ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះករុណា​ព្រះមហាក្សត្រ​សព្វព្រះរាជហឫទ័យ យាង​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ជូន​ប្រជានុរាស្ត្រ ៤៣៨​គ្រួសារ នៅ​ខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ព្រះរាជហឫទ័យ​ទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​ប្រជានុរាស្ត្រ​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ស្ដេច​យាងចុះ​សំ​ណោះ​សំ​ណា​ល​សាកសួរ​សុខទុក្ខ​និង​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ជូន​ដល់​ប្រជាកសិករ​ក្រីក្រ​នៅ​ភូមិ​តា​នក ឃុំ​ភ​ក្កី ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ចំនួន ៤៣៨​គ្រួសារ និង​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ចំនួន ៣៧៩​នាក់ កាលពី​ព្រឹក​ថៃ្ង​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩​។

មាន​ព្រះរាជបន្ទូល​ទៅកាន់​បងប្អូន​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ​នា​ឱកាស​នោះ​ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​បាន​សម្ដែង​នូវ​ព្រះរាជហឫទ័យ​សប្បាយរីករាយ​ដោយបាន​ជួប​លោកតា លោកយាយ និង​ប្រជានុរាស្ត្រ​ជា​កូន ជា​ចៅ​របស់​ព្រះអង្គ ជាពិសេស​ព្រះអង្គ​បាន​ទត​និង​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​ប្រជារាស្ត្រ​ជា​កសិករ​ព្រមទាំង​មាន​ព្រះរាជបន្ទូល​ពាំនាំ​ព្រះរាជ​បណ្តាំ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ សម្តេចម៉ែ សម្តេច​យាយ ស​មេ្ត​ច​យាយទួត ជូន​ប្រជារាស្ត្រ​ជា​កូន ជា​ចៅ ចៅ​ទូត ចៅ​លូត​របស់​ព្រះអង្គ ដែល​ព្រះអង្គ​តែងតែ​យក​ព្រះរាជហឫទ័យ​ទុកដាក់​ពី​សុខទុក្ខ និង​ការលំបាក ក៏ដូចជា​ការរស់នៅរ​បស់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​គ្រប់ពេលវេលា​។

ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​មាន​ព្រះរាជបន្ទូល​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​នាំមក​នូវ​សុខ សន្តិភាព ស្ថិរភាព​នយោបាយ ព្រមទាំង​បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​។

ជា​មួយ​គ្នា​នេះ​ កាកបាទក្រហម​កម្ពុជា ​ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជា​ប្រធាន​តែងតែ​មាន​វិធានការ​បាន​ទាន់​ពេល​វេលា​ក្នុង​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​ដែល​បានធ្វើ​ឲ្យ​ព្រះរាជហឫទ័យ​របស់​ព្រះអង្គ​ផ្ទាល់​និង​ព្រះរាជហឫទ័យ​របស់​ស​ម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ​សម្តេចម៉ែ​មាន​ភាពកក់ក្តៅ​។

បន្ទាប់ពី​ព្រះរាជ​បន្ទូល​សំណេះសំណាល​រួចមក ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​ស្តេចយាង​ប្រោស​ព្រះរាជទាន​នូវ​ព្រះ​រាជអំណោយ​ដោយផ្ទាល់​ព្រះហស្ត​របស់​ព្រះអង្គ​ដល់​ប្រជារាស្ត្រ​ជា​កសិករ​ទាំង​៤៣៨​គ្រួសារ​ប្រកបដោយ​ទឹក​ព្រះទ័យ​សប្បាយរីករាយ​និង​អាណិត​ស្រឡាញ់​ជាទីបំផុត​។

ព្រះរាជ​អំណោយ​ដែល​ព្រះអង្គ​ប្រទាន​ដល់​ប្រជានុរាស្ត្រ​ទាំង ៤៣៨​គ្រួសារ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន អង្ករ ៥០​គីឡូក្រាម ឃី​ត ១​កញ្ចប់ (​មាន​មុង​១ ភួយ​១ សារុង​១ និង​ក្រមា​១) តង់​កៅស៊ូ​១​ផ្ទាំង មី ១​កេស ត្រីខ ១០​កំប៉ុង ស្បែកជើងផ្ទាត់​១​គូ អាវយឺត​មាន​ស្លាក​ព្រះរាជ​អំណោយ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ១ និង​ថវិកា ១០​ម៉ឺន​រៀល ។ ដោយឡែក​លោកគ្រូ អ្នកគ្រូ ចំនួន ៧​នាក់ ក៏​ទទួលបាន​ព្រះរាជ​អំណោយ​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន ឃី​ត ១​កញ្ចប់ (​មាន​មុង​១ ភួយ​១ សារុង​១ និង​ក្រមា​១) អាវយឺត​មាន​ស្លាក​ព្រះរាជ​អំណោយ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ១ និង ថវិកា ៥​ម៉ឺន​រៀល​។ ចំណែក​សិស្សានុសិស្ស​ចំនួន ៤៥០​នាក់​ទទួលបាន​អាហារសម្រន់​មួយពេល​ថវិកា​៥​ពាន់​រៀល​សម្លៀកបំពាក់​មួ​យស​ម្រា​ប់​អាវយឺត​មាន​ស្លាក​ព្រះ​រាជអំណោយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន ១ និង​សម្ភារៈ​សិក្សា​មួយចំនួន​៕
ណា​រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114