ព័ត៍មានទាន់​ហេតុការណ៏
Search

រាជធានី​ភ្នំពេញ មាន​ផ្ទៃក្រឡា​ជិត​៧០០​គីឡូម៉ែត្រ​ការ៉េ មាន​ប្រជាជន​ស្នាក់នៅ​ជាង​២​លាន​នាក់ ជា​មួយ​នឹង​កំណើន​យានយន្ត​ជាង​៣​លាន​គ្រឿង​

ភ្នំពេញ ​៖ រាជធានី​ភ្នំពេញ គឺជា​បណ្តុំ​ នៃ​មជ្ឈមណ្ឌល​នយោបាយ ពាណិជ្ជកម្ម ឧស្សាហកម្ម ដ៏​មាន​សារៈសំខាន់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​ភាព​អនុគ្រោះ​ដល់​ការ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ផ្តល់នូវ កាលានុវត្តនភាព​ដល់​ធុរជន​ទាំង​ក្នុង និង​ក្រៅប្រទេស មក​បណ្តាក់​ទុន​វិនិយោគ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា​ រាជធានី​ភ្នំពេញ​មាន​ផ្ទៃក្រឡា​សរុប​ចំនួន​៦៩២.៦៤ គីឡូ​ម៉ែត្រ​ការ៉េ ក្រោយពី​រាជរដ្ឋាភិបាល​បាន​កាត់ ឃុំ​ចំនួន​២០ ​ពី​ខេត្ត​កណ្តាល កាលពី​ចុងឆ្នាំ​២០១០ មក​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ដង់ស៊ីតេ​ប្រជាជន​២២១៦​នាក់ ​ក្នុង​មួយ​គីឡូ​ម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​ស្នាក់នៅ អចិន្ត្រៃយ៍​ចំនួន​១.៦​លាន​នាក់ និង​មិន​អចិន្ត្រៃយ៍​៨​សែន​នាក់​។ មាន​១៤​ខណ្ឌ , ១០៥​សង្កាត់ និង​៩៥៣​ភូមិ​។​

​លោក​សាំ ពិសិដ្ឋ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ​ថា គិត​មកដល់ពេលនេះ រាជធានី​ភ្នំពេញ​ មាន​រថយន្ត​ចំនួន​៤៨​ម៉ឺន​គ្រឿង ម៉ូតូ​ចំនួន​១​លាន​៦​សែន​៥​ម៉ឺន​គ្រឿង និង​មាន​ម៉ូតូ​កង់​បី​ចំនួន​៣​ម៉ឺន​២​ពាន់​គ្រឿង ដែល​បាន​និង​កំពុង​ធ្វើ​ចរាចរណ៍​នៅក្នុង​ក្រុង។ ​យានយន្ត​ទាំងនេះ​ជា​យានយន្ត​ដែល​បាន​ចុះបញ្ជី​ប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​វិញ បើតាម​ការបញ្ជាក់​ពី​មន្ត្រី​ នៃ​មន្ទីរ​ដែនដី នគរូបនីយកម្ម​ និង​សំណង់​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ភ្នំពេញ ពេលនេះ​មាន​អគារ​ខ្ពស់​ជាងគេ​ចំនួន​១៣​កន្លែង ដែលមាន​ដូចជា​ អគារ​វឌ្ឍនៈ នៅក្បែរ​សាលា​រាជធានី​ភ្នំពេញ​ អគារ​៤២​ជាន់​នៅ​ស្តុ​ប​ពេទ្យ​ចិន​ជាដើម​។​

​រាជធានី​ភ្នំពេញ​របស់​យើង​ក៏មាន​ស្ពាន​អាកាស ផ្លូវ​ក្រោម​ដី​ចំនួន​៦​កន្លែង គឺ ស្ពាន​អាកាស​ក្បាលថ្នល់​នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់​នេះ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៧​មករា ស្ថិតនៅ ស្តុ​ប ពេទ្យ​លោកសង្ឃ ស្ពាន​អាកាស​៥​មករា ស្ថិតនៅ​ស្ដុ​ប​តិច​ណូ ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ស្ពាន​អាកាស​ចោមចៅ​នៅ​រង្វង់​មូល​ចោមចៅ​ដែល​ស្ពាន​អាកាស​ស្ពាន​អាកាស​ចោមចៅ​បាន​នឹង​កំពុងបើក​ការដ្ឋាន​ស្ថាបនា​យ៉ាង​ញាប់ដៃ​ញាប់ជើង និង​ស្ពាន​អាកាស​ថ្មើរ​ជើង​ចំនួន​៤​កន្លែង​ផងដែរ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឬ​ជា​អាជ្ញាធរ​ដែនដី មាន​តួនាទី​-​ភារកិច្ច គ្រប់​គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ និង របៀបរៀបរយ​សង្គម (​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​)ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ឲ្យ​មាន​ភាព​ឆាប់រហ័ស តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​។​

​អភិបាល​រាជធានី​ មាន​តួនាទី​ជា​តំណាង​រាជរដ្ឋាភិបាល តំណាង​ក្រសួង​-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល ក្នុង​រាជធានី។ ក្នុងតួនាទី​ជា​តំណាង​រាជរដ្ឋាភិបាល តំណាង​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល អភិបាល រាជធានី ត្រូវ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ លើកកម្ពស់​ការយល់ដឹង​អំពី​ច្បាប់ និង​ ធានា​ឲ្យ​មាន​ការអនុវត្ត​ច្បាប់ ព្រមទាំង​ធានាឲ្យ​មាន​ការការពារ និង​គោរព​សិទ្ធិមនុស្ស​ចំពោះ​ប្រជាពលរដ្ឋ​។ អភិបាល​រាជធានី ធ្វើជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី ក្នុងការ​ដឹកនាំ សម្របសម្រួល​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា រដ្ឋបាល​ខណ្ឌ​-​សង្កាត់ ដើម្បី​ធានា​រក្សា​សន្តិសុខ សណ្តាប់​ធ្នាប់ និង​របៀបរៀបរយ​។ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ​មាន​ភារកិច្ច​រក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព សាធារណៈ ធនធាន​ព្រៃឈើ ជលផល តំបន់​ការពារ​ធម្មជាតិ ពោល​គឺ ​ត្រូវ​បង្ការ និង​បង្ក្រាប​នូវ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ រួមមាន បទល្មើស​លួច ឆក់ ប្លន់​គ្រប់​ប្រភេទ​។ ការប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន ការជួញដូរ​ស្ត្រី និង​កុមារ ការប្រើប្រាស់​អាវុធ​ខុសច្បាប់ ល្បែងស៊ីសង ការបំផ្លិចបំផ្លាញ​ព្រៃឈើ សម្បត្តិ​ធម្មជាតិ ឬ​ទ្រព្យសម្បត្តិ​សាធារណៈ ។​ល​។​

ក្នុងករណី​មាន​សកម្មភាព​អសន្តិសុខ​កើតឡើង គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​មាន​តួនាទី​ដឹកនាំ បញ្ជា​កងកម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​ឆ្លើយតប​ឲ្យ​ទាន់​ពេលវេលា​។ ក្នុងករណី​ចាំបាច់ គណៈបញ្ជាការ​ឯកភាព ​ត្រូវ​ប្រមូលផ្ដុំ​កម្លាំង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដើម្បី​ធ្វើ​អន្តរាគមន៍ ឬ​អាច​រាយការណ៍ ស្នើសុំ កិច្ចសហការ​ពី​ថ្នាក់ជាតិ​៕

ដោយ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114