យក​ជា គំរូ​តាម​»៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114